អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃឧត្តមស្នងការអង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ អំពាវនាវឱ្យនាំខ្លួនមេដឹកនាំកូរ៉េខាងជើង គឹម ជុនអ៊ុន និងមន្ដ្រីជាន់ខ្ពស់ដទៃទៀតមកប្រឈមមុខករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅទីក្រុងឡាអេ។
លោក Marzuki Darusman និយាយថា ប្រជាជនកូរ៉េខាងជើងកំពុងតែអត់ឃ្លានដោយសាការខ្វះស្បៀងអាហារតែបែរជាមេដឹកនាំរូបនេះយកធនធានរបស់ប្រជាជនខ្លួនទៅបំពេញមហិច្ឆតាក្នុងការបង្កើតអាវុធប្រល័យលោកទៅវិញ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់រូបនេះបានថ្លែងនៅឯកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនៅទីក្រុងហ្សេណេវ ប៉ុន្ដែនៅក្នុងកិច្ចប្រជុំនោះតំណាងកូរ៉េខាងជើងបានធ្វើពហិការ។
ជាមួយគ្នានេះទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសគាំទ្រការអំពាវនាវរបស់អ្នកស៊ើបអង្កេតជាន់ខ្ពស់រូបនេះ។ ចំណែកតំណាងប្រទេសចិនវិញបង្ហាញភាពស្ទាក់ស្ទើរ ហើយបានឡើងថ្លែងថាកុំកសាងសំណុំរឿងអ្វីមួយគ្រាន់តែជាការបំពេញមហិច្ឆតានយោបាយនោះ។
អ្នកស៊ើបអង្កេតជាន់ខ្ពស់រូបនេះបានថ្លែងទៀតថា នៅប្រទេសកូរ៉េខាងជើងមានជំរំលុតដំធ្វើទារុណកម្មអ្នកទោសនយោបាយនិងជំរុំលុតដំប្រឆាំងជនទាំងឡាយណាដែលមានសាសនាដទៃ ហើយការធ្វើឱ្យប្រជាជនធ្លាក់ក្នុងភាពអត់ឃ្លាន។
អ្នកស៊ើបអង្កេតរូបនេះបានទទូចថាវាជាបទឧក្រិដ្ឋមួយដែលតុលាការព្រហ្មទណ្ឌអន្ដរជាតិមានសមត្ថកិច្ចដើម្បីកាត់ក្ដីក្នុងរឿងនេះ។ តែទោះជាបែបនេះក្ដីតំណាងកូរ៉េខាងជើងដែលមិនចូលរួមកិច្ចប្រជុំនោះបានថ្លែងបដិសេធការចោទប្រកាន់ទាំងនោះ៕
ប្រភព៖ AFP