ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា ពិនិត្យឡើងវិញប្រតិបត្តិការរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលសម្ដេចថាមានទិសដៅបោកប្រាស់ និងជំរឹតរឹបអូសយកផ្ទះសម្បែង ដីធ្លីរបស់ប្រជាពលរដ្ឋ។
សម្តេច ហ៊ុន សែន បានថ្លែងដូចនេះនៅក្នុងកម្មវិធីបើកសន្និសីទស្ដីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦។ សម្ដេច បានថ្លែងថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលបានប្រែក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល កំពុងធ្វើសកម្មភាពបោកប្រាសប្រជាពលរដ្ឋ តាមរយៈផ្តល់អត្រាការប្រាក់ខ្ពស់ និងផ្តល់ប្រាក់កម្ចី ដោយមិនពិនិត្យពីលទ្ធភាព នៃការផ្តល់សំណង និងកម្ចី ច្បាស់លាស់ ហើយទីបំផុតកើតមានរឿងក្ដីក្លាំង ឈានដល់ ការរឹបអូសទ្រព្យសម្បត្តិកូនបំណុល។
សម្តេចនាយករដ្ឋមន្ត្រី បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ នៃកម្ពុជា ត្រូវពិនិត្យ និងចាត់វិធានការទៅតាមច្បាប់ ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងឡាយ ដែលប្រតិបត្តិការមិនសុចរិតភាព៕