ខេត្តកំពង់ស្ពឺ៖ ពលរដ្ឋម្នាក់ក្នុងចំណោមច្រើននាក់ បានអះអាងថាស្ត្រី ២នាក់ ដែលត្រូវតុលាការបង្គាប់ឱ្យ សមត្ថកិច្ចស្រុកភ្នំស្រួចចាប់ខ្លួន ត្រូវបានដោះលែងកាលពីយប់ថ្ងៃចន្ធ តាមការបញ្ជារបស់នាយករដ្ឋមន្ត្រី។
សម្ដេច ហ៊ុន សែន បានចេញបញ្ជាទៅកូនប្រុសរបស់សម្តេចពីរនាក់គឺលោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី ធ្វើដំណើរទៅកាន់តុលាការខេត្តកំពង់ស្ពឺ ដើម្បីដោះលែងស្ត្រី ២ រូបនេះ។
តាមអ្នកភូមិម្នាក់ឈ្មោះ ជុណ ម៉ឺន ពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានឱ្យដឹងព្រឹកនេះថា ស្ត្រីពីរនាក់ដែលតុលាការខេត្តកំពង់ស្ពឺឃុំខ្លួនពាក់ព័ន្ធរឿងដីធ្លីនោះ ត្រូវបានដោះលែងហើយ តាំងពីម៉ោង ១២យប់ ថ្ងៃចន្ទមកម្ល៉េះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ត្រីទាំងនោះមិនមកដល់ផ្ទះនៅឡើយទេ ព្រោះកូនប្រុសរបស់សម្តេចនាំពលរដ្ឋទាំងពីរនោះទៅស្នាក់នៅសណ្ឋាគារ។
ការដោះលែងពលរដ្ឋពីរនាក់នេះ បន្ទាប់ពីពលរដ្ឋប្រហែលជា ៤០នាក់ តំណាងឱ្យ ១៦៥គ្រួសារ បាននាំគ្នាដាក់ញត្តិទៅរដ្ឋសភាដើម្បីទាមទារឱ្យដោះលែងតំណាងរបស់ខ្លួន គឺអ្នកស្រី យូ រ៉ន និង អ៊ិត រំ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមីនា ក្នុងរឿងទំនាស់ដីធ្លីជាមួយអ្នកមានអំណាចនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