en     km
en     km

អ្នកវិភាគ​៖​ ការ​ចេញ​មុខ​បដិសេធ​របស់​កញ្ញា​ ស្រី​មុំ​ ករណី​លោក​ កឹ​ម​ សុខា​ អ្នក​ប្រឌិត​រឿង​គួរ​ប្រឈម​មុខ​ផ្លូវច្បាប់​

Share

​រឿងរ៉ាវ​ស្នេហា​តាម​ខ្សែអាត់​សំឡេង​ ដែល​អ្នកខ្លះ​ថា​ជា​រឿងប្រឌិត​នយោបាយ​គ្មាន​យុទ្ធសាស្ត្រ​ ច្បាស់លាស់​ គ្មាន​សារៈសំខាន់​សម្រាប់​ជាតិ​  បាន​បោះ​ជំហាន​មួយ​ថ្មី​ទៀត​។​ កាលពី​ថ្ងៃ​ម្សិលមិញ​ ស្ត្រី​ម្នាក់​អះអាង​ថា​នាង​ជា​ ស្រី​មុំ​ ដែល​ត្រូវ​បាន​គេ​បង្ហោះ​សំឡេង​តាម​ទំព័រ​ហ្វេ​ស​ ប៊ុ​ក​ បាន​បញ្ចេញ​សំឡេង​ ប្រកាស​បដិសេធ​រាល់​ការ​ចោទ​ថា​នាង​បាន​សន្ទនា​គ្នា​អំពី​រឿង​ស្នេហា​ជាមួយ​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង​ ហើយ​ បាន​បង្ហោះ​សំឡេង​ជា​សាធារណៈ​នេះ​។​ ការ​បដិសេធ​នេះ​ គឺ​ពេល​នាង​ផ្ដល់​បទ​សម្ភាស​ឱ្យ​វិទ្យុ​អាស៊ី​សេរី​។​

​កញ្ញា​ម្នាក់​នេះ​ គឺ​នាង​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​។​ នៅ​ថ្ងៃស្អែក​នេះ​នាង​នឹង​ទៅ​បំភ្លឺ​រឿងរ៉ាវ​នេះ​ នៅ​ក្រសួង​ម​មហាផ្ទៃ​។​ តែ​នៅ​ពេល​ថ្លែង​បដិសេធ​ដូចនេះ​ កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​សុ​វត្តិភាព​ផ្ទាល់ខ្លួន​របស់​កញ្ញា​។​ ជុំវិញ​ការ​ព្រួយបារម្ភ​នេះ​អ្នកវិភាគ​ថា​ ក្រសួងមហាផ្ទៃ​ត្រូវ​តែ​ធានា​សុ​វត្តិភាព​កញ្ញា​ ស្រី​មុំ​ ឱ្យ​បាន​។​

ជូន​សេចក្ដីរាយការណ៍​លម្អិត​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ៖

cover-Khom-Chandaraty
​កញ្ញា​ ស្រី​មុំ​ បាន​បញ្ជាក់​ថា​ការ​ចេញ​មក​បដិសេធ​នេះ​ គឺ​ដើម្បី​ទាមទារ​កិ​តិ្ត​យស​របស់​នាង​មក​វិញ​ ដោយ​អះអាង​ថា​នាង​នឹង​ទៅ​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​១១​ ខែមីនា​ ស្អែក​នេះ​ ដើម្បី​បំភ្លឺ​ពី​រឿងអាស្រូវ​ដែល​គេ​យក​ប្រឌិត​សំឡេង​របស់​កញ្ញា​ មក​ចាក់​ផ្សាយ​ តែ​អ្វី​ធ្វើ​ឱ្យ​នាង​បារម្ភ​គឺ​សុវត្ថិភាព​របស់​នាង​។​

ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ នាង​ត្រូវ​ស្នើ​ឱ្យ​ស្ថាប័ន​មួយ​នេះ​ ជួយ​ការពារ​សន្តិសុខ​របស់​នាង​ ហើយ​នាង​នឹង​បំភ្លឺ​អ្វី​ដែល​នាង​គេ​ប្រឌិត​រឿង​៖ «​សម្រាប់​ខ្ញុំ​ ត្រូវ​លាក់ខ្លួន​ជា​រហូត​តាំងពី​ថ្ងៃ​ទី​២៩​ គឺ​ខ្ញុំ​គ្មាន​សិទ្ធិ​សេរីភាព​សូ​ម្បី​តែ​ការងារ​ខ្ញុំ​ ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​ផង​ខ្ញុំ​បាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវការ​ភាព​យុត្តិធម៌​…»​។​

