សមត្ថកិច្ចខណ្ឌមានជ័យ នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ជនល្មើសដែលបង្កហិង្សាជះទឹកអាស៊ីតលើប្រពន្ធកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅគឺមិនទាន់ អាចកំណត់ទីតាំងដើម្បីឈានដល់ការចាប់ខ្លួនបញ្ជូនទៅតុលាការបាននៅឡើយទេ។ ទន្ទឹមនឹងចំណាត់ការនៅតែយឺតយ៉ាវនេះ សង្គមស៊ីវិលធ្វើការងារការពារសិទ្ធិមនុស្សថ្មីៗនេះបានបន្តទាមទារឱ្យពន្លឿន ការនាំខ្លួនជនល្មើសមកប្រឈមមុខផ្លូវច្បាប់ ។
រាយការណ៍ដោយ លៀ ស៊ីណា ៖
អធិការរង ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ បានបញ្ជាក់ជាថ្មីថា សមត្ថកិច្ចនៅតែមិនទាន់អាចកំណត់ទីតាំងលាក់ខ្លួនជនល្មើលដែលជះទឹកអាស៊ីតលើប្រពន្ធបាននៅឡើយទេ។
លោក ហ៊ូ ម៉េងវ៉ាង អនុសេនីយឯក និងជាអធិការរង ខណ្ឌមានជ័យ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃចន្ទនេះថា សមត្ថកិច្ចខិតខំស្វែងរកទីតាំងជនល្មើសឈ្មោះ ង៉ែត ផល្លា គ្រប់កន្លែងដែលជននោះធ្លាប់បង្ហាញខ្លួនដែរតែពុំមានតម្រុយឡើយ។
លោក ហ៊ូ ម៉េងវ៉ាង ក៏បានថ្លែងបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា សមត្ថកិច្ចនៅតែបន្ដការខិតខំស្វែងរកជនល្មើសមិនបន្ថូដៃនោះឡើយ។ លោកថា សមត្ថកិច្ចគឺធ្វើការគោរពតួនាទីរបស់ខ្លួនដោយមិនគិតថាជនរងគ្រោះជាអ្នកមានឬអ្នក្រនោះទេ។
លោកបន្ថែមថា៖ «និយាយរួមខាងសមត្ថកិច្ចខ្ញុំ និយាយរួមការស្រាវជ្រាវអស់ពីចិត្ដពីថ្លើមហ្មង និយាយរួម គឺសមត្ថកិច្ចជំនាញត្រូវតែខិតខំបើមានករណីហើយត្រូវតែតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសឱ្យបាន»។
ចំណែកអ្នកស្រី ស្រី ណយ ដែលត្រូវជាម្ដាយស្ដ្រីរងគ្រោះមានប្រសាសន៍ថា អ្នកស្រីនាពេលនេះមិនចង់បានអ្វីក្រៅតែពីយុត្ដិធម៌សម្រាប់កូនដែលខំចិញ្ចឹមឱ្យធំដឹងក្ដីអស់រយៈពេលជិត៣០ឆ្នាំ មកនោះទេ។
អ្នកស្រីថា ថ្វីត្បិតអាការៈជំងឺកូនរបស់អ្នកស្រីបានធូរស្រាលជាង សប្ដាហ៍មុនបន្ដិចហើយក្ដីតែអ្នកស្រីនៅតែបារម្ភខ្លាចអតីតប្ដីកូនស្រីអ្នកស្រីមកយាយីជីវិតម្ដងទៀតព្រោះសមត្ថកិច្ចមិនចាប់ជនដៃដល់បាននៅឡើយ។ អ្នកស្រី ណយ បានបញ្ជាក់ថា ការរងចាំពីមួយថ្ងៃមួយហាក់បីដូចជា ក្ដីសង្ឃឹមនៅឆ្ងាយណាស់ព្រោះពេលដែលសួរទៅសមត្ថកិច្ចពេលណាក៏ថា នៅមិនទាន់មានតម្រុយនោះទេ។
អ្នកស្រីបន្ថែមថា៖ « ខ្ញុំមានអារម្មណ៍តូចចិត្ដណាស់ខ្ញុំ មិនគួរណាកូនខ្ញុំវាដល់ថ្នាក់ហ្នឹង ខ្ញុំខំចិញ្ចឹមកូនចិញ្ចឹមចៅ ម៉ែឪខំចិញ្ចឹមមកហើយ អន់ចិត្ដណាស់ពេលឃើញមុខកូនគេលើកឱ្យអង្គុយមកមុខមើលមិនយល់មិនដឹងស្អី»។
ពាក់ព័ន្ធករណីជះទឹកអាស៊ីតលើប្រពន្ធនេះ ក្រុមអង្កការសង្គមស៊ីវិលដែល ធ្វើការផ្នែកលើកកម្ពស់សិទ្ធិមនុស្ស ក៏បានរិះគន់ចំពោះចំណាត់ នឹងការធ្វើការយឺតយ៉ាវរបស់មន្ដ្រីសមត្ថកិច្ចថា មិនអាចការពារសុវត្ថិភាពជួនប្រជាពលរដ្ឋរបស់ខ្លួនបានហើយ នៅបណ្ដោយឱ្យជនរងគ្រោះរងសម្ពាធ ភិតភ័យពីសុវត្ថិភាពថែមទៀត។ លើសពីនេះក្រុមអង្កការសង្គមស៊ីវិលទាំងនោះក៏បានបន្ថែមថា មន្ដ្រីអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនប្រសិនជាមិនការដាក់បញ្ជាពីថ្នាក់ដឹកនាំឱ្យខិតខំធ្វើការទេ គឺមិនងាយនឹងចាប់ជនល្មើសបានឡើយ។
សូមរំឭកថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅមានករណីជះទឹកអាស៊ីតដែលបង្កឡើងដោយប្ដីទៅលើប្រពន្ធដែលត្រូវសមត្ថកិច្ចសន្និដ្ឋានថាអាចបណ្ដាលមកពីការប្រចណ្ឌ។ បន្ទាប់ពីជនល្មើសឈ្មោះ ង៉ែត ផល្លា ដែលជាប្ដីស្ដ្រីរងគ្រោះឈ្មោះ ស៊ុំ សុខនី បានប្រព្រឹត្ដិហិង្សាជះទឹកអាស៊ីតទៅលើប្រពន្ធត្រូវចូលសម្រាកព្យាលបាលក្នុងមន្ទីរពេទ្យរួចមក បុរស់ដែលជាជនបង្ករូបនោះក៏ធ្លាប់បានហៅទួរស័ព្ទទៅរកស្ដ្រីរងគ្រោះជាច្រើនលើកដែរ ដែលការហៅទួរស័ព្ទទៅនោះមានទាំងការគំរាមគំហែងសមាជិកគ្រួសារ និងលួងលោមដើម្បីសុំជានាជាមួយស្ដ្រីរងគ្រោះឡើងវិញផងដែរ៕