en     km
en     km

ក្រុម​និស្សិត​ទទូច​ឱ្យ​សម្តេច​ ហ៊ុន​ សែន​ ដោះ​លែង​យុវជន​ គង់​ រ៉ៃ​យ៉ា​ ករណី​បដិវត្តន៍​ពណ៌​

Share

ក្រុម​និស្សិត​ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ក្នុង​រាជធានី​ភ្នំពេញ​បាន​ដាក់​លិខិត​ទៅ​សម្តេច​ ហ៊ុន​ សែន​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ និង​ក្រសួងមហាផ្ទៃ​ឱ្យ​ជួយ​រក​អន្តរាគមន៍​ដោះ​លែង​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ដែល​រង​ការ​ចោទប្រកាន់​បំផុស​ឱ្យ​មាន​បដិវត្តន៍​ពណ៌​។​

​ការ​រក​អន្តរាគមន៍​នេះ​ខណៈ​ដែល​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​សាលក្រម​ លើ​សំណុំរឿង​បដិវត្តន៍​ពណ៌​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ នៅ​ថ្ងៃ​១៥​ ខែមីនា​ ស្អែក​នេះ​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​៖​

WMC-Logo-inside-the-text​ក្រុម​និស្សិត​ទាំងនេះ​និយាយ​ថា​យុវជន​ ពុំ​មានទោស​អ្វី​ត្រូវ​តុលាការ​ដាក់ទោស​ពៃ​រិ៍​ប្រឆាំង​ គាត់​ឡើយ​។​ ក្នុង​ចំណោម​និស្សិត​ទាំង​ ៦​ ដែល​បាន​ផ្តិត​ស្នាម​មេដៃ​ សុំ​រក​អន្តរាគមន៍​ឱ្យ​ដោះ​លែង​យុវជន​ គង់​ រ៉ៃ​យ៉ា​  គឺ​ព្រះ​តេជគុណ​ ជ្រី​ បូ​រ៉ា​ ដែល​ជា​និស្សិត​សិក្សា​ឆ្នាំ​ទី​៣​ ជំនាញ​ទំនាក់ទំនង​អន្តរជាតិ​ នៅ​សាកលវិទ្យាល័យ​ខេមរៈ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​ ១៤​ ខែមីនា​ នេះ​ថា​ មូលហេតុ​ដែល​ព្រះ​តេជគុណ​ និង​និស្សិត​ផ្សេងៗ​ទៀត​ដាក់​លិខិត​ខាងលើ​នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​សុំ​ឱ្យ​មានការ​ដោះ​លែង​និស្សិត​ គង់​ រ៉ៃ​យ៉ា​។​

ព្រះ​តេជគុណ​ ជ្រី​ បូ​រ៉ា​ បាន​បន្ថែម​ទៀត​ថា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ មិន​សម​នឹង​ជាប់​ទោស​នោះ​ទេ​ ដែល​ព្រះ​អង្គ​សង្ឃឹមថា​ តុលាការ​នឹង​ដោះ​លែង​យុវជន​ រូប​នេះ​ឱ្យ​មាន​សេរីភាព​វិញ​។​

ព្រះ​តេជគុណ​សង្ឃដីការ​បន្ថែម​ថា​៖​ «​ដោយសារ​តែ​យើង​មើល​ការ​ចោទប្រកាន់​របស់​តុលាការ​ និង​ការ​ប្រព្រឹត្ត​របស់​ គង់​ រ៉ៃ​យ៉ា​ គាត់​គឺ​មិន​សម​នឹង​មានទោស​ អាត្មា​រំពឹង​ថា​នឹង​មានការ​ដោះ​លែង​ ព្រោះ​កន្លង​ដូច​តុលាការ​បាន​សាកសួរ​គាត់​ហើយ​ គាត់​បាន​សារភាព​នៅ​ទ​ង្វើ​រ​របស់​គាត់​ដែល​បាន​ធ្វើ​ ហើយ​គាត់​ក៏​បាន​អះអាង​ថា​គាត់​មិន​បាន​យល់​ដឹង​ពី​ពាក្យ​ថា​បដិវត្តន៍​ពណ៌​ហ្នឹង​ជ្រៅជ្រះ​នោះ​ទេ​…»​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​  ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​ និង​ជា​មន្ត្រី​ផ្នែក​ច្បាប់​របស់​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ ថ្មីៗ​នេះ​បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ ការ​បញ្ចេញមតិ​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ គឺជា​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ ដោយ​មិន​មាន​ចរិត​បំផុសបំផុល​ឬ​ ញុះញង់​ឱ្យ​មាន​បដិវត្តន៍​ពណ៌​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។​ លោក​ អំ​ សំអាត​ បន្ត​ថា​  ការ​ចាប់ខ្លួន​យុវជន​ គង់​ រ៉ៃ​យ៉ា​ នេះ​គឺ​ សបញ្ជាក់​ឱ្យ​ឃើញ​ថា​ សិទ្ធិ​សេរីភាព​ក្នុង​សម្តែង​មតិ​របស់​ប្រជាជន​កម្ពុជា​កំពុង​តែ​ត្រូវ​បាន​រឹត​ត្បឹ​ត​ ដោយសារ​អ្នកមាន​អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ​។

សូម​រំឭក​ថា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ ខែសីហា​ នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ក្រោយ​ពី​យុវជន​រូប​នេះ​ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​។​

នៅ​ក្នុង​សារ​នោះ​បាន​សរសេរ​ថា​៖​ «​តើ​មាន​បងប្អូន​ណា​ ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ​?​ ថ្ងៃ​ណាមួយ​នៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ ដើម្បី​ផ្លាស់​ប្ដូរ​របប​ដ៏​ថោកទាប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ​ ទោះបីជា​ត្រូវ​ជាប់គុក​ ឬ​ស្លាប់​ក៏​ដោយ​ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​»​។​

នៅ​ថ្ងៃ​ទី​២២​ សីហា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន​ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ៦​ខែ​ ដល់​ ២​ឆ្នាំ​ បើ​តុលាការ​រក​ឃើញ​ថា​មានទោស​មែន​នោះ​។​

ការ​បញ្ចេញ​ទស្សនៈ​របស់​ និស្សិត​ គង់​ គង់​ រ៉ៃ​យ៉ា​ ក៏​គាប់​ជួន​សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​ពី​ ការ​វាយ​កម្ទេច​ចលនា​បដិវត្តន៍​ណាមួយ​នៅ​កម្ពុជា​ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ យុវជន​ គង់​ រ៉ៃ​យ៉ា​ បាន​ផុស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​និយាយ​ពី​ខ្លឹមសារ​បដិវត្តន៍​ពណ៌​ និង​ ចូលរួម​របស់​អ្នក​ចង់​ធ្វើ​បដិវត្តន៍​ដែល​នាំ​ឱ្យ​មាន​ចាប់ខ្លួន​៕​

Share

Image
Image
Image