en     km
en     km

យុវជន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ ធ្វើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​

Share

ភ្នំពេញ៖ ក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន​ ជាមួយ​គណបក្ស​នយោបាយ​ ដែល​រៀបចំ​ដោយ​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន​នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​ ២០១៦​ នេះ​ យុវជន​ប្រមាណ​ជាង​ ៣០​ នាក់​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ ព​ន្លឿ​ន​​ឱ្យ​​មានច្បាប់​​ស្តី​ពី​​ឧស្សាហកម្ម​និស្សា​រណកម្ម​ ដែល​​ពួក​​​គេ​​អះ​អាង​ថា​ ជា​​ប្រយោជន៍​​ដើម្បី​​ធានា​​ដល់​​តម្លាភាព​​ក្នុង​​ការ​​ទទួល​បាន​​ធន​ធាន​​ប្រេង​។​

ក្រៅ​ពី​ការ​ទាមទារ​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​​នេះ​ ពួក​គេ​​ក៏​ចង់ឱ្យ​រដ្ឋាភិបាល​ស្តាប់​ និង​​បញ្ចូល​មតិ​យោបល់​​របស់​ពួក​គេ​​ក្នុង​​សេច​​ក្តី​ព្រាង​​ច្បាប់​​​នេះ​​ផង​ដែរ​​។​ ពាក់ព័ន្ធ​​នឹង​សេចក្តីព្រាងច្បាប់​ តំណាង​​មក​ពី​​ក្រសួង​រ៉ែ​​និង​ថាមពល​ បាន​អះអាង​ថា​ ​ក្រសួង​​កំពុង​​តែ​សិក្សា​​​ជា​មួយ​​អ្នក​​ជំនាញ​ ដើម្បី​ព​ន្លឿ​ន​សេចក្តីព្រាងច្បាប់​នេះ​​ឱ្យចេញ​​ជា​រូបរាង​នា​ពេល​ឆាប់​ៗ​​នេះ​។​​

Cover-oil-a-01
វាគ្មិនមកពីគណបក្សនយោបាយមានអាសនៈក្នុងសភាទាំងពីរក្នុង​កិច្ច​ពិភាក្សា​រវាង​យុវជន​ជាមួយ​គណបក្ស​នយោបាយ សម្របសម្រួលដោយ កញ្ញា ស៊ាប ស៊ីណេត សមាជិកបណ្តាញយុវជន YRDP

​ដើម្បី​ឱ្យ​កម្ពុជា​ទទួល​បាន​​អត្ថប្រយោជន៍​​ជា​​អតិបរមា​​ពី​ធនធាន​ប្រេង​ ដែល​កម្ពុជា​​នឹង​ទាញ​យក​មក​ប្រើ​​ក្នុង​ពេល​​ខាង​​មុខ​ ​ក្រុម​យុវជន​​ដែល​ខ្វាយ​ខ្វល់​ពី​​បញ្ហា​នេះ​ បាន​ជម្រុញ​​ឱ្យ​រដ្ឋា​ភិបាល​​ព​ន្លឿ​ន​ក្នុង​ការ​ពង្រាង​សេចក្តីព្រាងច្បាប់​ ​ស្តី​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​ ដើម្បី​ឱ្យ​ចេញ​ជា​រូបរាង​នឹង​​​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ​នេះ​។​​

​កញ្ញា​ ម៉ូ​ ចាន់​ណា​ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​​យូ​អ៊ឹម​អ៊ី​ ខេត្តបាត់ដំបង ​​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ព​ន្លឿ​ន​​ធ្វើ​សេចក្តីព្រាង​ច្បាប់​នេះ​​ឱ្យបាន​ឆាប់​​ ដោយ​សារ​​កញ្ញា​មើលឃើញ​ពី​បទ​ពិសោធ​របស់​ប្រទេស​​មួយ​​ចំនួន​ ព្រោះ​តែ​ការ​​គ្រប់​គ្រង​មិន​​មាន​​ភាព​​ច្បាស់​លាស់​ ធ្វើ​ឱ្យ​​សេដ្ឋ​កិច្ច​រ​បស់​​ប្រទេស​​នោះ​​ធ្លាក់​​ចុះ​ ទទួល​រង​​នូវ​​បណ្តា​សារ​​ពី​ធន​ធាន​ធម្មជាតិ​​ដែល​បញ្ហា​​នេះ​​ធ្វើ​ឱ្យ​​ យុវជន​​កម្ពុ​ជា​មួយ​ចំនួន​​បារម្ភ​​ខ្លាច​​កម្ពុជា​​ជួប​ហានិភ័យ​ ​ដូច​ប្រទេស​​ទាំងនោះ​ដែរ​​។​ ​​មូលហេតុ​នេះ​​ហើយ​ ​ទើប​កញ្ញា​​​ចង់ឱ្យ​ប្រទេស​​កម្ពុជា​​​មាន​ច្បាប់​មួយ​ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ ​និង​​តម្លាភាព​​នៃ​ការ​គ្រប់​គ្រង​ធន​ធានធម្មជាតិ​​។​​

