en     km
en     km

ថ្នាក់ដឹកនាំ​រដ្ឋសភា​មក​ពី​បក្ស​កាន់​អំណាច​ សម្រេច​ប្រជុំ​ពិភាក្សា​ ច្បាប់​សហជីព​ នៅ​ដើម​ខែមេសា​

Share

cover-parliament-11.3.16
គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដែល​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ បាន​សម្រេច​យក​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ដើម្បី​បើក​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ ពិភាក្សា​ និង​អនុម័ត​។​ ប៉ុន្តែ​លោក​ អាត់​ ធន់​ ប្រធាន​សហជីព​មួយ​នៅ​កម្ពុជា​និយាយ​ថា​ មាន​ភាព​លឿន​ពេក​ ខណៈ​រដ្ឋសភា​មិន​ទាន់​ទទួលយក​សំណើ​របស់​សហជីព​ នៅ​ការ​កែប្រែ​មាត្រា​មួយ​ចំនួន​។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​សេចក្តីព្រាងច្បាប់​សហជីព​ដែល​មាន​ភាព​ច្រូង​ចម្រាស​ជា​យូរ​មក​ហើយ​នោះ​ ត្រូវ​បាន​ថ្នាក់ដឹកនាំ​សភា​ សម្រេច​ដាក់​ប​ញ្ជូ​ល​ទៅ​ក្នុង​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ខណៈ​សហជីព​មួយ​ចំនួន​ នៅ​តែ​បន្ត​ជំរុញ​ ទទួល​យក​សំណើ​របស់​ពួក​គេ​។​ សេចក្ដីសម្រេច​នេះ​ធ្វើ​ឡើង​ ក្នុង​កិច្ចប្រជុំ​នៃ​ណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រយ៍​ រដ្ឋសភា​កាលពី​ព្រឹក​មិ​ញ​នេះ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ នេះ​ថា​ វា​លឿន​ពេក​ ពីព្រោះ​រដ្ឋសភា​ទទួលយក​សំណើ​របស់​សហជីព​កម្មករ​ និយោជិត​មាន​ចំនួន​តិចតួច​នៅ​ទ្បើ​យ​។​ លោក​ថា​ រដ្ឋសភា​គួរតែ​ចំណាយពេល​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទៀត​ និង​ទទួលយក​យោបល់​របស់​សហជីព​បន្ថែម​ទៀត​ មុន​ពេល​ដែល​រដ្ឋសភា​ បើក​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ខាង​មុខ​នេះ​។​

​ «​ខ្ញុំ​ឧទាហរណ៍​ ៣-៤​ ចំណុច​សំខាន់ៗ​ ឧទាហរណ៍​ដូច​មាន​មាត្រា​ ១៣​ សិទ្ធិ​កូដកម្ម​គឺ​យើង​ស្នើ​ថា​សិទ្ធិ​កូដកម្ម​ គឺជា​ការ​សម្រេច​របស់​សហជីព​មិន​គួរ​ដាក់​ក្នុង​លក្ខន្តិកៈ​ ហើយ​កំណត់​ ៥០%​ +​ ១​ នៃ​ចំនួន​កម្មករ​សរុប​ដើម្បី​ធ្វើ​ជា​សេចក្តីសម្រេច​នោះ​ទេ​…»​។​

​លោក​ អាត់​ អន់​ បាន​លើក​ទ្បើ​ង​ថា​ ប្រសិនបើ​ចំណុច​មួយ​ចំនួន​ដែល​លោក​បាន​លើក​ទ្បើ​ង​ខាងលើ​មិន​ត្រូវ​បាន​បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​របស់​សហជីព​នោះ​ទេ​ វា​នឹង​ធ្វើ​ឱ្យ​ចលនា​របស់​សហជីព​មានការ​ធ្លាក់​ចុះ​ ធ្វើ​ឱ្យ​សហជីព​ឯករាជ្យ​នឹង​ត្រូវ​រង​គ្រោះ​ ជា​ពិសេស​នឹង​អាច​ធ្វើ​ឱ្យ​កម្មករ​ ត្រូវ​បាន​ថៅកែ​រំលោភសិទ្ធិ​ការងារ​របស់​ពួក​គេ​ជាដើម​។​

​ចំណែកឯ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធ​ មាន​ប្រសាសន៍​ថា​ ខាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ពន្យា​ពេល​ ការ​បើក​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ គឺ​ក្នុង​គោលបំណង​ដើម្បី​ ពិនិត្យ​និង​បញ្ចូល​ចំណុច​មួយ​ចំនួន​ទៀត​របស់​សហជីព​។​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ធ​ បន្ត​ថា​ផ្នែក​ជំនាញ​របស់​សភា​គួរ​ បន្ត​ជជែក​គ្នា​បន្ថែម​ចំពោះ​អ្វី​ដែល​សហជីព​ទាមទារ​។​

«​យើង​មិន​គិត​ថា​លឿន​ ឬ​មិនលឿន​នោះ​ទេ​ ក៏​ប៉ុន្តែ​ត្រូវ​គិត​ថា​តើ​ចំណុច​ដែល​យើង​គួរ​ជជែក​គ្នា​បន្ថែម​ដើម្បី​ឱ្យ​មាន​លក្ខណៈ​ច្បាប់​មួយ​ជា​សកល​ហើយ​ល្អ​ ខ្ញុំ​គ្រាន់តែ​លើក​ឧទាហរណ៍​មួយ​ដែល​យើង​ស្នើ​សុំ​នោះ​គឺថា​ ពាក់ព័ន្ធ​នឹង​វិសម​ត្ថភាព​របស់​ក្រុម​ដឹកនាំ​របស់​សហជីព​…»​។​

​ទោះជា​យ៉ាង​ វិទ្យុ​ស្ត្រី​  FM​ 102​ នៅ​មិន​ទាន់​សុំ​ការ​ឆ្លើយ​តប​ ពី​ ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ ខាង​គណបក្សកាន់អំណាច​ បាន​ទេ​នៅ​ថ្ងៃនេះ​ ជុំវិញ​ការ​លើក​ឡើង​ របស់​លោក​ អាត់​ ធន់​ ។​

​សូម​ជម្រាប​ជូន​ថា​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​មាន​ ១៧​ ជំពូក​ និង​ ១០០​ មាត្រា​ ប៉ុន្តែ​ សហជីព​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​មាន​ចរិត​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សេរីភាព​បញ្ចេញមតិ​កម្មករ​ និង​សហជីព​៕

Share

Image
Image
Image