ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ពលរដ្ឋពីរនាក់នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានចាប់ខ្លួន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ដោយសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅតុលាការខេត្ត។ នេះ បើតាមការអះអាងរបស់ ពលរដ្ឋដែលបានឃើញហេតុការណ៍នេះកើតឡើង។
លោក សន មឿន ជាប្រជាពលរដ្ឋនៅភូមិថ្មី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី១១ នេះថា ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ៧ ព្រឹក។ ប៉ុន្តែលោក បានបញ្ជាក់ថា ក្នុងពេលមកចាប់ខ្លួនពលរដ្ឋពីរនាក់នេះគឺ ដីការដែលតុលាការបង្ហាញ គ្រាន់តែជាដីការបំភ្លឺប៉ុណ្ណោះ។
លោក សន មឿន បានឱ្យដឹងទៀតថា មូលហេតុនៃការចាប់ខ្លួននេះ បណ្តាលមកពីបញ្ហាទំនាស់ដីធ្លីរវាង អ្នកមានអំណាច និងប្រជាពលរដ្ឋរងផលប៉ះពាល់ ១៦៥ គ្រួសារ នៅក្នុងស្រុកភ្នំស្រួច ដែលត្រូវបានអាជ្ញាធរភូមិ ឃុំ ឃុបឃិតចែកដីគ្នាលក់។
លោក សន មឿន ៖ «ចែកគ្នាលក់ហើយ បានប្រជាពលរដ្ឋសួរប្រធានភូមិថាដីហ្នឹងមូលហេតុអី បានជាចែកអ្នកធំ ប្រធានភូមិឆ្លើយថា ដីហ្នឹងគេចែកអ្នកធំប្រសិនបើគេមានរឿងអី អ្នកធំជួយដល់គេ ហើយចាប់តាំងពីថ្ងៃហ្នឹងមក ប្រជាពលរដ្ឋគេតវ៉ារហូតមកទល់ឥឡូវ»។
វិទ្យុស្ត្រី បានសុំការបញ្ជាក់មូលហេតុនៃការចាប់ខ្លួននេះពីលោក កែវ ពិសី ស្នងការខេត្តកំពង់ស្ពឺ ប៉ុន្តែលោកបានបង្វែរឱ្យទៅសួរព្រះរាជអាជ្ញាវិញ។ ចំណែកព្រះរាជអាជ្ញាតុលាការ នៅពេលសួរពីមូលហេតុនៃការចាប់ខ្លួននេះ មិនបានបញ្ជាក់នោះទេ រួចក៏ផ្តាច់ទូរស័ព្ទតែម្តង។
ប្រជាពលរដ្ឋនៅភូមិថ្មី នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺអះអាងថាពួកគេនឹង ឡើងមកទីក្រុងភ្នំពេញ ដើម្បីសុំអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យមានការដោះលែងប្រជាពលរដ្ឋទាំង ២នាក់នោះ។
តាមការឱ្យដឹងរបស់ លោក សន មឿន ទំនាស់ដីនេះ បានកើតឡើងតាំងឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០១៦ នេះ ហើយពលរដ្ឋបានតវ៉ាជាច្រើន ដងប៉ុន្តែមិនទាន់មានដំណោះស្រាយនោះទេ៕