ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវដល់វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតសិក្សាក្នុងវិស័យសុខាភិបាល ដាក់ពាក្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការឱ្យបានរួសរាន់ ចាប់ពីថ្ងៃប្រកាសនេះដល់ ថ្ងៃឈប់ទទួលពាក្យ ថ្ងៃ២៣ មិនា។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលធ្វើឡើងរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំដូចនេះកាលពីថ្ងៃម្សិលមិញ ក្នុងពិធីសន្និបាត បូកសរុបការងារ របស់ក្រសួងសុខាភិបាល។
សេចក្តីជូនដំណឹងរបស់ស្ថាប័ននេះ បានឱ្យដឹងទៀតថា ការសុំចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការនេះ វេជ្ជបណ្ឌិតឯកទេស និងបណ្ឌិតសិក្សាក្នុងវិស័យសុខាភិបាលត្រូវបំពេញពាក្យសុំចូលបម្រើការងារនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកនៃក្រសួងសុខាភិបាលរៀងរាល់ម៉ោងធ្វើការ។
តាមសេចក្ដីជូនដំណឹង គ្រូពេទ្យត្រូវភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេបរបស់ខ្លួន និងសញ្ញាបត្រថតចម្លងត្រឹមត្រូវ មកដាក់នៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិកចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៦ ជាកំណត់។
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ ខែមីនា ម្សិលមិញ សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ធនធានមនុស្ស គឺជាការចាំបាច់បំផុតនៅពេល ប្រទេសមួយត្រូវការ ដែលបញ្ហានេះចាំបាច់ត្រូវបន្តទុកគ្រូពេទ្យឯកទេសដែលចូលនិវត្តន៍បន្តនិរន្តរភាពការងាររបស់ពួកគេទៅតាមជំនាញ ។ សម្ដេចណែនាំឱ្យក្រសួងសុខាភិបាលរៀបចំគ្រូពេទ្យទាំងនោះ ក្នុងក្របខណ្ឌក្នុងមុខងារនយោបាយ ហើយត្រូវទៅបម្រើការងារនៅតាមមន្ទីរពេទ្យ។
នាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖ «គ្រូពេទ្យឯកទេសដែលចូលនិវត្តន៍តែងតាំងក្នុងមុខងារនយោបាយ ប៉ុន្តែឱ្យទៅបម្រើការងារនៅក្នុងមន្ទីរពេទ្យ។ ដូច្នេះយើងមិនខ្សោះឈាម ប្រឹងបណ្តុះបណ្តាលមក ប៉ុន្តែមិនទាន់បានប៉ុន្មានចូលនិវត្តន៍អស់ ប្រឹងបណ្តុះបណ្តាលមកចូលក្របខណ្ឌមិនបានដោយសារលក្ខខណ្ឌអាយុ។ អាហ្នឹង យើងជាអ្នកសរសេរតើ ហើយបើយើងអ្នកសរសេរយើងអាចកែវាបានតើ កុំខ្វល់ពេក អាហ្នឹងបានថាអន្ទង់វែងឆ្នាំងវែងមែន»។
សូមបញ្ជាក់ថា ការទទួលស្គាល់គ្រូពេទ្យឯកទេសទាំងអស់ក្នុងក្របខណ្ឌមន្ត្រីរាជការ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមេសា ខាងមុខនេះតទៅ ព្រមទាំងបញ្ចូលគ្រូពេទ្យឯកទេសទៅក្នុងក្រមខណ្ឌមន្ត្រីនយោបាយ នៅពេលដល់អាយុចូលនិវត្តន៍ (៦០ឆ្នាំ) ដើម្បីយកទៅបម្រើការងារក្នុងមន្ទីរពេទ្យ៕