en     km
en     km

ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​បាន​អះអាង​ថា​ កវី​ វ៉ោ​យ​ ហូរ​ នេះ​ពិត​គឺ​មិនមែន​ក្លែងក្លាយ​ទេ​

Share

ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ ហេង​ ស៊្រា​ង​ បាន​ចេញ​មក​បញ្ជាក់​ថា​ កវី​ វ៉ោ​យ​ ហូរ​ ដែល​មាន​មតិ​មួយ​ចំនួន​សង្ស័យ​លោក​ថា​ មិនមែន​ជា​ កវី​ វ៉ោ​យ​ ហូរ​ ពិត​នោះ​ គឺជា​ការ​លើក​ឡើង​ដោយ​គ្មាន​ភស្តុ​តាង​។​

​ដូច​គ្នា​នេះ​ដែរ​ កវី​ វ៉ោ​យ​ ហូរ​ ដែល​មាន​មតិ​ចោទ​ថា​ ជា​ជន​ក្លែងបន្លំ​ក៏​បាន​អះអាង​ថា​ លោក​ ពិតជា​ វ៉ោ​យ​ ហូរ​ កាលពី​ទសវត្សរ៍​ទី​៦០​ ពិតប្រាកដ​។​ ផ្ទុយ​ពី​ការ​លើក​ឡើង​ខាងលើ​ លោក​ សេង​ ដា​រ៉ា​ ដែល​ជា​អ្នក​ស្រាវជ្រាវ​បទ​ចម្រៀង​ជំនាន់​ដើម​ និង​ជា​អ្នកនិពន្ធ​រឿង​ប្រលោមលោក​ បាន​បដិសេធ​ថា​ កវី​ វ៉ោ​យ​ ហូរ​ បាន​ស្លាប់​បាត់​ទៅ​ហើយ​។​

​ជូន​ព័ត៌មាន​លម្អិត​ ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ៖

cover-writer-Voy-Ho-&-PoSakun
លោកកវី​និពន្ធ វ៉ោ​យ​ ហូរ និងកញ្ញា​ ប៉ូ​ សា​គុន (អ្នកយកព័ត៌មានវិទ្យុស្ត្រី)

​បន្ទាប់​ពី​វិទ្យុ​ស្ត្រី​ FM​ 102​ បាន​ជួប​សម្ភាស​ជាមួយ​ កវី​ វ៉ោ​យ​ ហូរ​ ក្រោម​ប្រធានបទ​ កវី​ វ៉ោ​យ​ ហូរ​ ប្រាប់​ពី​គន្លឹះ​នៃ​ការ​តែង​និពន្ធ​បទ​ចម្រៀង​រួច​មក​ មាន​មតិ​ជា​ច្រើន​បាន​បញ្ចេញ​មតិយោបល់​ ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ comment​។​

​ពួក​គេ​បាន​សរសេរ​យោបល់​របស់​ខ្លួន​លើ​គេហទំព័រ​ព័ត៌មាន​ នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ (​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ |​ Women’s​ Radio​ FM102)​ ថា​ វ៉ោ​យ​ ហូរ​ នេះ​មិនមែន​ជា​ វ៉ោ​យ​ ហូរ​ ពិត​នោះ​ទេ​ អ្នកខ្លះ​ថា​ពិត​ អ្នកខ្លះ​ទៀត​ថា​ពិត​មិន​ពិត​មិន​សំខាន់​ សំខាន់​គាត់​ជា​អ្នកមាន​ទេព​កោសល្យ​ គួរតែ​យក​គាត់​មក​បង្រៀន​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​
​កវី​ វ៉ោ​យ​ ហូរ​ បាន​តាក់តែង​ចម្រៀង​ កាល​នៅ​ទសវត្សរ៍​ទី​៦០​ និង​៧០​ បាន​ជាង​ ៥០០​ បទ​ ហើយ​ទំនុកច្រៀង​មាន​គ្រប់​ចង្វាក់​ មាន​ចម្រៀង​បែប​មនោសញ្ចេតនា​ជាដើម​។​ កវី​ វ៉ោ​យ​ ហូរ​ ចាប់​ល្បី​បោះ​សំឡេង​ នៅ​ពេល​អ្នកចម្រៀង​សំឡេង​ឯក​ ស៊ី​ន​ ស៊ី​សា​មុត​ ក៍​ចាប់ផ្ដើម​ល្បី​ផង​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ​ ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​ លោក​សាស្ត្រាចារ្យ​ ហេង​ ស៊្រា​ង​ និង​កវី​ វ៉ោ​យ​ ហូរ​ បាន​អះអាង​ថា​ វ៉ោ​យ​ ហូរ​ រូប​នេះ​ពិតជា​ វ៉ោ​យ​ ហូរ​ ពិតប្រាកដ​មែន​។​ លោក​សាស្ត្រាចារ្យ​ ហេង​ ស៊្រា​ង​​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ ថា​ លោក​បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​ចំនួន​ ៣​ ក្រុម​ ដើម្បី​ស្រាវជ្រាវ​ជាមួយ​កវី​ វ៉ោ​យ​ ហូរ​ ទៅ​ដល់ទី​កន្លែងផ្ទះ​អស់​រយៈពេល​ ៣​ ឆ្នាំ​ ទើប​លោក​ហ៊ាន​អះអាង​ថា​ វ៉ោ​យ​ ហូរ​ នេះ​ គឺ​ពិតជា​  កវី​ វ៉ោ​យ​ ហូរ​ កាលពី​ទសវត្សរ៍​ឆ្នាំ​៦០​ ប្រាកដ​មែន​។​