​និស្សិត​ស្រី​រូប​នេះ​ បាន​បន្ត​ថា​ ទន្ទឹម​នឹង​ក្រសួង​កំពុង​ធ្វើ​ពង្រាង​ សេចក្តីព្រាងច្បាប់​ឧស្សាហកម្ម​និស្សា​រណកម្ម​នេះ​ កញ្ញា​ចង់ឱ្យ​ក្រសួង​យក​មតិយោបល់​របស់​ យុវជន​ និង​ប្រជាពលរដ្ឋ​បញ្ចូល​ក្នុង​ច្បាប់​នេះ​ផង​ដែរ​។

ចំណែក​ ​លោក​ ថន​ យូ​សៀង​ ជា​និស្សិត​ឆ្នាំ​ទីបី​​ នៃ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ បាន​និយាយ​ថា​ ​​ប្រសិន​​បើ​ច្បាប់​នេះ​ ត្រូវ​បាន​អនុ​ម័ត​​ចូល​​ជា​ធរមាន​ ក្រោម​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ ច្បាប់​នេះ​នឹង​អាច​គ្រប់​​គ្រង់​ធនធាន​ប្រេងកាត​ដែល​​នឹង​ត្រូវ​ទាញ​យក​ ប្រើប្រាស់​ក្នុង​ពេល​ខាង​មុខ​ មាន​ប្រសិទ្ធភាព​ តម្លាភាព​ និង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​​ដល់​ការ​អភិវឌ្ឍន៍​​ប្រទេស​ ក៏​ដូច​ជា​ប្រជាជន​។​ ​

SOK-SOKHAVAN
លោក សុខ ខាវ៉ាន់ វាគ្មិនតំណាងមកពីគណបក្សប្រជាជនកម្ពុជា

ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​ច្បាប់​នេះ​ ខ្វះ​ការ​​ពិភាក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ ប្រាកដ​ណាស់​ថា​ ច្បាប់​នេះ​នឹង​បង្ក​ជា​វិបត្តិ​ក្នុង​ការ​គ្រប់​គ្រប់​ធន​ធាន​ធម្ម​ជាតិ​​ ជាក់​ ជា​ពុំខាន​។​ ហេតុនេះ​ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ មានការ​បើក​ទូលាយ​ ឱ្យ​មានការ​ពិភាក្សា​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ ជា​ពិសេស​យុវជន​ ដែល​ជា​ក្រុម​នុស្ស​ មាន​សក្តានុពល​នៅ​ក្នុង​ប្រទេស​។​

​ឆ្លើយ​តប​នឹង ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​យុវជន​ លោក ​​សុខ​ ខា​វ៉ា​ន់​ តំណាង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​តំណាង​ឲ្យ​ក្រ​សួង​​​រ៉ែ​និង​​ថាម​ពល​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ សេចក្តីព្រាងច្បាប់​មួយ​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​។​លោក​ថា​ ក្រសួង​និង​ខិតខំ​បញ្ចប់​សេចក្តីព្រាងច្បាប់​ឱ្យ​បាន​ឆាប់​ ហើយ​ក្រសួង​នឹង​បើកឱកាស​ ឱ្យ​គ្រប់​ជ​ម្ឈ​ដ្ឋា​ន​បាន​ចូលរួម​បញ្ចេញមតិ​លើ​សេចក្តីព្រាងច្បាប់​នេះ​ ផងដែរ​។

លោក សុន ឆ័យ វាគ្មិនតំណាងមកពីគណបក្សសង្គ្រោះជាតិ
លោក សុន ឆ័យ វាគ្មិនតំណាងមកពីគណបក្សសង្គ្រោះជាតិ

ចំណែក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុ​ន​ ឆ័​យ​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​ថ្ងៃនេះ​ បាន​ថ្លែង​គាំទ្រ​ឱ្យ​ច្បាប់​ស្តី​ពី​ឧស្សាហកម្ម​និស្សា​រណកម្ម​ចេញ​ជា​រូបរាង​​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​ ។​ លោក​បាន​ជម្រុញ​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ឱ្យ​បាន​ទូលំទូលាយ​ពី​សាធារណជន​ផង​ដែរ​ ដើម្បី​ធានា​ថា​ផល​ដែល​បាន​មក​​ពី​ធនធាន​ទាំងនេះ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​ ជា​ពិសេស​គឺ​ដើម្បី​អនាគត​ក្មេងៗ​ជំនាន់​ក្រោយ​ និង​សម្រាប់​ជា​ប្រយោជន៍​ប្រទេស​ជាតិ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​ ២០១៣​ រដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​អាជ្ញាបណ្ណ​រុ​ករក​រ៉ែ​ចំនួន​ ១៤៧​ និង​អាជ្ញាបណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ទៅ​ឱ្យ​ក្រុមហ៊ុន​រ៉ែ​ចំនួន​ ៤​ ។​ បើ​តាម​លោក​ ឌិ​ត​ ឌី​ណា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​បាន​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​កន្លង​មក​ បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​យ៉ាងណា​ឱ្យ​ដំណក់​ប្រេង​ បាន​បូម​ចេញ​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​៕

Share

Image
Image
Image