រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ថ្លែងថាការបណ្តុះទម្លាប់ការអានជាសៀវភៅឱ្យបានច្រើន គឺអាចក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិ។ ការថ្លែងបែបនេះ ធ្វើឡើងនៅក្នុងទិវាជាតិអំណាន ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះ ក្រោមប្រធានបទ “បណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន”។ ជាមួយគ្នានេះ អង្គការទស្សនៈពិភពលោក ក៏បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរទិវានេះដែរ។
លោក សាក់ សំណាង រាយការណ៍ព័ត៌មាននេះ ៖
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ជំរុញឱ្យយុវជន យុវតីចេះបណ្តុះទម្លាប់ក្នុងការអានសៀវភៅឱ្យបានច្រើន ទើបទទួលបានគំនិតទូលំទូលាយក្នុងការអភិវឌ្ឍខ្លួនក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ និងអាចប្រកួតប្រជែងជាមួយប្រទេសដទៃ។
លោក ហង់ ជួន ណារ៉ុន បានបន្តឱ្យដឹងថា ការប្រារព្វពិធីនេះគឺក្នុងគោលបំណងជំរុញ លើកទឹកចិត្ត និងបណ្តុះទម្លាប់វប្បធម៌អានដល់យុវជន ហើយជាការរំឭកវិញ្ញាណក្ខន្ឋដល់ថ្ងៃកំណើតរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត និងស្នាព្រះហស្ថជាច្រើនរបស់លោក។
លោក ហង់ ជួន ណារ៉ុន៖ « យើងរៀបចំពេលនេះ ចំថ្ងៃលោកប្រសូត្រតែម្តងនៅក្នុងសាកលវិទ្យាល័យភ្នំពេញ ហើយនៅអាគារដំបូលទូក ជាកន្លែងដែលសម្តេចសង្ឃ ជួន ណាត ទទួលសញ្ញាបត្របណ្ឌិតអក្សរសាស្ត្រ ដែលសាកលវិទ្យាល័យភ្នំពេញចេញជូនលោក»។
លើសពីនេះលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា អំណានបានបាត់បង់អស់រយៈកាលយូរណាស់មកហើយ ដោយសារតែមានសង្គ្រាមស៊ីវិល កាលពីរបបកម្ពុជាប្រជាធិបតេយ្យមកម្ល៉េះ ហើយប្រជាជនមានភាពអនក្ខរភាព និងភាពក្រីក្រច្រើន និងខ្វះការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានពីខាងក្រៅ។
ទន្ទឹមគ្នានេះដែរលោក ហេង ស្រ៊ាង អ្នកស្រាវជ្រាវពីសង្គម និងនយោបាយ សារទរយ៉ាងខ្លាំងដែលក្រួសួងអប់រំបានប្រារព្វពិធីអំណានជាតិជារៀងរាល់ឆ្នាំដូចនេះ។ តែលោក ថា ក្រសួងមិនត្រូវតែលើកកម្ពស់ក្នុងការអានអំណានមួយមុខនោះទេ។
អ្នកស្រាវជ្រាវពីបញ្ហាសង្គម និងនយោបាយរូបនេះបានបន្តថាក្រសួងត្រូវពង្រឹងក្នុងវិស័យអប់រំបន្ថែមតទៀត ដើម្បីស្វែងរកសមត្ថភាពពិតប្រាកដនៅពេលបច្ចុប្បន្ននេះ ដោយត្រូវរឹតបន្តឹងក្នុងការប្រឡងប្រជែងសមត្ថភាពរបស់យុវជនឱ្យច្បាស់លាស់ និងរៀបចំការងារដែលល្អនិងមានតួនាទីខ្ពស់សម្រាប់អ្នកមានសមត្ថភាពពិតប្រាកដ។
លោក ហេង ស្រ៊ាន៖ «បានន័យថាទាន់អ្នកមានសមត្ថភាព មានសញ្ញាបត្រល្អ ហើយមានចំណេះដឹងល្អ មានតួនាទីល្អ មានប្រាក់ខែល្អ ចឹងទៅវានឹងទាក់ទាញយុវជន ក្មេងឱ្យខំរៀនហើយ»។
ចំណែកយុវតីម្នាក់ក្នុងចំណោមយុវជន យុវតីជាច្រើនរូបដែលបានរួមក្នុងទិវាអំណាន កញ្ញា អ៊ឹង វាំងឌី បាននិយាយថាការអានសៀវភៅគឺមានសារៈសំខាន់ណាស់សម្រាប់យើងជាយុវជនជំនាន់ក្រោយនេះ ព្រោះថាយុវជនជាទំពាំងស្នងឫស្សី។
កញ្ញា អ៊ឹង វាំងឌី៖ «មានបញ្ហាជាច្រើនជាឧបស្គគក្នុងការអាន ហើយសម័យឥឡូវយុវជនភ្លើតភ្លើនភ្លើងព័ណ… ហើយភ្លេចការអានសៀវភៅគឺមានតិចតួចណាក់ក្នុងការអានសៀវភៅគឺ ២០ ទៅ ៣០% ក្នុងការអាន»។
ដូចគ្នានោះដែរកញ្ញ អឿ ណូរ៉ា ជានិស្សិតឆ្នាំទី៤ ផ្នែកចិត្តវិទ្យា បានឱ្យដឹងថាយុវជនសម័យឥឡូវមិនសូវចូលចិត្តអានសៀវភៅប៉ុន្មាននោះទេ ដោយសារពួកគេមានការសប្បាយច្រើនជាមួយភ្លើងពណ័ ការដើរលេងច្រើន និងការលេង facebook ។ ជាចុងក្រោយកញ្ញាសូមសុំណូមពរឱ្យចេះបណ្តុះទម្លាប់ក្នុងការចាប់ពីពេលនេះតទៅ។
កញ្ញា អឿ ណូរ៉ា៖ «ខ្ញុំចង់សុំណូមពរដល់យុវជន និងសិស្សានុសិស្សនិស្សិតទាំងអស់ឱ្យចាប់ផ្តើមមានទម្លាប់ក្នុងការអាន និងជំរុញខ្លួនឯង អភិវឌ្ឍនខ្លួនឯង ដើម្បីអភិវឌ្ឍសង្គមជាតិទាំងមូល»។
ចំណែកឯអង្គការទស្សនៈពិភពលោក នៅថ្ងៃក៏បានចេញសេចក្ដីថ្លែងការណ៍គាំទ្រ និង អបអរសាទររដ្ឋាភិបាល ដែលកំណត់ទីវាអំណាននៅកម្ពុជា។ អង្គការអន្តរជាតិនេះ បាន ផ្ដល់អនុសាសន៍ ច្រើនចំណុច ទទូចឱ្យក្រសួងបន្តពង្រីកបណ្ណាល័យជាតិ និងខេត្ត តាមសាលា និងវិទ្យាល័យនៅទូទាំងប្រទេស ហើយត្រូវបណ្ដុះបណ្ដាលអ្នកជំនាញ អភិរក្ស បណ្ណាល័យទៀតផង។ អង្គការក៏សន្យាបន្តសហការជាមួយក្រសួងអប់រំបន្តទៀតលើ គ្រប់ផ្នែកនៃវិស័យអប់រំនៅកម្ពុជា៕