en     km
en     km

អ្នកវិភាគ​៖​ ប្រធានាធិបតី​ថ្មី​ភូមា​គួរ​ជ្រើសតាំង​លោកស្រី​ អ៊ុ​ង​សាន​ សូ​ជី​ ជា​នាយក​រដ្ឋមន្ត្រី​

Share

cover-Aung-San-Suu-Kyi
ភូមា៖
ប្រទេស​ភូមា​ទើបតែ​មាន​ប្រធានាធិបតី​ចំនួន​ ៩​ នាក់​ប៉ុណ្ណោះ​ ចាប់តាំងពី​ប្រទេស​នេះ​បាន​ដណ្ដើម​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៨​ ហើយ​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ​គឺ​មក​ពី​គណបក្សប្រឆាំង​ដែល​អ្នកវិភាគ​ ផ្ដល់​អនុសាសន៍​ថា​ គួរ​ជ្រើសតាំង​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​។​ ​លោក​ប្រធានាធិបតី​ U​ Htin​ Kyaw​ អាយុ​ ៦៩​ ឆ្នាំ​ គឺជា​មនុស្ស​ស្និទ្ធ​បំផុត​របស់​មេ​បក្ស​ប្រឆាំង​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ។​

​លោក​ទទួល​បានការ​តែងតាំង​ជា​ប្រធានាធិបតី​ភូមា​នៅ​ពេល​ដែល​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​អតីត​របប​យោធា​ហាម​លោកស្រី​ធ្វើ​ជា​ប្រធានាធិបតី​។​ ​អ្នកវិភាគ​មើលឃើញ​ថា​ប្រធានាធិបតី​ថ្មី​រូប​នេះ​ គឺជា​មនុស្ស​តែ​មួយ​គត់​ដែល​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មាន​ទំនុកចិត្ត​ខ្លាំង​ជាងគេ​ដើម្បី​ដឹកនាំ​ប្រទេស​។​

​អ្នកវិភាគ​ម្នាក់​ គឺ​លោក​ ឌឺ​រេ​ក​ តុ​ន​គី​ន​  (Derek​ Tonkin​ )​ អតីត​អ្នកការទូត​ប្រទេស​អង់គ្លេស​ នៅ​ប្រទេស​ថៃ​ និង​វៀតណាម​ មើលឃើញ​ថា​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ គឺ​ដូច​ប្រធាន​គណបក្ស​សមាជជាតិ​នៃ​ប្រទេស​ឥណ្ឌា​ គឺ​លោកស្រី​ ហ្ស៊ី​ញ៉ា​ ហ្គា​ន​ធី​ ជា​ប្រធាន​គណបក្ស​សមាជជាតិ​។​

​លោក​ថា​លោកស្រី​ ហ្ស៊ី​ញ៉ា​ ហ្គា​ន​ធី​ មិន​បាន​កាន់​តំណែង​ប្រធានាធិបតី​ទេ​ តែ​លោកស្រី​បាន​តែងតាំង​បណ្ឌិត​ Manmohan​ Singh​ ធ្វើ​ជា​នាយក​រដ្ឋមន្ដ្រី​។​ប៉ុន្ដែ​លោ​កថា​សម្រាប់​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត​ត្រា​ គឺ​មិន​ដូច្នេះ​ទេ​ លោក​ជា​ប្រធាន​គណបក្ស​ស្រមោល​នៃ​គណបក្ស​របស់​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត​ត្រា​។​

​ក្នុង​បទ​សម្ភាស​ជាមួយ​កាសែត​ភូមា​ Irrawaddy​  លោក​ ឌឺ​រេ​ក​ តុ​ន​គី​ន​  ផ្ដល់​អនុសាសន៍​ថា​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ គួរតែ​ទទួល​បាន​ឋានៈ​មួយ​ចំពោះ​ កិត្តិយស​របស់​លោកស្រី​ គឺ​នាយក​រដ្ឋមន្ដ្រី​។​
​អ្នកវិភាគ​រូប​នេះ​ពន្យល់​ថា​រដ្ឋធម្មនុញ្ញ​ភូមា​មិន​បាន​ចែង​អំពី​នាយក​រដ្ឋមន្ដ្រី​ពិតមែនតែ​ប្រធានាធិបតី​ថ្មី​ដែល​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ លើក​បន្តុប​មាន​សិទ្ធិ​អំណាច​តែងតាំង​បែប​នេះ​។​

