មន្ដ្រីចារកម្មរបស់សហរដ្ឋអាមេរិកបានប្រាប់បណ្ដាញផ្សាយព័ត៌មាន CNN ថានាវាមុជទឹករបស់កូរ៉េខាងជើងដែលបានបាត់ខ្លួននោះគឺវាបានបើកចេញពីមូលដ្ឋានរបស់វាជាច្រើនថ្ងៃមកហើយ ហើយវាអាចលិចនៅក្រោមបាតសមុទ្រដោយឧបទ្ទវហេតុអ្វីមួយ។
ការបាត់នាវានាមុជទឹកនេះ គឺកើតឡើងចំពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើងដោយសារតែអាមេរិក និងកូរ៉េខាងត្បូង បើកប្រតិបត្តិការសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទោះបីជាកូរ៉េខាងជើងព្រមានពីការផ្ទុះសង្គ្រាមប្រឆាំងនឹងសមយុទ្ធនេះក៏ដោយ។
នៅពេលជាមួយគ្នានេះកូរ៉េខាងជើងបានព្រមានជាថ្មីម្ដងទៀតថាខ្លួននឹងធ្វើសង្គ្រាមប្រសិនបើរកឃើញថានាវាមុជទឹកនេះបាត់ដោយការវាយប្រហារណាមួយនោះ។ បើទោះជាយ៉ាងនេះក្ដីបើយោងតាមវិទ្យាស្ថាននាវាអាមេរិក គឺកងទ័ពជើងទឹកអាមេរិកក៏កំពុងតាមប្រមាញ់នាវាដែលបាត់ខ្លួននេះផងដែរ។
បណ្ដាញផ្សាយព័ត៌មាន CNN បាននិយាយថាកូរ៉េខាងជើងមានមូលដ្ឋានទ័ពនាវាជើងទឹករបស់ខ្លួនចំនួនពីរ។ អ្នកជំនាញខាងនាវាចរណ៍និយាយថា ប្រសិនបើនាវាមុជទឹកកូរ៉េខាងជើងត្រូវបានលិចក្នុងបាតសមុទ្រមែននោះ គឺជាការលំបាកដើម្បីស្វែងរកនាវានេះត្រឡប់មកវិញ។
ប្រភព៖ BBC