«​ខ្ញុំ​អឺ​ បង្កើត​ក្រុម​ស្រាវជ្រាវ​អឺ​ ឱ្យទៅ​ស្រាវជ្រាវ​ ឱ្យទៅ​ជួប​គាត់​ ទី​មួយ​ក្រុម​អ្នកនិពន្ធ​ ទី​២​ក្រុម​តូ​តន្ត្រី​ ហើយ​ទី​បី​ អ្នក​ស្រាវជ្រាវ​របស់​ការ​សែត​អឺ​ ភ្នំពេញ​ប៉ុស្តិ៍​ ចឹ​ង​យើង​មាន​បី​ក្រុម​ទៅ​ស្រាវជ្រាវ​ រយៈពេល​ពីរ​ បី​ឆ្នាំ​បាន​យើង​ទទួលស្គាល់​ថា​គាត់​ វ៉ោ​យ​ ហូរ​…»​។​

​លោក​សាស្ត្រាចារ្យ​ ហេង​ ស៊្រា​ង​​ បាន​បញ្ជាក់​ថា​ បើ​មាន​ន​ណា​ម្នាក់​ចង់​ដឹង​ការ​ពិត​ថា​ កវី​ វ៉ោ​យ​ ហូរ​ ពិត​ឬ​ក្លែងក្លាយ​នោះ​ សូម​ទៅ​ជួប​លោក​ផ្ទាល់​នៅ​សមាគម​ន៍​ប៊ិ​ច​កម្ពុជា​ ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​លោក​ក៏​បាន​។​

»​យក​ល្អ​ឱ្យ​អឺ​ ទស្សនិកជន​ណា​ដែល​ឆ្ងល់​ ដែល​សង្ស័យ​ហ្នឹង​មក​ជួប​ខ្ញុំ​ អើយ​អឺ​ មាន​លេខ​ទូរស័ព្ទ​ខ្ញុំ​ ឬ​ក៏​មាន​ការិយាល័យ​ខ្ញុំ​អី​មក​ជួប​ខ្ញុំ​ប្រសើរ​ជាង​ពាក្យ​ចរ​ចាម​អារាម​ ព្រោះ​ខ្មែរ​យើង​មាន​ទម្លាប់​អវិជ្ជមាន​ហ្នឹង​មួយ​ គឹ​អឺ​ មិន​ស្រាវជ្រាវ​ទេ​ ហើយ​ទី​មួយ​ ទី​ពីរ​ អ្នកខ្លះ​អត់​ចេះ​អី​ទេ​ តែ​មក​ប្រដៅ​មក​ផ្តល់​យោបល់​ឱ្យ​អ្នកចេះ​ដឹង​អា៎​!…»​។​

​ផ្ទុយ​ពី​ការ​លើក​ឡើង​ខាងលើ​ អ្នក​ស្រាវជ្រាវ​បទ​ចម្រៀង​ជំនាន់​ដើម​ និង​ជា​អ្នកនិពន្ធ​រឿង​ប្រលោមលោក​ លោក​ សេង​ ដា​រ៉ា​ បាន​បញ្ជាក់​ថា​ កវី​ វ៉ោ​យ​ហូរ​ បាន​ស្លាប់​តាំងពី​ឆ្នាំ​ ១៩៧៦​ ជាមួយ​ភរិយា​របស់​គាត់​គឺ​អ្នកស្រី​ ដា​រ៉ា​ ចោម​ច័ន្ទ​ មក​ម្ល៉េះ​។​

