ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសន្យាជួយប្រទេសកម្ពុជា លើការងារកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ។ ការសន្យាជួយកិច្ចការកំណែទម្រង់ការបោះឆ្នោតនេះ ធ្វើឡើងនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក វីល្លៀម អេហ៊ីត (William A Heidt) ជាមួយលោក ស៊ិក ប៊ុនហុក ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទីស្នាក់ការ គ.ជ.ប កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម អេហ៊ីត បានលើកទ្បើងថា ស្ថានទូតអាមេរិក នឹងសហការជាមួយ គ.ជ.ប លើការងារកំណែទម្រង់ការបោះឆ្នោត ការអប់រំដល់សាធារណជនអំពីលទ្ធិប្រជាធិបតេយ្យ ព្រមទាំងចង់ឱ្យមានកិច្ចប្រជុំជាលក្ខណៈអន្តរជាតិជាមួយ គ.ជ.ប នៅថ្ងៃខាងមុខ ។ គោលបំណងនៃចេតនាចង់ឱ្យមានកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ គឺដើម្បីឱ្យអន្តរជាតិបានដឹងពីនីតិវិធីនិងការវិវឌ្ឍនៃកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ។
ការសន្យាជួយកម្ពុជាលើការងារកំណែទម្រង់ការបោះឆ្នោតនេះ លោក វីល្លៀម អេហ៊ីត អគ្គរដ្ឋទូតសហអាមេរិកជឿជាក់ថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ។
លោក ស៊ិក ប៊ុន ហុក ប្រធានគណកម្មាធិកាជាតិរៀបចំការបោះឆ្នោត ស្វាគមន៍ចំពោះការសហការរបស់សហរដ្ឋអាមេរិក ដើម្បីជួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ។ លោកបន្ថែមថា គ.ជ.ប នឹងធ្វើការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើប្រាស់សម្ភារៈភាគច្រើនជាជំនួយរបស់សហគមន៍អ៊ឺរ៉ុប និងប្រទេសជប៉ុន។ ក្នុងនោះដែរ ការចុះឈ្មោះតាមប្រព័ន្ធបច្ចេកវិទ្យានេះ អាចមានភាពយឺតជាងផែនការ ដោយសារតែសម្ភារៈមិនទាន់មកដល់កម្ពុជា។
គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាទាំងពីរភេទ រួមទាំងព្រះសង្ឃផងដែរ មានសិទ្ធិចុះឈ្មោះបោះឆ្នោតបានត្រូវមានអត្តសញ្ញណបណ្ណសញ្ជាតិខ្មែរ ។ ប្រសិនបើគ្មានអត្តសញ្ញណបណ្ណសញ្ជាតិខ្មែរទេ ប្រជាពលរដ្ឋអាចធ្វើលិខិតបញ្ជាក់អត្តសញ្ញណដើម្បីចុះឈ្មោះបោះឆ្នោតបាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ធ្វើឡើងកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៦ កន្លងទៅ៕