ថៃ៖ អតីតនាយករដ្ឋមន្ដ្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារនៅឆ្នាំ២០០៦ បានចោទក្រុមប្រឹក្សាយោធាថៃថា កំពុងតែព្យាយាមធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាធិបតេយ្យតាមរយៈការធ្វើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី។
លោក ថាក់ស៊ីន បានលើកឡើងដូចនេះនៅក្នុងបទសម្ភាសមួយជាមួយនឹងទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃម្សិលមិញ នៅពេលលោកស្ថិតនៅវេទិកាវិទ្យាស្ថាននយោបាយពិភពលោកនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
លោក ថាក់ស៊ីន ដែលជាមហាសេដ្ឋីមានប្រាក់ស្ដុកស្ដម្ភបានហៅរដ្ឋធម្មនុញ្ញថ្មីដែលរៀបរៀងដោយពួកយោធាថាកំពុងតែជាន់ឈ្លី និងរឹតត្បិតសិទ្ធសេរីភាពប្រជាធិបតេយ្យហើយថាធ្វើឡើងដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួន។
លោកទាមទារឱ្យរដ្ឋធម្មនុញ្ញថ្មីនេះក្លាយជាច្បាប់កំពូលរបស់ប្រទេសជាតិ ដែលត្រូវមើលឃើញថាបម្រើ និងការពារផលប្រយោជន៍របស់ប្រជាជនថៃទាំងសេដ្ឋកិច្ចនិងនយោបាយ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូចា ដែលបានឡើងកាន់អំណាចកាលពីឆ្នាំ២០១៤ តាមរយៈការធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលប្អូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានសន្យាថានឹងឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅខែកក្កដាឆ្នាំ២០១៧។ ប៉ុន្ដែរាជាណាចក្រនេះដែលឆ្លងកាត់ការធ្វើរដ្ឋប្រហារ១៩ លើកមកហើយបានរុះរើរដ្ឋធម្មនុញ្ញជិត ១០ ដងមកហើយគឺនៅពេលដែលពួកយោធាឡើងកាន់អំណាច។
កាលពីឆ្នាំ២០០៧ រាជាណាចក្រមួយនេះបានរុះរើរដ្ឋធម្មនុញ្ញចាស់ហើយបង្កើតរដ្ឋធម្មនុញ្ញថ្មីហើយត្រូវបានរុះរើម្ដងទៀតនៅឆ្នាំ២០១៥ នេះ។
មិនមានតែលោក ថាក់ស៊ីន ម្នាក់ទេ ព្រួយបារម្ភអំពីរដ្ឋធម្មនុញ្ញថ្មីនេះដែលរឹតត្បិតសេរីភាពរបស់ប្រជាជន គឺមានអ្នកនយោបាយជាច្រើនទៀត រួមទាំងអតីតនាយករដ្ឋមន្ដ្រី អាភីស៊ីត វីចាជីវា ផងដែរក៏បានទាមទាររដ្ឋធម្មនុញ្ញថ្មីនេះបើកទូលំទូលាយសិទ្ធិសេរីភាពរបស់ប្រជាជន។
ប្រភព៖ AP