»​វ៉ោ​យ​ ហូរ​ គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​កាលពី​ឆ្នាំ​១៩៧៦​ នៅ​ឯ​ខេត្តកំពង់ឆ្នាំង​ជាមួយ​ភរិយា​គាត់​ គឺ​អ្នកស្រី​ តារា​ ចោម​ច័ន្ទ​។​ កាលពី​ ដូច​ឆ្នាំ​២០១១​ កាល​ហ្នឹង​គាត់​មក​រក​ខ្ញុំ​មុនគេ​ ហើយ​ក្រោយមក​ខ្ញុំ​ក៏​អត់​ចាប់អារម្មណ៍​ដែរ​ ព្រោះ​ខ្ញុំ​ដឹង​ថា​ វ៉ោ​យ​ ហូរ​ ស្លាប់​បាត់​ហើយ​ …»​។​

​លោក​ វ៉ោ​យ​ ហូរ​ ដែល​ត្រូវ​បាន​មតិ​មួយ​ចំនួន​ចោទប្រកាន់​លោក​ ថា​ជា​ជន​ក្លែងបន្លំ​នោះ​ បាន​អះអាង​ថា​ លោក​មិន​កុហក​នរណា​ម្នាក់​ឡើយ​ ហើយ​រឿង​ដែល​លោក​បាន​ជួប​ប្រទះ​ កាល​កន្លង​មក​ធ្វើ​ឱ្យ​លោក​ឆ្អែតចិត្ត​។​

«​មាន​បងប្អូន​របស់​លោក​អុំ​ មក​ពី​បារាំង​ មក​ពី​អា​មេ​រិ​កអី​ មក​អះអាង​ ជិះ​យន្តហោះ​ពី​ប្រទេស​គេ​ មក​ដល់​កម្ពុជា​ មក​អះអាង​ថា​ លោក​អុំ​ មិនមែន​ជា​ឪពុក​ ឬ​ក៏​ វ៉ោ​យ​ ហូរ​ ឪពុក​របស់​គេ​ពិត​ទេ​ អឺ​ សម្រាប់​សម្តី​នេះ​ តើ​លោក​អុំ​បកស្រាយ​យ៉ាងណា​ចា៎​?​  អឺ​អា​ អា​រឿង​ហ្នឹង​ខ្ញុំ​អឺ​ បាន​បកស្រាយ​ហើយ​តើ​ កាលណា​រំឭក​រឿង​ចាស់​ឡើង​ វា​ឆ្អែតចិត្ត​ បាន​ខ្ញុំ​ត្រដររស់​ម្នាក់ឯង​រហូត​ ហើយ​ក៏​ខ្ញុំ​ត្រដររស់​ដល់ទី​បញ្ចប់​ ដល់​ថ្ងៃ​ស្លាប់​របស់ខ្ញុំ​ដែរ​»​។​

​សូម​បញ្ជាក់​ថា​ សមាគម​ប៊ិ​ច​កម្ពុជា​ គឺជា​សមាគម​អន្តរជាតិ​មួយ​ ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ឡុ​ង​ដ៍​ ប្រទេស​អង់គ្លេស​ ដោយ​មាន​សាខា​នៅ​លើ​ពិភពលោក​ ចំនួន​ ១៤៦​ ប្រទេស​។​ សមាគម​នេះ​ធ្វើ​ការងារ​ទាក់ទង​ទៅ​នឹង​ផ្នែក​រដ្ឋបាល​ នឹង​ទាក់ទង​ទៅ​លើ​ការ​ការពារ​សិទ្ធិ​អ្នកនិពន្ធ​។​

​សម្គាល់​៖​ បើ​អស់លោក​ ចង់​ទាក់ទង​លោក​សាស្ត្រាចារ្យ​ ហេង​ ស៊្រា​ង​​ ឬ​មក​សមាគម​ន៍​ប៊ិ​ច​កម្ពុជា​  ដើម្បី​សុំ​ការ​បកស្រាយ​ ពី​ប្រវត្តិ​កវី​ វ៉ោ​យ​ ហូរ​ តាម​រយៈ​លេខ​ទូរស័ព្ទ​ ៖​ ០១៦​ ៥៨​ ៥៥​ ៦៥​ ឬ​ ០៧៨​ ៥៦​ ៧៧​ ៧៣​។​

​សូម​បញ្ជាក់​ថា​វិទ្យុ​ស្ត្រី​ នឹង​មាន​បទ​សម្ភាស​មួយ​ជាមួយ​ប្រធាន​សមាគម​ប៊ិ​ច​កម្ពុជា​ នៅ​ពេល​ខាង​មុខ​ ដើម្បី​បញ្ជាក់​ថា​លោក​ វ៉ោ​យ​ ហូរ​ នេះ​ពិតជា​ វ៉ោ​យ​ ហូរ​ ពិតប្រាកដ​៕

Share

ព័ត៌មានទាក់ទង

Image