គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះ បានសម្រេចយកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញា ពិភាក្សា និងអនុម័ត។ ប៉ុន្តែលោក អាត់ ធន់ ប្រធានសហជីពមួយនៅកម្ពុជានិយាយថា មានភាពលឿនពេក ខណៈរដ្ឋសភាមិនទាន់ទទួលយកសំណើរបស់សហជីព នៅការកែប្រែមាត្រាមួយចំនួន។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ ៖
សេចក្តីព្រាងច្បាប់សហជីពដែលមានភាពច្រូងចម្រាសជាយូរមកហើយនោះ ត្រូវបានថ្នាក់ដឹកនាំសភា សម្រេចដាក់បញ្ជូលទៅក្នុងកិច្ចប្រជុំវិសាមញ្ញា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះខណៈសហជីពមួយចំនួន នៅតែបន្តជំរុញ ទទួលយកសំណើរបស់ពួកគេ។ សេចក្ដីសម្រេចនេះធ្វើឡើង ក្នុងកិច្ចប្រជុំនៃណៈកម្មាធិការអចិន្ត្រយ៍ រដ្ឋសភាកាលពីព្រឹកមិញនេះ។
លោក អាត់ ធន់ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី១១ ខែមីនា នេះថា វាលឿនពេក ពីព្រោះរដ្ឋសភាទទួលយកសំណើរបស់សហជីពកម្មករ និយោជិតមានចំនួនតិចតួចនៅទ្បើយ។ លោកថា រដ្ឋសភាគួរតែចំណាយពេលឱ្យបានច្រើនជាងនេះទៀត និងទទួលយកយោបល់របស់សហជីពបន្ថែមទៀត មុនពេលដែលរដ្ឋសភា បើកកិច្ចប្រជុំវិសាមញ្ញា នៅថ្ងៃទី០៤ ខែមេសា ខាងមុខនេះ។
«ខ្ញុំឧទាហរណ៍ ៣-៤ ចំណុចសំខាន់ៗ ឧទាហរណ៍ដូចមានមាត្រា ១៣ សិទ្ធិកូដកម្មគឺយើងស្នើថាសិទ្ធិកូដកម្ម គឺជាការសម្រេចរបស់សហជីពមិនគួរដាក់ក្នុងលក្ខន្តិកៈ ហើយកំណត់ ៥០% + ១ នៃចំនួនកម្មករសរុបដើម្បីធ្វើជាសេចក្តីសម្រេចនោះទេ…»។
លោក អាត់ អន់ បានលើកទ្បើងថា ប្រសិនបើចំណុចមួយចំនួនដែលលោកបានលើកទ្បើងខាងលើមិនត្រូវបានបញ្ចូលក្នុងសេចក្តីព្រាងច្បាប់របស់សហជីពនោះទេ វានឹងធ្វើឱ្យចលនារបស់សហជីពមានការធ្លាក់ចុះ ធ្វើឱ្យសហជីពឯករាជ្យនឹងត្រូវរងគ្រោះ ជាពិសេសនឹងអាចធ្វើឱ្យកម្មករ ត្រូវបានថៅកែរំលោភសិទ្ធិការងាររបស់ពួកគេជាដើម។
ចំណែកឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឬទ្ធ មានប្រសាសន៍ថា ខាងតំណាងគណបក្សសង្គ្រោះជាតិបានស្នើឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពន្យាពេល ការបើកកិច្ចប្រជុំវិសាមញ្ញា គឺក្នុងគោលបំណងដើម្បី ពិនិត្យនិងបញ្ចូលចំណុចមួយចំនួនទៀតរបស់សហជីព។ លោក យ៉ែម បុញ្ញាឬទ្ធ បន្តថាផ្នែកជំនាញរបស់សភាគួរ បន្តជជែកគ្នាបន្ថែមចំពោះអ្វីដែលសហជីពទាមទារ។
«យើងមិនគិតថាលឿន ឬមិនលឿននោះទេ ក៏ប៉ុន្តែត្រូវគិតថាតើចំណុចដែលយើងគួរជជែកគ្នាបន្ថែមដើម្បីឱ្យមានលក្ខណៈច្បាប់មួយជាសកលហើយល្អ ខ្ញុំគ្រាន់តែលើកឧទាហរណ៍មួយដែលយើងស្នើសុំនោះគឺថា ពាក់ព័ន្ធនឹងវិសមត្ថភាពរបស់ក្រុមដឹកនាំរបស់សហជីព…»។
ទោះជាយ៉ាង វិទ្យុស្ត្រី FM 102 នៅមិនទាន់សុំការឆ្លើយតប ពី ប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា ខាងគណបក្សកាន់អំណាច បានទេនៅថ្ងៃនេះ ជុំវិញការលើកឡើង របស់លោក អាត់ ធន់ ។
សូមជម្រាបជូនថាសេចក្តីព្រាងច្បាប់ស្តីពីសហជីពមាន ១៧ ជំពូក និង ១០០ មាត្រា ប៉ុន្តែ សហជីពមួយចំនួនបានលើកឡើងថា ច្បាប់នេះមានចរិតរឹតត្បិតយ៉ាងខ្លាំងលើសេរីភាពបញ្ចេញមតិកម្មករ និងសហជីព៕