​អ្នកវិភាគ​ម្នាក់​ទៀត​ Naing​ Ko​ Ko​ ជា​និស្សិត​រៀន​ថ្នាក់បណ្ឌិត​ នៅ​សាកលវិទ្យាល័យ​ ជាតិ​អូស្ត្រាលី​ ពិនិត្យ​ឃើញ​ថា​ អាទិភាព​ដំបូង​ គឺ​គណបក្សកាន់អំណាច​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ត្រូវ​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ២០០៨​ ដែល​រៀបរៀង​ដោយ​ពួក​យោធា​ ប៉ុន្តែ​លោក​ត្រូវ​ធានា​ថា​ ត្រូវ​ទុក​អាសនៈ​សម្រាប់​ពួក​យោធា​ឱ្យ​នៅ​ដដែល​ គឺ​កែប្រែ​តែ​មាត្រា​ដែល​ហាម​លោកស្រី​ ឈរ​តំណែង​ប្រធានាធិបតី​ ។​ តែ​នៅ​ពេល​នេះ​ លោក​ថា​ ត្រូវ​គិត​ពី​កម្លាំង​សាមគ្គី​ជាតិ​ ឱ្យ​បាន​រឹង​មាំ​ជា​មុន​សិន​ ។​ អ្នកវិភាគ​ Naing​ Ko​ Ko​ ក៏​មាន​ទស្សនៈ​ ប្រហាក់ប្រហែល​ លោក​ ឌឺ​រេ​ក​ តុ​ន​គី​ន​ ចំពោះ​ ការ​លើកតម្កើង​កិត្តិយស​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មាន​ឋានៈ​ខ្ពង់ខ្ពស់​ ស័ក្តិ​ជា​វីរជន​របស់​ជាតិ​ភូមា​។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ជា​ជើងឯក​ប្រជាធិបតេយ្យ​តែ​មួយ​គត់​នៃ​ប្រទេស​ភូមា​ លោកស្រី​បាន​ប្រាប់​ជនរួមជាតិ​របស់​លោកស្រី​ឱ្យ​គាំទ្រ​ប្រធានាធិបតី​ថ្មី​រូប​នេះ​ដោយ​លោកស្រី​សន្យា​ថា​លោកស្រី​នឹង​កាន់​តំណែង​រដ្ឋមន្ដ្រី​ការ​បរទេស​។​ តំណែង​រដ្ឋមន្ដ្រី​ការ​បរទេស​ត្រូវ​បាន​មើលឃើញ​ថា​មាន​វិសាលភាព​ទំនាក់ទំនង​ការទូត​យ៉ាង​ខ្លាំង​ជាមួយនឹង​សហគមន៍​អន្ដរជាតិ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា​ខ្លួន​នឹង​ពិចារណា​ផ្ដល់​ជំនួយ​រាប់​សិប​លាន​ដុល្លារ​ទៅ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​គណបក្សប្រឆាំង​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ហើយ​ជាមួយ​គ្នា​នេះ​សហរដ្ឋអាមេរិក​ ជប៉ុន​ក៏​បាន​សន្យា​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​ប្រទេស​ភូមា​ផង​ដែរ​ នៅ​ខណៈ​ប្រទេស​ហ្វាំ​ង​ឡង់​សន្យា​ផ្ដល់​ប្រាក់​ ៤​ លាន​អឺ​រ៉ូ​។​

លោក​ U​ Htin​ Kyaw
លោក​ U​ Htin​ Kyaw

​លោក​ U​ Htin​ Kyaw​ គឺជា​ប្រធានាធិបតី​ ត្រូវ​បាន​តែងតាំង​ចេញពី​សភា​ ដែល​នាំមុខ​ដោយ​ គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​។​ ប្រទេស​អាស៊ី​អា​គ្នេ​យ៌​មួយ​នេះ​ មាន​ប្រធានាធិបតី​ ទើបតែ​៩​រូប​ប៉ុណ្ណោះ​ ចាប់​តាំង​ ពី​ប្រទេស​នេះ​បាន​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​នៅ​ឆ្នាំ​១៩៤៨​។​ ប្រធានាធិបតី​ដំបូង​គេ​គឺ​ព្រះ​អង្គ​ម្ចាស់​ Sao​ Shwe​ Thaik​។​ ប្រទេស​នេះ​ ក៍​ធ្លាប់​ឆ្លងកាត់​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ដំបូង​ នៅ​ឆ្នាំ​១៩៦២​ ដោយ​ ទម្លាក់​ព្រះ​អង្គ​ម្ចាស់​រូប​នេះ​ពី​អំណាច​។​ មេដឹកនាំ​រដ្ឋប្រហារ​ គឺ​ឧត្តមសេនីយ​ Ne​ Win​។​ ព្រះ​អង្គ​ម្ចាស់​ Sao​ Shwe​ Thaik​ ត្រូវ​បាន​ចាប់ខ្លួន​ ហើយ​ក្រោយមក​សុគត​នៅ​ក្នុង​ពន្ធនាគារ​ ។​

​ប្រធានាធិបតី​ខ្លះ​កាន់​អំណាច​បាន​ តែ​ ១៧​ ថ្ងៃ​ ក៏​មាន​ដែរ​ និង​ខ្លះ​ទៀត​បាន​ ៣០​ ថ្ងៃ​។​ ប្រធានាធិបតី​ទី​៨​ គឺ​ លោក​ ថេ​ន​ សេន​។​ មេដឹកនាំ​កែទម្រង់​រូប​នេះ​ត្រូវ​បាន​ ពួក​យោធា​លើក​បន្តុប​ឱ្យ​ដឹកនាំ​ប្រទេស​ នៅ​ឆ្នាំ​២០១១​ គេ​ហៅ​ថា​ រដ្ឋាភិបាល​ពាក់កណ្ដាល​ យោធា​ និង​ស៊ី​វិល​។​ លោក​ជា​អ្នក​កែទម្រង់​ប្រទេស​ទៅ​តាម​ ការ​ចង់បាន​របស់​លោក​ខាងលិច​។​

​អ្នកវិភាគ​ទាំង​ ២​ រូប​ខាងលើ​នេះ​ បាន​ប្រ​មើ​មើល​ថា​ ដើម្បី​ឱ្យ​រដ្ឋាភិបាល​មាន​ស្ថិរភាព​ គេ​ត្រូវ​ មាន​តំណែង​នាយក​រដ្ឋមន្ត្រី​ ហើយ​ប្រធានាធិបតី​គួរ​មាន​តួនាទី​ត្រឹមតែ​មេដឹកនាំ​ពិធីការ​ (Nominal​ leader​ )៕

ប្រភព​៖​ Irrawaddy

Share

Image
Image
Image