en     km
en     km

រយៈពេល​ជាង​១​ខែ​ សមត្ថកិច្ច​មិន​ទាន់​តាម​ចាប់​ជនល្មើស​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​ មក​ផ្ដន្ទាទោស​នៅឡើយ​

Share

សមត្ថកិច្ច​ខណ្ឌមានជ័យ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បានឱ្យ​ដឹង​ថា​ ជនល្មើស​ដែល​បង្ក​ហិង្សា​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​កាលពីដើម​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​គឺ​មិន​ទាន់​ អាច​កំណត់​ទីតាំង​ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​បាន​នៅឡើយ​ទេ​។​ ទន្ទឹម​នឹង​ចំណាត់ការ​នៅ​តែ​យឺតយ៉ាវ​នេះ​ សង្គម​ស៊ី​វិល​ធ្វើ​ការងារ​ការពារ​សិទ្ធិ​មនុស្ស​ថ្មីៗ​នេះ​បាន​បន្ត​ទាមទារ​ឱ្យ​ព​ន្លឿ​ន​ ការ​នាំ​ខ្លួន​ជនល្មើស​មក​ប្រឈម​មុខ​ផ្លូវច្បាប់​ ។​

​រាយការណ៍​ដោយ​ លៀ​ ស៊ី​ណា​ ៖

រូបតំណាង
រូបតំណាង

អធិការរង​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​អាច​កំណត់​ទីតាំង​លាក់ខ្លួន​ជន​ល្មើ​ល​ដែល​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​បាន​នៅឡើយ​ទេ​។​

លោក​ ហ៊ូ​ ម៉េ​ង​វ៉ាង​ អនុសេនីយឯក​ និង​ជា​អធិការរង​ ខណ្ឌមានជ័យ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ សមត្ថកិច្ច​ខិតខំ​ស្វែងរក​ទីតាំង​ជនល្មើស​ឈ្មោះ​ ង៉ែត​ ផល្លា​ គ្រប់កន្លែង​ដែល​ជន​នោះ​ធ្លាប់​បង្ហាញខ្លួន​ដែរ​តែ​ពុំ​មាន​តម្រុយ​ឡើយ​។​

លោក​ ហ៊ូ​ ម៉េ​ង​វ៉ាង​ ក៏​បាន​ថ្លែង​បញ្ជាក់​ពី​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា​ សមត្ថកិច្ច​នៅ​តែ​បន្ដ​ការ​ខិតខំ​ស្វែងរក​ជនល្មើស​មិន​ប​ន្ថូ​ដៃ​នោះ​ឡើយ​។​ លោក​ថា​ សមត្ថកិច្ច​គឺ​ធ្វើការ​គោរព​តួនាទី​របស់​ខ្លួន​ដោយ​មិន​គិត​ថា​ជន​រង​គ្រោះជា​អ្នកមាន​ឬ​អ្ន​ក្រ​នោះ​ទេ​។​

លោក​បន្ថែម​ថា​៖​ «​និយាយ​រួម​ខាង​សមត្ថកិច្ច​ខ្ញុំ​ និយាយ​រួមការ​ស្រាវជ្រាវ​អស់ពី​ចិត្ដ​ពី​ថ្លើម​ហ្មង​ និយាយ​រួម​ គឺ​សមត្ថកិច្ច​ជំនាញ​ត្រូវ​តែ​ខិតខំ​បើ​មាន​ករណី​ហើយ​ត្រូវ​តែ​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​»​។​

ចំណែក​អ្នកស្រី​ ស្រី​ ណ​យ​ ដែល​ត្រូវជា​ម្ដាយ​ស្ដ្រី​រង​គ្រោះ​មាន​ប្រសាសន៍​ថា​ អ្នកស្រី​នា​ពេល​នេះ​មិន​ចង់បាន​អ្វី​ក្រៅ​តែ​ពី​យុត្ដិធម៌​សម្រាប់​កូន​ដែល​ខំ​ចិញ្ចឹម​ឱ្យ​ធំ​ដឹងក្ដី​អស់​រយៈពេល​ជិត​៣០​ឆ្នាំ​ មក​នោះ​ទេ​។​

