ភ្នំពេញ៖ តុលាការកំពូលនៅព្រឹកថ្ងៃពុធនេះ បានទម្លាក់ចោលបណ្ដឹងសារទុក្ខរបស់ស្ត្រីបឹងកក់ ដែលប្ដឹងជំទាស់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយតម្កល់ទុកជាបានការករណីចោទពួកគាត់ពីបទចូលកាន់កាប់ដោយខុសច្បាប់អចលនវត្ថុរបស់និតិបុគ្គលសាធារណៈ។
ក្រោយចេញពីស្តាប់ការប្រកាសសាលដីការ អ្នកស្រី ទេព វណ្ណី ក្នុងចំណោមស្ត្រីទាំង ១៣ នាក់នេះ បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្ដីសម្រេចរបស់តុលាការកំពូល សម្រេចឱ្យក្រុមស្ត្រីបឹងកក់នៅតែជាប់ទោសដដែលទៅតាមសាលក្រមសាលាដំបូងរាធានីភ្នំពេញករណីរងបទចោទនេះ ។
អ្នកស្រី ទេព វន្នី បានរិះគន់ការសម្រេចរបស់តុលាការកំពូលថា តុលាការជាឈ្នាន់របស់អ្នកមានលុយ អ្នកមានអំណាច។ អ្នកស្រីនិយាយថា៖ «សម្រាប់ថ្ងៃនេះវិញ ជាភស្តុតាងយ៉ាងច្បាស់បានបង្ហាញថា តុលាការស្រុកខែ្មរ នៅតែបន្តធ្វើជាឈ្នាន់របស់មន្ត្រីមានអំណាច មន្ត្រីពុករលួយ និងជាឈ្នាន់បុគ្គលដែលមានលុយនៅប្រទេសកម្ពុជា» ។
ចំណែកឯ លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ ដែលបានឃ្លាំមើលនៅព្រឹកមិញនេះ មានប្រសាន៍ថា តុលាការគួរតែងទម្លាក់ការចោទប្រកាន់ស្ត្រីបឹងកក់ទាំងនោះ ព្រោះពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ លោកបន្តថា បទចោទរបស់សាលាដំបូងធានីភ្នំពេញ ចោទថា ស្ត្រីបឹងកក់បានកាន់កាប់ដោយខុសច្បាប់នូវអចលនវត្ថុរបស់និតិបុគ្គលសាធារណៈ គឺគ្រាន់តែជាលេសដើម្បីចាប់ស្ត្រីបឹកងកក់ដាក់ពន្ធធនាគារប៉ុណ្ណោះ។
លោក អំ សំអាត មានប្រសាសន៍ថា «ការចាប់ហើយ ការចោទប្រកាន់ហើយ ប្រសិនបើតុលាការលើកឡែងការចោទទៅ បានន័យថាធ្វើបាក់មុខបាក់មាត់អាជ្ញាធរដែលចាប់អ្នកទាំងនោះបញ្ចូលទៅ ហើយតុលាការថ្នាក់ក្រោមកាត់ទោសហើយ» ។
កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១២ សាលក្រមសាលាដំបូង បានចោទប្រកាន់ និងផ្តន្ទាទោសស្ត្រីបឹងកក់ ១៣នាក់ ក្នុងនោះស្ត្រីម្នាក់ៗមានទោសចំនួន ០២ ឆ្នាំកន្លះ លើកលែងតែអ្នកស្រី ង៉ែត ឃុន មានទោស មួយឆ្នាំកន្លះ ក្រោមបទចោទ ចូលកាន់កាប់ដោយខុសច្បាប់នូវអចលនវត្ថុរបស់និតិបុគ្គលសាធារណៈ និងប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ។ កាលនោះត្រូវសាលាឧទ្ធរណ៍កាត់តម្រឹមត្រឹមមួយខែ ០៣ ថ្ងៃវិញ ដោយដាក់ឱ្យស្ថិតក្រោមលក្ខខណ្ឌព្យួរទោស ទើបអនុញ្ញាតឱ្យនៅក្រៅឃុំដោយតម្កល់សាលក្រមរបស់តុលាការជាន់ទាបនេះដដែល៕