រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ជីលី ប៊ីហ្សុប (Julie Bishop ) បានហៅការចាប់ខ្លួនអ្នកសារព័ត៌មានជនជាតិអូស្ត្រាលី ២នាក់ ថា សេរីភាពសារព័ត៌មាននៅម៉ាឡេស៊ីធ្លាក់ និង កំពុងប៉ះពាល់ដល់ សេរីភាពសម្ដែងមតិ និង ប្រជាធិបតេយ្យ។
ការព្រួយបារម្ភរបស់ប្រមុខការទូតអូស្ត្រាលីរូបនេះ ធ្វើឡើងនៅពេលលោកស្រីបានលើកឡើងអំពីការឃាត់ខ្លួនអ្នកសារព័ត៌មានជនជាតិអូស្ត្រាលី ២ រូប គឺឈ្មោះ លីនតុន បេសឺ (Linton Besser) និង ល្វី អេរ៉ូឡុំ (Louie Eroglum) ជាមួយអាជ្ញាធរម៉ាឡេស៊ី។
លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមានប្រសាសន៍ថា៖ «ខ្ញុំក៏មានក្ដីបារម្ភផងដែរ ចំពោះ សេរីភាពរបស់អ្នកសារព័ត៌មានដែលត្រូវបំពេញការងាររបស់ពួកគេ»។
តាមបណ្ដាញផ្សាយព័ត៌មាន BBC សមត្ថកិច្ចម៉ាឡេស៊ីឃាត់ខ្លួនអ្នកសរសេរព័ត៌មាន និងអ្នកថតរូបជនជាតិអូស្ត្រាលី ២រូបនេះរយៈពេលខ្លីហើយ ដោះលែងវិញ ប៉ុន្តែមិនទាន់អនុញ្ញាតចាកចេញពីប្រទេសម៉ាឡេស៊ី។
ប្រភពដដែលនេះចុះផ្សាយថាការឃាត់ខ្លួនអ្នកសារព័ត៌មានអូស្ត្រាលីនេះធ្វើឡើងនៅពេលដែលពួកគេព្យាយាមសួរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ពីរឿងចោទប្រកាន់ថាលោក ណាជីប រ៉ា ពុករលួយរាប់រយលានដុល្លារនោះ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាមេដ ហ្សាហ៊ីត ហាមីឌី (Ahmad Zahid Hamidi) ថ្លែងថាម៉ាឡេស៊ីមិនបានរារាំងដល់សេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែលោកថាការបំពេញការងាររបស់អ្នកសារព័ត៌មានបរទេសក៏ត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈដែរ។
លោកនាយករដ្ឋមន្ត្រី ណាជិប ត្រូវបានចោទថា បានលួចលុចរដ្ឋពីធនាគារ 1 MDB នូវ ទឹកប្រាក់ជិត ៦៨១ លានដុល្លារ ទៅ ដាក់ក្នុងគណនីរបស់លោក ប៉ុន្តែលោក ណាជិព បដិសេធការចោទប្រឆាំងរូបលោក៕
ប្រភព៖ BBC