en     km
en     km

វិភាគ​៖​ របប​សឹក​នៅ​ភូមា​លែង​មាន​ទៀត​ហើយ​ តែ​មេ​បក្ស​ប្រឆាំង​មិន​មានឱកាស​ធ្វើ​ជា​ប្រធានាធិបតី​

Share

cover-Htin-Kyaw&-Suu-Kyi
មីយ៉ាន់ម៉ា៖ កាលពី​ថ្ងៃ​ម្សិលមិញ​សភា​ជាន់​ទាប​ដែល​មាន​សំឡេង​លើសលប់​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ បាន​អនុម័ត​គាំទ្រ​បេក្ខជន​ប្រធានាធិបតី​ និង​អនុប្រធាន​ប្រធានាធិបតី​ ៣​ រូប​តែ​មិន​មាន​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​ជា​ជ័យ​លា​ភី​ណូ​ប៊ែ​ល​សន្ដិភាព​និង​ជា​ជើងឯក​ប្រជាធិបតេយ្យ​នោះ​ទេ​។​

នៅ​ថ្ងៃ​ទី​១​ ខែមេសា​ ខាង​មុខ​នេះ​ ប្រទេស​អតីត​របប​យោធា​មួយ​នេះ​នឹង​ផ្ទេរអំណាច​រដ្ឋបាល​ដែល​ពួក​ឧត្តមសេនីយ​កាន់​អំណាច​ជា​ច្រើន​ទសវត្សរ៍​ទៅ​ឱ្យ​ប្រធានាធិបតី​ថ្មី​ជា​រដ្ឋាភិបាល​ស៊ី​វិល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​តាម​រយៈ​ការ​បោះ​ឆ្នោត​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​។​

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ដែល​រៀបរៀង​ដោយ​ពួក​យោធា​ឆ្នាំ​២០០៨​ ហាម​លោកស្រី​ធ្វើ​ជា​ប្រធានាធិបតី​ ដែល​ជា​ឧបសគ្គ​មួយ​ធ្វើ​ឱ្យ​លោកស្រី​ខកខាន​កាន់​តំណែង​កំពូល​របស់​ប្រទេស​មួយ​នេះ​។

លោកស្រី​មិន​បាន​បង្ហាញខ្លួន​នៅ​ពេល​ដែល​សភា​អនុម័ត​គាំទ្រ​តំណែង​ប្រធានាធិបតី​ថ្មី​នេះ​ទេ​។​ លោកស្រី​បាន​ថ្លែង​សុំ​ទោស​ប្រជាជន​របស់​លោកស្រី​ ដែល​លោកស្រី​មិន​មានឱកាស​ក្លាយជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​នេះ​តែ​លោកស្រី​បាន​ទទូច​ឱ្យ​ប្រជាជន​ភូមា​សាមគ្គី​គ្នា​គាំទ្រ​ប្រធានាធិបតី​ថ្មី​។​

ប្រធានាធិបតី​ថ្មី​គឺ​លោក​ Htin​ Kyaw​ ត្រូវ​បាន​រាយការណ៍​មក​ថា​ជា​មនុស្ស​ស្និ​ទ្ធិ​បំផុត​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ និង​ជា​អ្នកនយោបាយ​មាន​យុទ្ធសាស្ដ្រ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ដែល​បាន​ឈ្នះ​ឆ្នោត​សំឡេង​ភាគច្រើន​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​។​

ទាំង​អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្ដរជាតិ​ក៏​សម្ដែង​មន្ទិល​ផង​ដែរ​ចំពោះ​ការ​បាត់បង់​ឱកាស​សម្រាប់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ក្លាយជា​ប្រធានាធិបតី​លើក​ដំបូង​នៃ​ប្រទេស​ប្រកាន់​របប​សឹក​ជា​ច្រើន​ទសវត្សរ៍​មកនេះ​។​ តែ​បែប​នេះ​ក្ដី​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ទំនង​នឹង​ទទួលយក​តំណែង​រដ្ឋមន្ដ្រី​ការ​បរទេស​។​

