en     km
en     km

សម្ដេច ​ហ៊ុន​ សែន​ ​សន្យា​មិន​ឱ្យ​​​ពង្រីក​​​ព្រ​លាន​​​យន្ត​ហោះ​​​ភ្នំពេញ​ ​ព្រោះ​​​មិន​​ចង់​​ឃើញ​​បាតុកម្ម​

Share

ភ្នំពេញ៖ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ពុធ​នេះ​ ទទួលស្គាល់​ការ​ខ្វះចន្លោះ​នៃ​ការ​គ្រប់គ្រង​របស់​សម្ដេច​កាលពី​ទស​វត្ស​ឆ្នាំ​ ១៩៨០​ ហើយ​បច្ចុប្បន្ន​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ពលរដ្ឋ​រស់នៅ​ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដោយ​សារ​ការ​ពង្រីក​ព្រ​លាន​ដែល​សម្ដេច​សន្យា​មិន​បន្ត​ពង្រីក​ព្រ​លាន​ នាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ទៀត​ឡើយ​។​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ ដូចនេះ​ នៅ​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​ កាលពី​ព្រឹក​មិ​ញ​នេះ​។​

Cambodia-airport​សម្ដេច ​ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ លោក​បាន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​តាំងពី​ឆ្នាំ​ ១៩៨៥​ ដែល​​លោក​​ថា​​កាល​នោះ​​ លោ​ក​​មិន​​​​បាន​​​គិត​​​ថា​​តើ​នឹង​​ត្រូវ​ពង្រីក​ព្រ​លាន​​យន្តហោះ​​​អន្តរ​ជាតិ​ភ្នំពេញ​​នៅ​​ពេល​​​ណា ​ឬ​ទំហំ​​ប៉ុនណា​​នោះ​ទេ​ ប៉ុន្តែ​មក​​​ដល់​​ពេល​​នេះ​ ទើប​​​លោក​​ដឹង​​ថា​​ត្រូវ​​ពង្រីក​ ទើប​​បាន​ជា​​ការ​ប៉ះ​ពាល់​​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​។​

បើ​ទោះជា​យ៉ាងណា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​សន្យា​ថា​ មិន​ពង្រីក​ព្រ​លាន​យន្តហោះ​​នាំ​ឱ្យ​ពលរដ្ឋ​លំបាក​រស់នៅ​ហើយ​ធ្វើ​បាតុកម្ម​តវ៉ា​ឡើយ។​ សម្ដេច​ថា​ ព្រ​លាន​ យន្តហោះ​អន្តរជាតិ​ភ្នំពេញ​សម​ល្មម​ អាច​យន្តហោះ​ធំៗ​ចុះ​បាន​ ដូច​ជា​យន្តហោះ​របស់​លោក​ប្រធានាធិបតីអាមេរិក​ អូ​បា​ម៉ា​ ជាដើម។​ ​ស្របពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​បានបង្ហើប​ព័ត៌មាន​ថា​ ព្រ​លាន​យន្តហោះ​កម្រិត​អន្តរជាតិ​ គឺ​មានទំហំ​ធំ​នៅ​ខេត្តកំពង់ឆ្នាំង​ ហើយ​អាច​ចាប់ផ្ដើម​ប្រតិបត្តិការ​បានក្រោយ​ឆ្នាំ​ ២០៣០​។​

​សូម​រំឭក​ថា​ កាលពី​ចុងឆ្នាំ​ ២០១២​ អ្នក​ភូមិ​រស់នៅ​ជាប់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ដែល​ដាក់​ឈ្មោះ​ខ្លួនឯង​ថា​សហគមន៍​ SOS​ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ការពារ​ពួក​គេ មានចំនួនជាង ​៦០០​គ្រួសារ​ កុំឱ្យ​មានការ​បណ្តេញចេញ​ទាំង​បង្ខំ​ ៕​

Share

Image
Image
Image