ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានរៀបចំពីធីកាន់ទុក្ខកលើកទី ៥ ដើម្បីរំឮកការចងចាំចំពោះជនរងគ្រោះដែលបានស្លាប់ដោយសាររលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១ ។ ពិធីកាន់ទុក្ខនេះ ធ្វើឡើងនាថ្ងៃសុក្រ ទី ១១ ខែមីនា ឆ្នាំ ២០១៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយមានអ្នកចូលរួមប្រមាណជាង ១២០០ នាក់ ។
នៅថ្ងៃសុក្រនេះ ជាពេលវេលាមួយដែលប្រជាជន និង រដ្ឋាភិបាលជប៉ុន ចងចាំមិនភ្លេចឡើយចំពោះព្រឹត្តិការណ៍សោកនាដកម្មបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៩ រិចទ័រនៅភាគឦសាននៃប្រទេស ។ វិនាសកម្មបង្កឡើងដោយធម្មជាតិមួយនេះ បានបណ្តាលឱ្យមនុស្សស្លាប់ជិត ២ ម៉ឺននាក់ ។ ស្របពេលជាមួយគ្នានោះ រលកយក្សស៊ូណាមិ បានធ្វើឱ្យបែកធ្លាយសារធាតុវិទ្យុសកម្មនៅក្នុងរោងចក្រថាមពលបរមាណូ ហ្វូគូស៊ីម៉ា បង្កឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ពលរដ្ឋក្នុងតំបន់ជាង ១៦០ នាក់។
អធិរាជនៃប្រទេសជប៉ុន អាគីហ៊ីតូ ព្រះមហាក្សត្រីយ៍ មីជីកូ ព្រមទាំងនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីហ្សូ អាបេ បានចូលរួមក្នុងពិធីកាន់ទុក្ខលើកទី ៥ នេះដែរ ដោយស្មិងស្មាធិ៍ស្ងាត់ស្ងៀមមួយស្របក់នៅម៉ោង ២ និង ៤៦ នាទីល្ងាចនេះ ។ ពោលគឺចំពេលវេលាជាក់លាក់ដែលរញ្ជួយដីកម្រិត ៩ រ៉ិចទ័រ ផ្តើមវាយប្រហារលើប្រជាជនជប៉ុនក្នុងតំបន់ ហ្វូគូស៊ីម៉ា។
ក្នុងពិធីកាន់ទុក្ខនេះ លោក ស៊ីនហ្សូ អាបេ បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះថា រដ្ឋាភិបាលបានកសាងតំបន់រងគ្រោះដោយគ្រោះធម្មជាតិឡើងវិញរួចរាល់ ហើយបានរៀបចំឱ្យប្រែក្លាយទៅជាតំបន់ដែលការរីកចម្រើនជាបន្តបន្ទាប់ ។ លោក អាបេ បានឱ្យដឹងទៀតថា រដ្ឋាភិបាលរបស់លោក រៀនសូត្រពីគ្រោះមហន្តរាយដែលជប៉ុនធ្លាប់ជួប និងមិនឱ្យរឿងរ៉ាវអាក្រក់ទាំងនោះកើតឡើងទៀតបន្តឡើយ។
នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ បានសន្យាជាមួយពលរដ្ឋខ្លួនថា រដ្ឋាភិបាលនឹងខំប្រឹងប្រែងបន្តទៀត ដើម្បីកសាងប្រទេស នឹងបញ្ជៀសពីគ្រោះបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិណាមួយ។
ព្រះចៅអធិរាជ អាគីហ៊ីតូ មានបន្ទូលថា ប្រជាជនជប៉ុនជាច្រើននាក់នាពេលបច្ចុប្បន្ន កំពុងបន្តរស់នៅក្នុងស្ថានភាពមិនស្ងប់ចិត្តនៅក្នុងតំបន់ដែលរងគ្រោះ និងនៅទីកន្លែងដែលពួកគេបានជម្លៀសខ្លួនទៅ។ ព្រះចៅអធិរាជបន្តថា ទុក្ខលំបាករបស់សាច់ញាតិជនរងគ្រោះនៅតែបន្តដកជាប់ក្នុងចិត្ត ហើយទុក្ខលំបាកផ្លូវចិត្តនេះ នឹងរសាយទៅវិញក្នុងពេលឆាប់ៗជាក់ជាពុំខាន៕
ប្រែសម្រួលដោយ៖ ម៉ៅ សំណាង / ប្រភព៖ NHK World