​អ្នកស្រី​ថា​ ថ្វី​ត្បិត​អាកា​រៈ​ជំងឺ​កូន​របស់​អ្នកស្រី​បាន​ធូរស្រាល​ជាង​ ស​ប្ដា​ហ៍​មុន​បន្ដិច​ហើយ​ក្ដី​តែ​អ្នកស្រី​នៅ​តែ​បារម្ភ​ខ្លាច​អតីត​ប្ដី​កូនស្រី​អ្នកស្រី​មក​យាយី​ជីវិត​ម្ដងទៀត​ព្រោះ​សមត្ថកិច្ច​មិន​ចាប់​ជន​ដៃដល់​បាន​នៅឡើយ​។​ អ្នកស្រី​ ណ​យ​ បាន​បញ្ជាក់​ថា​ ការ​រង​ចាំ​ពី​មួយ​ថ្ងៃមួយ​ហាក់បីដូចជា​ ក្ដី​សង្ឃឹម​នៅ​ឆ្ងាយ​ណាស់​ព្រោះ​ពេល​ដែល​សួរ​ទៅ​សមត្ថកិច្ច​ពេល​ណា​ក៏​ថា​ នៅ​មិន​ទាន់​មាន​តម្រុយ​នោះ​ទេ​។​

អ្នកស្រី​បន្ថែម​ថា​៖​ «​ ខ្ញុំ​មាន​អារម្មណ៍​តូចចិត្ដ​ណាស់​ខ្ញុំ​ មិន​គួរ​ណា​កូន​ខ្ញុំ​វា​ដល់​ថ្នាក់​ហ្នឹង​ ខ្ញុំ​ខំ​ចិញ្ចឹម​កូនចិញ្ចឹម​ចៅ​ ម៉ែឪ​ខំ​ចិញ្ចឹម​មក​ហើយ​ អន់ចិត្ដ​ណាស់​ពេល​ឃើញ​មុខ​កូន​គេ​លើក​ឱ្យ​អង្គុយ​មក​មុខ​មើល​មិន​យល់​មិនដឹង​ស្អី​»​។​

ពាក់ព័ន្ធ​ករណី​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​នេះ​ ក្រុម​អង្ក​ការ​សង្គម​ស៊ី​វិល​ដែល​ ធ្វើការ​ផ្នែក​លើកកម្ពស់​សិទ្ធិ​មនុស្ស​ ក៏​បាន​រិះគន់​ចំពោះ​ចំណាត់​ នឹង​ការ​ធ្វើការ​យឺតយ៉ាវ​របស់​មន្ដ្រី​សមត្ថកិច្ច​ថា​ មិន​អាច​ការពារ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ហើយ​ នៅ​បណ្ដោយ​ឱ្យ​ជន​រង​គ្រោះ​រង​សម្ពាធ​ ភិតភ័យ​ពី​សុវត្ថិភាព​ថែម​ទៀត​។​ លើស​ពី​នេះ​ក្រុម​អង្ក​ការ​សង្គម​ស៊ី​វិល​ទាំងនោះ​ក៏​បាន​បន្ថែម​ថា​ មន្ដ្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយ​ចំនួន​ប្រសិនជា​មិន​ការ​ដាក់​បញ្ជា​ពី​ថ្នាក់ដឹកនាំ​ឱ្យ​ខិតខំ​ធ្វើការ​ទេ​ គឺ​មិន​ងាយ​នឹង​ចាប់​ជនល្មើស​បាន​ឡើយ​។​

សូម​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​មាន​ករណី​ជះ​ទឹក​អាស៊ីត​ដែល​បង្ក​ឡើង​ដោយ​ប្ដី​ទៅ​លើ​ប្រពន្ធ​ដែល​ត្រូវ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​បណ្ដាល​មក​ពី​ការ​ប្រចណ្ឌ​។​ បន្ទាប់​ពី​ជនល្មើស​ឈ្មោះ​ ង៉ែត​ ផល្លា​ ដែល​ជា​ប្ដី​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ស៊ុំ​ សុខ​នី​ បាន​ប្រព្រឹត្ដិ​ហិង្សា​ជះ​ទឹក​អាស៊ី​តទៅ​លើ​ប្រពន្ធ​ត្រូវ​ចូល​សម្រាក​ព្យា​ល​បាល​ក្នុង​មន្ទីរពេទ្យ​រួច​មក​ បុរស់​ដែល​ជា​ជន​បង្ក​រូប​នោះ​ក៏​ធ្លាប់​បាន​ហៅ​ទួ​រ​ស័ព្ទ​ទៅ​រក​ស្ដ្រី​រង​គ្រោះជា​ច្រើន​លើក​ដែរ​ ដែល​ការ​ហៅ​ទួ​រ​ស័ព្ទ​ទៅ​នោះ​មាន​ទាំង​ការ​គំរាម​គំ​ហែង​សមាជិកគ្រួសារ​ និង​លួងលោម​ដើម្បី​សុំ​ជានា​ជាមួយ​ស្ដ្រី​រង​គ្រោះ​ឡើង​វិញ​ផង​ដែរ​៕

Share

Image
Image
Image