en     km
en     km

អ្នកវិភាគ​៖​ អន្តរាគមន៍​របស់​នាយក​រដ្ឋមន្ត្រី​ដោះ​លែង​ស្ត្រី​ ២​នាក់​ ជា​អវិជ្ជមាន​ផង​ និង​វិជ្ជមាន​ផង​ចំពោះ​នីតិរដ្ឋ​នៅ​កម្ពុជា​

Share

សារ​របស់​សម្ដេច​ហ៊ុន​សែន​ ដែល​បង្ហោះ​ទាំង​កណ្ដាល​យប់​ ថ្ងៃ​ចន្ទ​ម្សិលមិញ​ មាន​ខ្លឹមសារ​ដើម​ដូចនេះ​ថា​៖​ «​ជា​ការ​គួរ​ឱ្យ​ខកចិត្ត​ខ្លាំង​ណាស់​ ដែល​តុលាការខេត្ត​កំពង់ស្ពឺ​ ចាប់​តំណាង​ប្រជាជន​២​នាក់​ ឃុំខ្លួន​ ដែល​ខ្ញុំ​ទើបបាន​ដឹង​មុន​នេះ​បន្តិច​។​ ខ្ញុំ​បាន​បញ្ជា​ទៅ​អភិបាលខេត្ត​ឱ្យធ្វើ​ការ​ជាមួយ​តុលាការ​ទាំង​យប់​ ដើម្បី​សុំ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​។​ កូនប្រុស​ខ្ញុំ​ ២​នាក់​ ហ៊ុន​ ម៉ា​និ​ត​ និង​ ហ៊ុន​ ម៉ា​នី​ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តកំពង់ស្ពឺ​ដើម្បី​ជួយ​ប្រជាជន​ក្នុង​រឿង​នេះ​។​ សង្ឃឹមថា​ ព្រះរាជអាជ្ញា​នឹង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទាំង​ ២​នាក់​ បាន​នៅ​ក្រៅ​ឃុំ​។​ ប្រ​សិន​មិន​ទុកចិត្ត​ សុំ​អស់លោក​ឃុំ​កូន​ខ្ញុំ​ទាំង​ ២​នាក់​ ជំនួស​វិញ​ចុះ​»​។​

ដូច​ការ​រំពឹង​ទុក​មែន​ សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​សម្រេច​ដោះ​លែង​ស្ត្រី​ទាំង​ពីរ​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​គឺ​ ដោះ​លែង​ទាំង​យប់​ដោយ​ មិន​ឱ្យ​ព្រះអាទិត្យ​រះ​ទាន់​ឡើយ​។​ ជុំវិញ​កិច្ច​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ពេល​នេះ​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​ និង​នយោបាយ​ មិន​បាន​គាំទ្រ​ចំៗ​ចំពោះ​ទឹកចិត្ត​នាយក​រដ្ឋមន្ត្រី​ដែល​មាន​ក្ដី​មេ​តា្ត​ករុណា​នេះ​ទេ​។​ ពួក​គាត់​ បាន​លើក​ពី​ផល​វិជ្ជមាន​ និង​អវិជ្ជមាន​។​

លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ

លោក​ អ៊ូ​ វី​រៈ​ នាយក​ប្រ​តិ​ប​តិ្ត​នៃ​អង្គការ​វេទិកា​អនាគត​ និង​ជា​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​មួយ​រូប​យល់​ឃើញ​ថា​ បទបញ្ជា​របស់​សម្តេច​ ហ៊ុន​ សែន​ ពេល​នេះ​ បាន​លូកដៃ​ចូល​កិច្ចការ​របស់​តុលាការ​ ដែល​លោក​យល់​ថា​ ទ​ង្វើ​នេះ​ជា​ការ​ពង្រឹង​ឥទ្ធិពល​អំណាចនីតិប្រតិបត្តិ​ក្នុង​ប្រព័ន្ធ​តុលាការ​។​ លោក​ អ៊ូ​ វី​រៈ​ បន្ត​ថា​ ការ​សើរើ​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើការ​កែទម្រង់​ គឺជា​វិធីសាស្ត្រ​ល្អ​ដែល​លោកនាយក​មន្ត្រី​កម្ពុជា​គួរ​ត្រូវធ្វើ​ ជា​ជាង​លូកដៃ​ចូល​ទៅ​អន្តរាគមន៍​ដូច​ករណីៗ​បែប​នេះ​។​

លោក​ អ៊ូ​ វី​រៈ​ ៖​ «​ការ​សើរើ​នៅ​ប្រព័ន្ធ​តុលាការ​ទាំងមូល​ គឺ​រឿង​មួយ​ល្អ​មែនទែន​ ហើយ​ចាំបាច់​មែនទែន​ ហើយ​ប្រសិនបើ​លោក​ ហ៊ុន​ សែន​ គាត់​ឃើញ​រឿង​អយុត្តិធម៌​គាត់​ឈឺចាប់​ គាត់​គួរតែ​ពង្រឹង​ប្រព័ន្ធ​តុលាការ​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ដោះស្រាយ​សម្រាប់​ករណី​ផ្សេង​ទៀត​ ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នូវ​អំពើ​អយុត្តិធម៌​នៅ​ទាំង​ប្រទេស​តែ​ម្តង​។​