អ្វី​ដែល​ធ្វើ​ឱ្យ​លោកស្រី​មិន​អាច​ឆក់​យក​តំណែង​កំពូល​នេះ​បាន​ គឺ​ដោយសារ​តែ​មាត្រា​ ៥៩​ នៃ​រដ្ឋធម្មនុញ្ញ​របស់​ពួក​យោធា​ចែង​មិន​ឱ្យ​មេដឹកនាំ​ទាំងឡាយ​ណា​ដែល​មាន​ឈាមជ័រ​ជាមួយ​ជនបរទេស​ឡើង​កាន់​អំណាច​បាន​ឡើយ​។​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ មានកូន​ និង​មាន​ប្ដី​ជា​ជនជាតិ​អង់គ្លេស​។​ លោកស្រី​មានកូន​ប្រុស​ ២​ នាក់​ ដែល​ពួក​គេ​កំពុង​រស់នៅ​ប្រទេស​អង់គ្លេស​។​

MM-parliament
នៅ​មុន​ការ​តែងតាំង​ឈ្មោះ​ប្រធានាធិបតី​នេះ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ បាន​ព្យាយាម​បញ្ចុះបញ្ចូល​ពួក​យោធា​ឱ្យ​ព្យួរ​មាត្រា​នេះ​ផង​ដែរ​ ប៉ុន្ដែ​មិន​បាន​សម្រេច​។​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​មើលឃើញ​ថា​ ប្រទេស​ភូមា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ជា​ថ្មី​ម្ដងទៀត​ ប៉ុន្ដែ​ពួក​គេ​សរសើរ​ដល់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​មាន​ឆន្ទៈ​បត់បែន​ទៅ​តាម​កាលៈទេសៈ​ និង​ទាន់​ពេលវេលា​។​ អ្នក​សង្កេតការណ៍​ព្រមាន​ថា​ ប្រសិនបើ​មិន​មាន​ដោះស្រាយ​បន្ទាន់​ដូចនេះ​ គឺ​ពួក​យោធា​អាច​នឹង​ធ្វើ​រដ្ឋប្រហារ​ជា​ថ្មី​ម្ដងទៀត​ គឺ​អាច​ដូចនឹង​ឆ្នាំ​១៩៩០​។

យ៉ាងណា​ក៏​ដោយ​របប​សឹក​យោធា​លែង​មាន​រូបរាង​ទៀត​ហើយ​ចាប់ពី​ថ្ងៃ​ទី​១​ មេ​សា​ ខាង​មុខ​នេះ​ គឺ​នៅ​ពេល​នោះ​នឹង​មានការ​ផ្ទេរអំណាច​ជា​ប្រវត្តិសាស្ដ្រ​។

ប្រធានាធិបតី​ដែល​ចុះ​ចេញពី​តំណែង​ឆាប់ៗ​នេះ​ គឺ​លោក​ ថេ​ន​ សេន​ បាន​សម្ដែងការសាទរ​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​​ភ្លាមៗ​ បន្ទាប់​ពី​សភា​អនុម័ត​គាំទ្រ​ប្រធានាធិបតី​ថ្មី​ដែល​មិនមែន​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​។

លោក​ ថេ​ន​ សេន​ ប្រធានាធិបតី​លើក​បន្តុប​ដោយ​ពួក​យោធា​បាន​និយាយ​ថា​ លោក​រីករាយ​នឹង​ផ្ទេរអំណាច​ទៅ​ឱ្យ​ប្រធានាធិបតី​ថ្មី​រូប​នេះ​ ហើយ​សន្យា​ថា​នឹង​ខិតខំ​សហប្រតិបត្តិការ​ជាមួយ​គ្នា​បន្ដ​ទៅ​មុខ​ទៀត​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​៕

ប្រភព​៖​ Mizzima,​ CNA​

Share

Image
Image
Image