ភូមា៖ លោក យូ ហាទីន ក្យូវ (U Htin Kyaw) ប្រធានាធិបតីថ្មីនៃប្រទេសភូមា (មីយ៉ាន់ម៉ា) ដែលទើបទទួលបានការយល់ព្រមពីសភាទាំង២ បានថ្លែងថាលោកគឺជាមេដឹកនាំសម្រាប់ជាតិទាំងមូល ហើយថាជ្រើសតាំងលោកឱ្យកាន់តំណែងកំពូលនេះគឺជា «ជោគជ័យសម្រាប់បងស្រី អ៊ុងសាន ស៊ូជី»។
លោកបានថ្លែងទៅ កាន់អ្នកសារព័ត៌មានថា៖ «ព្រោះតែឆន្ទៈដ៏ថ្លៃថ្លា និងក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំចំពោះប្រជាជន ទើបខ្ញុំបានក្លាយជាប្រធានាធិបតី»។
នៅក្នុងការបោះឆ្នោត កាលពីថ្ងៃម្សិលមិញ គឺទាំងសភាជាន់ទាប និងជាន់ខ្ពស់ បានបោះឆ្នោតគាំទ្រ លោក យូ ហាទីន ក្យូវ ក្នុងសំឡេង ៣៦០ សំឡេងនៃសមាជិកសរុប ចូលប្រជុំ ចំនួន ៦៥២ រូប។
លោក យូ ហាទីន ក្យូវ អាយុ ៦៩ ឆ្នាំ ដែលទទួលបានការគាំទ្រ កាន់តំណែងប្រធានាធិបតីភូមានៅពេលនេះ គឺជាការត្រួសត្រាយផ្លូវដ៏សំខាន់ ដើម្បីឆ្ពោះទៅរកការផ្ទេរអំណាច ជាប្រវត្តិសាស្ត្រ នៅថ្ងៃទី៣០ មីនា ខាងមុខនេះ។ ប៉ុន្តែលោក យូ ហាទីន ក្យូវ ទទួលបានតំណែងកំពូលនេះ ក៏ជាការបញ្ចប់ភាពមន្ទិលសង្ស័យណាដែលថា លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ នឹងទទួលបានតំណែងនេះ។
អ្វីដែលធ្វើឱ្យលោកស្រីខកខានដូចនេះ គឺដោយសាររដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ ដែលពួកយោធារៀបរៀង ហាម លោកស្រី ព្រោះលោកស្រីមានប្ដី និងកូន ជាមួយជនជាតិអង់គ្លេស។
តែជាមួយ គ្នានេះ ប្រធានាធិបតី ចាកចេញពីតំណែងដែលលើកបន្តុបដោយពួកយោធា លោក ថេន សេន ប្រកាសសាទរ លោក យូ ហាទីន ក្យូវ ដែលឡើងជំនួសរូបលោក។
អ្នកសង្កេតការណ៍ ពិនិត្យឃើញថា ប្រធានាធិបតីថ្មីជំនិតបំផុតរបស់លោក ស្រី អ៊ុងសាន ស៊ូជី នឹងធ្វើសេចក្ដីសម្រេចអ្វីក៏ដោយគឺ តាមរយៈការណែនាំ និងចង្អុល បង្ហាញរបស់លោកស្រី មេបក្សជាប់ឆ្នោតរូបនេះ។
តាមព័ត៌មាន របស់បណ្ដាញផ្សាយព័ត៌មាន Channel News Asia សមាជិក គណៈរដ្ឋមន្ត្រីរបស់ លោក យូ ហាទីន ក្យូវ នឹងប្រកាសឱ្យដឹងនៅចុងខែមិនានេះ ហើយ ក្នុងនោះគេរំពឹងថា លោកស្រី អ៊ុងសាន ស៊ូជី នឹងកាន់តំណែងរដ្ឋមន្ត្រីការបរទេស៕
ប្រភព៖ CNA