សហរដ្ឋអាមេរិក៖ ប្រជាជនអាមេរិកនៅរដ្ឋចំនួនប្រាំបន្ថែមទៀតបានចេញទៅបោះឆ្នោតរួចហើយ នៅថ្ងៃនេះដែលគេហៅថាការបោះឆ្នោតដំណាក់ដ៏ស្រួចស្រាវ Super Tuesday Election ហើយបើតាមការរាប់សន្លឹកឆ្នោត លោក Donald Trump និងលោកស្រីHillary Clinton នាំមុខគេយ៉ាងខ្លាំង។
តាមបណ្ដាញផ្សាយព័ត៌មាន BBC បានឱ្យដឹងថា រដ្ឋសំខាន់ៗដែលត្រូវដាក់ឱ្យមានការបោះឆ្នោតសម្រាប់ការស្ទាបស្ទង់មតិ និងជ្រើសរើសគណៈប្រតិភូគណបក្សនៃតំណែងបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតខែវិច្ឆិកា គឺមានរដ្ឋ Ohio រដ្ឋ Florida រដ្ឋ North Carolinaរដ្ឋ Illionis និងរដ្ឋ Missouri។
បេក្ខជនមានសំឡេងនាំមុខច្រើនជាងគេនៃគណបក្សសាធារណរដ្ឋ គឺលោក Donald Trump និងលោកស្រី Hillary Clinton ដែលទទួលបានគណៈប្រតិភូច្រើន ។ អ្នកទាំងពីរបានឈ្នះសំឡេងគាំទ្រយ៉ាងច្រើននៅក្នុងរដ្ឋចំនួនប្រាំខាងលើនេះ។
ស្របពេលជាមួយគ្នានេះ បេក្ខជនម្នាក់មកពីគណបក្សសាធារណរដ្ឋគឺលោក Marco Rubio ដែលជាអ្នកមានស្រុកកំណើតនៅរដ្ឋ Florida បានប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោក Donald Trump ។
ចំណែកលោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ តាមលទ្ធផលលោកស្រីទទួលបានគណៈប្រតិភូច្រើនថែមទៀត ជាពិសេសនៅរដ្ឋ Florida រដ្ឋ North Carolina និងរដ្ឋ Ohio។
ក្នុងរយៈពេលឃោសនាមួយសប្ដាហ៍ចុងក្រោយនេះ បេក្ខជនមានសំឡេងលេចធ្លោមកពីគណបក្សទាំងពីរ បានធ្វើការវាយប្រហារគ្នាគូប្រកួតដោយពាក្យសម្ដីយ៉ាងខ្លាំងក្លា។ អ្នកគាំទ្របេក្ខជន Donald Trump បានប៉ះទង្គិចជាមួយបេក្ខជន Ted Cruiz ។
សូមជម្រាបថា សហរដ្ឋអាមេរិកនឹងជ្រើសរើសប្រធានាធិបតីលើកទី ៤៥ របស់ខ្លួន តាមរយៈការបោះឆ្នោតថ្ងៃ ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។ ចំពោះបេក្ខជនណាមួយដែលដណ្ដើមបានគណៈប្រតិភូបានច្រើនជាងគេ ហើយទទួលបានការអនុម័តពីគណបក្សផងនោះ គឺបេក្ខជននោះនឹងត្រូវមានឈ្មោះសម្រាប់បេក្ខភាពប្រធានាធិបតី៕
ប្រភព៖ BBC