ភ្នំពេញ៖ មេធាវីការពារក្ដីឱ្យកញ្ញា ខុម ចាន់ដារាទី ហៅស្រីមុំ ដែលត្រូវបានគេបង្ហោះសំឡេងតាមហ្វេសប៊ុក មានទំនាក់ទំនងស្នេហាជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មានថា កូនក្ដីរបស់ខ្ឡួនបានទាមទារអោយសមត្ថកិច្ចវែកមុខ ជនដែលបង្ហោះខ្សែអាត់សំឡេងដោយចាត់ទុកថា ជារឿងប្រឌិតមួលបង្កាច់។
ការថ្លែងរបស់លោកស្រីមេធាវី គ្រី ឈួន បានធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាន បន្ទាប់ពីលោកស្រីបានអមដំណើរកញ្ញា ស្រីមុំ ចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃ ករណីខ្សែអាត់សំឡេងតាមបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលបានបញ្ចប់នៅប្រមាណម៉ោង ២រសៀលថ្ងៃនេះ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ ៖
មេធាវីសមាគមអាដហុក លោកស្រី គ្រី ឈួន និយាយថា កូនក្ដីរបស់លោកស្រីគឺកញ្ញា ស្រីមុំ បានទាមទារឱ្យសមត្ថកិច្ចទប់ស្កាត់ប្រព័ន្ធផ្សព្វផ្សាយណាដែលប្រឌិតសំឡេង និងបង្ហោះតាមប្រព័ន្ធសង្គម ដោយយកសំឡេងរបស់ កញ្ញាស្រីមុំ ធ្វើជាឧបករណ៍ហើយបានទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់ប្រឆាំងជនទុច្ចរិត។
ការបំភ្លឺរបស់កញ្ញា ស្រីមុំ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើឡើងរយៈជាង ៤ ម៉ោង កាលពីព្រឹកមិញនេះ។
លោកស្រីមេធាវី គ្រី ឈួនដែលបានអមដំណើរ កញ្ញា ស្រីមុំ ទៅបំភ្លឺ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាកូនក្ដីរបស់លោកស្រី បានទាមទាររកខុសត្រូវតាមផ្លូវ ជាពិសេសត្រូវបង្ហាញមុខអ្នកច្នៃប្រឌិត ខ្សែអាត់សំឡេង។
លោកស្រី គ្រី ឃួន៖ «ទី១ យើងសូមឱ្យយសមត្ថកិច្ចរកឱ្យឃើញអ្នកដែលលួចអាខោនរបស់កូនក្តីខ្ញុំយកទៅប្រើប្រាស់។ ទី២ យើងសូមឱ្យទប់ស្កាត់នូវការផ្សាយព័ត៌មានមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កូនក្តីខ្ញុំ និងចំណុចទី៣ គឺពាក់ព័ន្ធនឹងសុវត្ថិភាពរបស់កូនក្ដី»។ តាមលោកស្រីមេធាវី កញ្ញា ស្រីមុំ ក៏បានស្នើសុំសមត្ថកិច្ចការពារសុវត្ថិភាពជូនកញ្ញា និងគ្រួសារផងដែរ។
លោកស្រីមេធាវីរូបនេះបន្តថា កញ្ញា ស្រីមុំ ក៏បានបដិសេធចំពោះបណ្តឹងរបស់ កញ្ញា ធី សុវណ្ណថា ផងដែរ ដែលបានចោទប្រកាន់កញ្ញាថា បានបរិហារកេរ្តិ៍ក្នុងខ្សែអាត់សំឡេងជាមួយលោក កឹម សុខា។ លោកស្រីមេធាវី គ្រី ឈួន៖ «កូនក្តីខ្ញុំបានបដិសេធរាល់បណ្តឹងចោទប្រកាន់ ទាំងក្នុងផ្លូវការនិងក្រៅផ្លូវការ និងរឿងរ៉ាវផ្សេងៗទៀត»។
ទាក់ទងក្នុងរឿងនេះ លោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែននៃក្រសួងមហាផ្ទៃ បានទទួលការស្នើសុំរបស់កញ្ញា ស្រីមុំ ដែលទទូចឱ្យសមត្ថកិច្ចបន្តស្វែងការពីត ពីប្រភពរបស់អ្នកប្រឌិតរឿង។
តែនៅពេលនេះ លោក អ៊ី សុខឃី បាន បង្ហើបព័ត៌មានថា ករណីនេះតុលាការក៏អាចនឹងកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺក្នុងរឿងនេះផងដែរ ប្រសិនបើការស្រាវជ្រាវពិតជាចាំបាច់ការបំភ្លឺពីលោក កឹម សុខា មែននោះ។ លោក អ៊ី សុខឃី៖ «ខ្ញុំគិតថា ការស្រាវជ្រាវបើចាំបាច់ យើងត្រូវតែធ្វើការហៅមកបំភ្លឺបាន ប៉ុន្តែមិនមែនប្រាដកថាហៅនោះទេ»។
ពាក់ព័ន្ធការចូលបំភ្លឺរឿងខ្សែអាត់សំឡេងនេះ វិទ្យុមិនទាន់អាចសុំការបំភ្លឺពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានទេនៅថ្ងៃនេះ។ ចំណែកអ្នកនាំពាក្យគណបក្សនេះ គឺលោក យឹម សុវណ្ណ បានបញ្ជាក់យ៉ាងខ្លីថា ការចូលបំភ្លឺឬមិនចូលបំភ្លឺគឺអាស្រ័យលើលោក កឹម សុខា ខ្លួនឯង។
រយៈពេលចុងក្រោយនេះ សារព័ត៌មានជាច្រើន និងបណ្ដាញសង្គមបានបង្ហោះសារសំឡេងរបស់កញ្ញា ស្រីមុំ ដែលសង្ស័យថា ជាការសន្ទនាស្នេហា ជាមួយលោក កឹម សុខា ជាសាធារណៈ។ ខ្សែអាត់សំឡេងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីពលរដ្ឋ និងអ្នកសង្កេតការណ៍នយោបាយនៅកម្ពុជា ហើយជាមួយគ្នានេះ ក្រុមយុវជនមួយក្រុមដែលគេសង្ស័យថា មាននិន្នាការជាមួយគណបក្សកាន់អំណាច បានទារទាមឱ្យលោក កឹម សុខា បំភ្លឺសំឡេងរបស់លោក ដែលមាននៅក្នុងខ្សែអាត់បង្ហោះតាមហ្វេសប៊ុក។ តែបែបនេះក្ដី លោក កឹម សុខា បដិសេធ មិនឆ្លើយតបឡើយ។
សូមបញ្ជាក់ថា កញ្ញា ស្រីមុំ ដែលទៅបំភ្លឺនៅក្រសួងមហាផ្ទៃព្រឹកមិញនេះ គឺធ្វើឡើងតាម ការអញ្ជើញរបស់ក្រសួងមហាផ្ទៃ និងតបតាមការប្ដឹងរបស់កញ្ញា ធី សុវណ្ណថា ដែលថាមានការបរិហារកេរ្ដិ៍៕