ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រីថ្លែងសារព្រមានចាប់ខ្លួនអ្នកនយោបាយដែលឃោសនាថានឹងលុបបំណុលជួនប្រជាពលរដ្ឋពេលបក្សខ្លួនឈ្នះឆ្នោត ។ នាយករដ្ឋមន្ត្រី ហ៊ុនសែន ថ្លែងបែបនេះនៅក្នុងកម្មវិធីសន្និសីទការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅវិមានរដ្ឋសភានៅថ្ងៃទី១៤ ខែមីនា នេះ។
ចំណែកអ្នកសិក្សាស្រាវជ្រាវពីការអភិវន្ឍសង្គមថា តាមស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន គ្មានគណបក្សនយោបាយណាមានលទ្ធភាពសងបំណុលជំនួសរាស្ត្រនោះឡើយ។ ប្រសាសន៍ របស់សម្ដេច ហ៊ុន សែន ត្រូវបក្សប្រឆាំងថា រំលោភសេរីភាពបញ្ចេញមតិរបស់អ្នកនយោបាយ។
លោក ធូ វិរៈ ជូនសេចក្ដីរាយការណ៍ ៖
សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង ព្រមានដូចនេះ នៅក្នុងពិធីមួយទាក់ទងនឹងស្ថិរភាពហិរញ្ញវត្ថុ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា តែសម្ដេចមិនបានលើកឡើងពីឈ្មោះអ្នកនយោបាយ ឬគណបក្សនយោបាយណានោះទេ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក អ្នកនយោបាយណាដែលឃោសនាថានឹងលុបចោលបំណុលនោះ គឺជាការបោកប្រាស់ប្រជាពលរដ្ឋ និងខុសទៅនឹងបទបញ្ញត្តិផ្នែកហិរញ្ញវត្ថុ ដោយលោកបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅនឹងកន្លែងតែម្តង។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «បក្សនយោបាយណា អ្នកតំណាងរាស្ត្រ ឬក៏មេដឹកនាំបក្សណាដែលទៅបោកប្រជាពលរដ្ឋថា បើឈ្នះឆ្នោតគេនឹងលុបចោលបំណុលទាំងអស់ ព្រោះបំណុលជាបំណុលរបស់រដ្ឋ ខ្ញុំស្នើឱ្យចាប់ខ្លួននៅនឹងកន្លែង»។
នាពេលកន្លងមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មានបន្ទូលថា ប្រសិនបើគណបក្សរបស់ព្រះអង្គ ឈ្នះឆោ្នតនៅអាណត្តិក្រោយនេះ ព្រះអង្គនឹងសងបំណុលជំនួសប្រជាពលរដ្ឋដែលជំពាក់ធនាគារ។
លោក សាយ ហាក់ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃចន្ទនេះថា លោកពុំអាចធ្វើអត្ថាធិប្បាយទៅលើប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកថាមិនដឹងច្បាស់អំពីប្រសាសន៍របស់សម្តេចដូចម្ដេច។ ប៉ុន្តែលោកគាំទ្រប្រសាសន៍របស់នាយករដ្ឋមន្ត្រី។
លោក សាយ ហាក់ និយាយថា៖ «ទី១ យើងខ្ញុំពុំអាចធ្វើសេចក្តីអត្ថាធិប្បាយទៅលើប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំដឹងច្បាស់នោះជាដាច់ខាត។ ទី២ បើតាម Fresh News ផ្សាយនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច សូមគាំទ្រ ១០០% ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ជុំវិញបញ្ហានេះ លោក អ៊ូ ច័ន្ទរ័ត្ន សមាជិកអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកមិនគាំទ្រប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីឡើយ។ លោកថាការ ឃោសនាបែបនេះ គ្រាន់តែជាសិទ្ធិសេរីភាពបញ្ចេញមតិប៉ុណ្ណោះ ប៉ុន្តែត្រង់គណបក្សនយោបាយមានលទ្ធភាពសង ឬគ្មានលទ្ធិភាពសងនោះ អាស្រ័យទៅលើប្រជាពលរដ្ឋជាវិនិច្ឆ័យ។
លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា៖ «តាមពិតទៅខ្ញុំមិនគ្រាំទេ រហូតដល់គ្រាន់តែនិយាយបញ្ជាឱ្យចាប់ខ្លួន នេះគឺសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ ត្រង់ថានិយាយហើយធ្វើបានឬ មិនបានប្រជាពលរដ្ឋជាវិនិច្ឆ័យទៅ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម មិនរំពឹងថា មានគណបក្សនយោបាយណាមួយអាចមានលទ្ធភាពសង់បំណុលជំនួសប្រជាពលរដ្ឋបានឡើយ ។ លោកថា ការសន្យាបែបនេះ គ្រាន់ជាប្រជាភិថុតិប៉ុណ្ណោះ ប៉ុន្តែប្រសិនបើគណបក្សនយោបាយនីមួយៗបង្ហាញគោលនយោបាយក្នុងការដោះស្រាយបញ្ហាបំណុលប្រជាពលរដ្ឋនៅពេលអនាគត នោះទើបជាការប្រសើរ។
អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមរូបនេះបានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលគួរតែជួយរកវិធីដោះស្រាយបញ្ហាបំណុលធនាគាររបស់ប្រជាពលរដ្ឋសម្រាប់ពេលអនាគត ជាជាងថ្លែងសារព្រមានដល់គណៈបក្សនយោបាយ។
លោក មាស នី និយាយថា៖ «នៅក្នុងស្ថានភាពនៃសេដ្ឋកិច្ចបច្ចុប្បន្នរបស់កម្ពុជា ខ្ញុំគិតថា មិនមានគណបក្សណាមួយអាចមានលទ្ធិភាពរកលុយសម្រាប់សងជំនួសប្រជាពលរដ្ឋដែលកំពុងជំពាក់គេនោះទេ ហើយខ្ញុំគិតថា ការប្រកាសលុបបំបាត់បំណុលរបស់ពលរដ្ឋគ្រាន់តែជាប្រជាភិថុតិនោះទេ»។
នៅក្នុងកម្មវិធីសន្និសីទស្ដីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះដែរ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា ពិនិត្យឡើងវិញប្រតិបត្តិការរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលសម្ដេចថាមានទិសដៅបោកប្រាស់ និងជំរឹតរឹបអូសយកផ្ទះសម្បែង ដីធ្លីរបស់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រី បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ត្រូវពិនិត្យ និងចាត់វិធានការទៅតាមច្បាប់ ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងឡាយ ដែលប្រតិបត្តិការមិនសុចរិតភាព៕