ចំណែក​លោក​ រស់​ រ៉ា​វុ​ធ​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​យល់​ដាច់​ថា​ ការ​បញ្ជា​របស់​សម្តេច​ ហ៊ុន​ សែន​ នេះ​គឺ​មិនមែន​ជា​ការ​លូកដៃ​ចូល​ក្នុង​កិច្ច​របស់​តុលាការ​នោះ​ទេ​។​ លោក​ថា​ចំណារ​របស់​សម្ដេច​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ក៏​អាច​ចាត់​ទុក​ថា​ជា​លិខិត​អន្តរាគមន​ន៍​មួយ​ផង​ដែរ​ ដែល​អ្នកនយោបាយ​សម័យ​បច្ចុប្បន្ន​បាន​យក​ប្រើ​ ដើម្បី​ព​ន្លឿ​ន​ប្រសិទ្ធភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស​។​ តែ​យ៉ាងណា​លោក​បណ្ឌិត​ រស់​ រ៉ា​វុ​ធ​ បន្ត​ថា​ ការ​ចេញ​មុខ​ធ្វើ​កិច្ច​អន្តរាគមន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ពេល​នេះ​ ហាក់​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ភាព​ទន់ខ្សោយ​នៅឡើយ​។​

លោក រស់ រ៉ាវុធ
លោក រស់ រ៉ាវុធ

លោក​ រស់​ រ៉ា​វុ​ធ​៖​ «​អ​ញ្ចឹ​ង​កន្លែង​ហ្នឹង​!​ បញ្ជាក់​ពី​ប្រព័ន្ធ​តុលាការ​នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ​ ដែល​នាំ​ឱ្យ​មានការ​អន្តរាគមន៍​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​។​ តុលាការ​មិន​ទាន់​មាន​ឯករាជ្យ​ភាព​ មិន​ទាន់​មានការ​ស៊ើបអង្កេត​ច្បាស់លាស់​មុន​នឹង​ការ​អនុវត្ត​ ហើយ​ការ​ឃាត់ខ្លួន​ហ្នឹង​គឺជា​ការ​ខុសឆ្គង​មួយ​ធ្ងន់​ណាស់​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​។​

តែ​បែប​នេះ​ក្ដី​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី​លើក​ឡើង​ថា​ ការ​ចេញ​បញ្ជា​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​សុំ​ធានា​ឱ្យ​ពលរដ្ឋ​ទាំង​ពីរ​រូប​នៅ​ក្រៅ​ឃុំ​ គឺ​មិនមែន​ជា​ការ​បង្គាប់​ឱ្យ​តុលាការ​ឈប់​ធ្វើការ​វិនិច្ឆ័យ​នោះ​ទេ​ ព្រោះ​ដំណើរការ​រឿង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​សមត្ថកិច្ច​របស់​តុលាការ​ដដែល​។​

អ្នកនាំពាក្យ​ឱ្យ​រដ្ឋាភិបាល​រូប​នេះ​បន្ត​ថា​ ការ​ចេញ​បញ្ជា​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បែប​នេះ​ ក៏​ព្រោះតែ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​កំណែ​ប្រព័ន្ធ​យុត្តិធម៌​ ដែល​រដ្ឋាភិបាល​កំពុង​ដំណើរការ​កែទម្រង់​បណ្តើរ​ និង​ដោះស្រាយ​ផង​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ជា​បណ្តើរ​។​

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន

លោក​ ផៃ​ ស៊ី​ផា​ន​៖​ «​យើង​កំពុង​ស្ថិត​ក្នុង​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​។​ យើង​ធ្វើការ​បណ្តើរ​ កែទម្រង់​ផង​ យើង​ដោះស្រាយ​បញ្ហា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ផង​ ហើយ​សម្តេច​លោក​គោរព​រឿង​តុលាការ​ដែល​គេ​មាន​ឆន្ទានុសិទ្ធិ​ ហើយ​ដែល​គេ​មាន​ឥទ្ធិពល​ឯករាជ្យ​ដែល​គ្មាន​ស្ថាប័ន​ណា​លូក​ចូល​ក្នុង​សាច់​រឿង​នោះ​ទេ​»​។​

​មិនមែន​មាន​តែ​រឿង​នេះ​មួយ​ទេ​ ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ មើលឃើញ​ ប្រមុខ​រដ្ឋាភិបាល​ ប្រើប្រាស់​អំណាច​ លើ​ ប្រព័ន្ធ​តុលាការ​ គឺ​មាន​ករណី​ច្រើន​ទៀត​  មាន​ទាំង​ករណី​រឿង​នយោបាយ​ផង​ដែរ​។​ តែ​ដោយឡែក​ ករណី​របស់​ស្ត្រី​ ២​នាក់​ នៅ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ គឺជា​លើក​ដំបូង​ ដែល​ប្រមុខ​រដ្ឋាភិបាល​ប្រើ​អំណាច​ដោយ​ផ្ទាល់​តាម​រយៈ​កូនប្រុស​របស់​សម្ដេច​ឱ្យ​មាន​ដំណោះស្រាយ​ដូចនេះ​។​ តែបើ​តាម​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​ នៅ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ទៀត​កំពុង​ជាប់​ឃុំខ្លួន​ ដោយសារ​ជម្លោះដីធ្លី​នៅ​កម្ពុជា​៕​

Share

ព័ត៌មានទាក់ទង

Image