en     km
en     km

ពលរដ្ឋ​ពីរ​នាក់​នៅ​ស្រុក​ភ្នំស្រួច​ ត្រូវ​បាន​ចាប់ខ្លួន​ ករណី​ទំនាស់​ដីធ្លី​ជាមួយ​អ្នកមាន​អំណាច​

Share

ខេត្តកំពង់ស្ពឺ៖ ​យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ពីរ​នាក់​នៅ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ដោយ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​តុលាការខេត្ត​។​ នេះ​ បើ​តាម​ការ​អះអាង​របស់​ ពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នេះ​កើតឡើង​។​

​លោក​ សន​ មឿ​ន​ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​១១​ នេះ​ថា​ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ ៧​ ព្រឹក​។​ ប៉ុន្តែ​លោក​ បាន​បញ្ជាក់​ថា​ ក្នុង​ពេល​មក​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់​នេះ​គឺ​ ដីការ​ដែល​តុលាការ​បង្ហាញ​ គ្រាន់តែ​ជា​ដីការ​បំភ្លឺ​ប៉ុណ្ណោះ​។​

​លោក​ សន​ មឿ​ន​ បានឱ្យ​ដឹង​ទៀត​ថា​ មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​ បណ្តាល​មក​ពី​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ អ្នកមាន​អំណាច​ និង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ ១៦៥​ គ្រួសារ​ នៅ​ក្នុងស្រុក​ភ្នំស្រួច​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ ឃុំ​ ឃុបឃិត​ចែក​ដី​គ្នា​លក់​។​

​លោក​ សន​ មឿ​ន​ ៖​ «​ចែក​គ្នា​លក់​ហើយ​ បាន​ប្រជាពលរដ្ឋ​សួរ​ប្រធាន​ភូមិ​ថា​ដី​ហ្នឹង​មូលហេតុ​អី​  បានជា​ចែក​អ្នកធំ​ ប្រធាន​ភូមិ​ឆ្លើយ​ថា​ ដី​ហ្នឹង​គេ​ចែក​អ្នកធំ​ប្រសិនបើ​គេ​មានរឿង​អី​ អ្នកធំ​ជួយ​ដល់​គេ​ ហើយ​ចាប់តាំងពី​ថ្ងៃ​ហ្នឹង​មក​ ប្រជាពលរដ្ឋ​គេ​តវ៉ា​រហូត​មក​ទល់​ឥឡូវ​»​។​

​វិទ្យុ​ស្ត្រី​ បាន​សុំ​ការ​បញ្ជាក់​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​ពី​លោក​ កែវ​ ពិសី​ ស្នងការ​ខេត្តកំពង់ស្ពឺ​ ប៉ុន្តែ​លោក​បាន​បង្វែរ​ឱ្យទៅ​សួរ​ព្រះរាជអាជ្ញា​វិញ​។​ ចំណែក​ព្រះរាជអាជ្ញា​តុលាការ​  នៅ​ពេល​សួរ​ពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ​ មិន​បាន​បញ្ជាក់​នោះ​ទេ​ រួច​ក៏​ផ្តាច់​ទូរស័ព្ទ​តែ​ម្តង​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មី​ នៅ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​អះអាង​ថា​ពួក​គេ​នឹង​ ឡើង​មក​ទីក្រុង​ភ្នំពេញ​ ដើម្បី​សុំ​អន្តរាគមន៍​ ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឱ្យ​មានការ​ដោះ​លែង​ប្រជាពលរដ្ឋ​ទាំង​ ២​នាក់​នោះ​។​
​តាម​ការ​ឱ្យ​ដឹង​របស់​ លោក​ សន​ មឿ​ន​ ទំនាស់​ដី​នេះ​ បាន​កើតឡើង​តាំង​ឆ្នាំ​២០០៧​ រហូត​ដល់​ឆ្នាំ​២០១៦​ នេះ​ ហើយ​ពលរដ្ឋ​បាន​តវ៉ា​ជា​ច្រើន​ ដង​ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ​៕

Share

Image
Image
Image