ភ្នំពេញ៖ យោងតាមលិខិតជូនព័ត៌មានចុះកាលថ្ងៃទី១៥ មីនា ម្សិលមិញ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍានា បានកោះអញ្ជើញប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងទូទាំងប្រទេសចូលរួមកិច្ចប្រជុំពាក់ព័ន្ធទៅនឹងគោលការណ៍នៃការឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងទំនាសដីធ្លី នៅទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែ មីនា ឆ្នាំ ២០១៦នេះ ។
ការកោះប្រជុំនេះ គឺជាលើកទី២ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ហើយគេសង្កេតឃើញធ្វើឡើង បន្ទាប់ពីសម្ដេច ហ៊ុន សែន ចេញប្រតិកម្មអ្វីមួយទាក់ទិននឹងវិស័យយុត្តិធម៌នៅកម្ពុជា។ ក្រុមសង្គមស៊ីវិល ធ្វើការលើវិបត្តិសង្គម សាទរ ប៉ុន្តែបានទទូចឱ្យអ្នកកាត់សេចក្ដី ឈរលើគោលការណ៍មិនលម្អៀង។
លោក ធូ វិរៈ ជូនសេចក្ដីរាយការណ៍ ៖
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានកោះអញ្ជើញប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងទូទាំងប្រទេសចូលរួមកិច្ចប្រជុំពាក់ព័ន្ធទៅនឹងគោលការណ៍នៃការឃុំខ្លួនបណ្តោះអាសន្នក្នុងសំណុំរឿងទំនាសដីធ្លី។
ការកោះ ប្រជុំរបស់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ធ្វើឡើងមួយថៃ្ងបន្ទាប់ ពីសម្ដេច ហ៊ុន សែន អន្តរាគមន៍ ដោះលែងស្ត្រី ២នាក់ នៅខេត្តកំពង់ស្ពឺ ឱ្យនៅក្រៅឃុំ ដែលពួកគាត់ត្រូវបានឃុំខ្លួនដោយសារមានជម្លោះដីធ្លី ជាមួយអ្នកមានអំណាច នៅស្រុកភ្នំស្រួច។ តែបែបនេះក្ដី មន្ត្រីអង្គការសង្គមស៊ីវិលហៅការកោះប្រជុំរបស់រដ្ឋមន្ត្រីយុត្តិធម៌ នេះថាគ្រាន់តែជាយន្តការមួយជួយស្តាមុខមាត់ស្ថាប័នយុត្តិធម៌ដែលមានកេរ្តិ៍ឈ្មោះមិនល្អ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋានមានប្រសាសន៍ថា ការកោះប្រជុំនេះ អាចជាយន្តការមួយក្នុងកាជួយស្តាមុខមាត់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឱ្យកាន់តែប្រសើឡើង។
ប៉ូន្តែលោកសង្ឃឹមថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងធ្វើការណែនាំមន្ត្រីតុលាការថ្នាក់ក្រោម កុំចេះតែកាត់ក្តីពលរដ្ឋឱ្យជាប់ពន្ធនាគារ ដូចក្នុងករណីពលរដ្ឋពីរនាក់នៅខេត្តកំពង់ស្ពឺជាដើម ។
លោក សៀ ភារម្យ៖ «ខ្ញុំយល់ឃើញថា នេះជាដំណើរការល្អប្រសិនបើដំណើរពិភាក្សាគ្នាម៉ត់ចត់ ស៊ីជម្រៅ ដើម្បីធ្វើយ៉ាងស្តារមុខមាត់ប្រព័ន្ធតុលាការនៅទូទាំងប្រទេស ឱ្យប្រជាពលរដ្ឋយើងមានជំនឿចិត្តឡើងវិញ ព្រោះប្រជាពលរដ្ឋប្រមាណ ៨០ និង ៩០% មិនពេញចិត្តប្រព័ន្ធតុលាការបច្ចយប្បន្ន»។
ដូចគ្នានេះដែល លោកមេធាវី សុខ សំអឿន បានបញ្ចេញមតិថាជាការ ល្អប្រសើរមួយដើម្បីកុំឱ្យតុលាការថ្នាក់ក្រោមចេះតែអនុវត្តច្បាប់ដោយ ចាប់ពលរដ្ឋដាក់ពន្ធធនាគារ រួចហើយឱ្យនៅក្រៅឃុំដូចករណីស្ត្រីពីរនាក់នៅខេត្តកំពង់ជាប់ឃុំក្នុងករណីជម្លាស់ដីធ្លី កាលពីថ្មីនេះ។ លោកបន្តថា សេចក្ដីសម្រេចតុលាការខេត្តកំពង់ស្ពឺ បែបនេះ អាចធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿ ហើយរដ្ឋាភបាលខាតបងថវិកាជាតិផងដែរ។
លោកមេធាវី សុខ សំអឿន មានប្រសាសន៍ថា៖ «ក្រសួងយុត្តិធម៌ដែលហៅអញ្ចឹងអាចនិយាយជាចៅក្រម បើអត់មានវិធានការពីថ្នាក់លើអញ្ចឹងការអនុវត្តដាក់ឱ្យនៅក្រៅឃុំអញ្ចឹងអាចធ្វើឱ្យខាត់បង់ថវិកាជាតិជាច្រើន និងបាត់ជំនឿទុកចិត្តពីប្រជាពលរដ្ឋជាដើម»។
ការកោះប្រជុំរបស់ក្រសួងយុត្តិធម៌នេះ គឺជាលើកទី២ បន្ទាប់ពីមានការកោះប្រជុំ ដូចគ្នានេះដែរ ក្រោយពីសម្ដេច ហ៊ុន សែន បានប្រតិកម្ម អំពើប្លន់កើនឡើង ហើយមុខសញ្ញា ច្រើនតែទណ្ឌិត ត្រូវបានលើកលែងទោស ។ ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានអង្គការតម្លាភាពអន្តរជាតិមួយ រកឃើញថា មានអំពើពុករលួយច្រើនជាងគេ បើធៀបនឹងស្ថាប័នរដ្ឋដទៃទៀតហើយ ក្រុមប្រឆាំង និងសង្គមស៊ីវិល មួយចំនួនចាត់ទុកថា កាត់ក្ដីមិនឯករាជ្យ និងលម្អៀង៕