ចិន៖ មន្ដ្រីជាន់ខ្ពស់ម្នាក់របស់គណបក្សកុម្មុយនិស្តចិន ព្រមានលោកស្រី សាយ អ៊ឹងវេន (Tsai Ing-wen) ដែលនឹងឡើងកាន់អំណាចនៅកោះតៃវ៉ាន់ខែឧសភាខាងនេះ កុំឱ្យធ្វើសកម្មភាពទាំងឡាយណាដែលមើលឃើញថាចង់ប្រកាសឯករាជ្យពីទីក្រុងប៉េកាំង។
ថ្លែងនៅឯខាងក្រៅនៃកិច្ចប្រជុំសភាប្រចាំឆ្នាំប្រជាជនចិន កាលពីថ្ងៃម្សិលមិញ លោក Wang Yifu ដែលដឹកនាំគណៈប្រតិភូមួយក្រុមចូលរួមកិច្ចប្រជុំនេះបាននិយាយថា គណបក្សជាប់ឆ្នោតនៃកោះតៃវ៉ាន់ គឺជាពិសេសលោកស្រី សាយ អ៊ឹងវេន ត្រូវគោរពគោលនយោបាយចិនតែមួយ ហើយត្រូវតែដឹងថាកោះតៃវ៉ាន គឺជាខេត្តមួយរបស់ចិន។
តាមបណ្ដាញផ្សាយព័ត៌មាន BBC មន្ដ្រីបក្សកុម្មុយនិស្តចិនជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា រដ្ឋការថ្មីកោះតៃវ៉ានក៏ត្រូវទទួលស្គាល់ផងដែរកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងឡាយណាដែលបានធ្វើឡើងកន្លងមកជាមួយក្រុងប៉េកាំង។
លោកស្រី សាយ អ៊ឹងវេន នឹងចូលកាន់តំណែងនៅខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ។ លោកស្រីត្រូវបានមើលឃើញថាជាមេដឹកនាំជាតិនិយម ហើយមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក៕
ប្រភព៖ BBC