ប្រជាពលរដ្ឋ ៦៥ គ្រួសារមកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានប្រមូលផ្តុំគ្នាដាក់ញ្ញតិជាថ្មីទៀតសុំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះលែងស្ត្រីអ្នកភូមិ ២នាក់ ដែលត្រូវបានសមត្ថកិច្ចខេត្ដចាប់ឃុំខ្លួនបានត្រឡប់ទៅវិញដោយក្ដីអស់សង្ឃឹម។
ស្រី្តម្នាក់ក្នុងចំណោមស្ត្រីដែលឡើងមកដាក់ញ្ញាតិសុំកិច្ចអន្តរាគមន៏ពីសម្តេច ហ៊ុន សែន លោកយាយ អ៊ីត ណូន បានឱ្យដឹងថាកន្លងមកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី ស្រុកភ្នំស្រួច មិនដែលមានរឿងអ្វីកើតឡើងទេ តែបន្ទាប់ពីមានក្រុមនិស្សិតដែលបានចុះទៅវាស់ដីរួចមក អាជ្ញាធរបានឃុបឃិតជាមួយអ្នកភូមិផ្សេងដោយលក់ដីនោះឱ្យទៅអ្នកមានទ្រព្យធន។ លោកយាយបានបន្តថាបើប្រសិនបើរដ្ឋាភិបាលគ្មានវិធានការ ឬអន្តរាគមន៍ ឱ្យពួកគាត់ទេនោះ នឹងមកតវ៉ាតទៅទៀត។
លោកយាយ អ៊ីត ណូន ៖ «ថ្ងៃហ្នឹង បើអង្គការអត់ដោះស្រាយឱ្យខ្ញុំ ហើយលោកជំទាវ លោក ហ៊ុន សែន អត់ដោះស្រាយទេ ខ្ញុំនឹងសម្រាន្តនៅហ្នឹងដដែល»។
ដូចគ្នានោះដែរ អ្នកស្រី ទឹម ស្រីទូច បានបញ្ជាក់ថាកន្លងមកក្រុមនិស្សិតដែលចុះមកវាស់ដីឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះរួចហើយ តែបែរជាអាជ្ញាធរមិនអនុញ្ញាតឱ្យពួកគាត់ធ្វើចម្ការបានទេ។ អ្នកស្រីបានបន្តថា ពេលដែលប្រជាពលរដ្ឋទៅតវ៉ារឿងដីធ្លីនោះបែរជាខាងតុលាការកោះហៅប្រជាពលរដ្ឋទៅសួរនាំ ហើយក៏បានចាប់ស្រី្ត ២នាក់ ដាក់ឃុំឃាំង។
អ្នកស្រី វ័យ ៤៥ ឆ្នាំរូបនេះបានអះអាងថាស្ត្រី ឈ្មោះ យូ រ៉ន និង ឈ្មោះ អ៊ិត រម្យ គ្មានកំហុសអ្វីដែលត្រូវបានឃុំនោះទេ។
អ្នកស្រី ទឹម ស្រីទូច ៖ « សុំឱ្យគាត់មកជួយដោះលែងបងខ្ញុំទាំងពីរនាក់ហ្នឹង ឱ្យចេញពីពន្ធធនាគារហ្នឹង ខ្ញុំសូមតែប៉ុណ្ណឹង ហើយសូមកុំឱ្យគ្រឿងចាក់ចូលឈូសឆាយដីប៉ះពាល់ហ្នឹងចាំដោះស្រាយរួចសិន»។
ប្រជាពលរដ្ឋដែលយកញ្ញតិទៅដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា អង្គភាពនេះ បានយកញ្ញតិពីប្រជាពលរដ្ឋហើយ តែមិនមានការសន្យាអី្វឡើង។ តាមការឱ្យដឹងរបស់ពលរដ្ឋ ទំនាស់ដីនេះ បានកើតឡើងតាំងឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦នេះហើយពលរដ្ឋបាន តវ៉ាជាច្រើនដង ប៉ុន្តែមិនទាន់មានដំណោះស្រាយនោះទេ៕