ចំពោះ​លិខិត​អញ្ជើញ​របស់​ក្រសួងមហាផ្ទៃ​ ដើម្បី​ឱ្យ​កញ្ញា​ ស្រី​មុំ​ ចូល​ទៅ​បំភ្លឺ​នេះ​ លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ថា​ នេះ​គឺជា​និ​តិ​វិធី​ល្អ​របស់​ក្រសួងមហាផ្ទៃ​ដែល​បាន​ស្រាវជ្រាវ​បង្ហាញ​នូវ​ការ​ពិត​កុំឱ្យ​មាន​មន្ទិល​តទៅ​ទៀត​។​ តែ​លោក​ចំពោះ​ការ​ស្រាវជ្រាវ​នេះ​សូមកុំ​ឱ្យ​ក្លាយជា​ការ​ដាក់បន្ទុក​ទៅ​លើក​ញ្ញ​ ស្រី​មុំ​ និង​លោក​ កឹ​ម​ សុខា​ ទៅ​វិញ​។​ លោក​បន្ត​ថា​ ក្រសួងមហាផ្ទៃ​ និង​ ក្រសួង​ពាក់​ព​ន្ធ័​ត្រូវ​តែ​ធានា​នូវ​សុវត្ថិភាព​កញ្ញា​ ស្រី​មុំ​ ឱ្យ​បាន​ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​ក្រសួង​។

«​កញ្ញា​មានការ​ព្រួយបារម្ភ​ ពីព្រោះ​កន្លង​មក​យើង​ច្រើន​តែ​ឃើញ​ក្រសួង​ធ្វើការ​ស្រាវជ្រាវ​ បញ្ហា​ទាំង​អស់នេះ​ច្រើន​តែ​ពាក់ព័ន្ធ​តែ​បញ្ហា​នយោបាយ​ ច្រើន​ជាង​ការ​ផ្តល់​យុត្តិធម៌​ បុគ្គល​ពិតប្រាកដ​។​ ក្រសួងមហាផ្ទៃ​ ឬ​ តួនាទី​របស់​រដ្ឋ​ត្រូវ​តែ​ផ្តល់​សុវត្ថិភាព​ដល់​សាមីខ្លួន​ទាំ​សងខាង​ជា​ចាំបាច់​»​។​

ដូច​គ្នា​នេះ​ដែរ​ លោក​ ហេង​ ស្រៀ​ង​ អ្នក​ស្រាវជ្រាវ​សង្គម​ និង​នយោបាយ​បាន​លើក​ឡើង​ថា​ អាជ្ញាធរ​ ក៏​ដូច​ជា​សមត្ថកិច្ច​ត្រូវ​តែ​ការពារ​សុ​វត្តិភាព​ជួន​ប្រជា​ព​រដ្ឋ​ ជា​ពិសេស​ត្រូវ​ចាប់​ជនល្មើស​ ដែល​បន្លំ​សំឡេង​ ឬ​ថត​សំឡេង​គេ​គ្មាន​ការ​អនុ​ញ្ញា​មក​ដាក់ទោស​ឱ្យ​បាន​៖​ «​ក្នុង​មាន​អាជ្ញាធរ​ ត្រូវ​តែ​ស្វែងរក​ប្រភព​ព័ត៌មាន​ ហើយ​ជា​ការ​ធ្វើ​ឱ្យ​អ្នក​រង​គ្រោះ​ ឬ​ អ្នក​គេ​លេង​មានការ​ភ័យ​ខ្លាច​នោះ​ទេ​…»​។​

វិទ្យុ​ស្ត្រី​ FM​ 102​ មិន​អាច​សុំ​បំភ្លឺ​បាន​នោះ​ទេពី​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ ខៀវ​ សុ​ភ័​ក្រ​ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​។

​តែ​បែប​នេះ​ក្ដី​តំណាង​យុវជន​ និស្សិត​ ដែល​ចេញ​មុខ​ជំទាស់​ការ​បដិសេធ​របស់​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​ គឺ​លោកស្រី​ ចំរើន​ ថា​ពួក​គេ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃស្អែក​នេះ​បង្ហាញ​ពី​ភស្តុ​តាង​បញ្ជាក់​ថា​ ការ​បដិសេធ​ខ្សែអាត់​សម្លេង​របស់​កញ្ញា​ ស្រី​មុំ​ ខ្សែ​ គឺជា​ការ​កុហក​មហាជន​ដែរ​។

«​ពួក​គាត់​ជំនាញ​ IT​ ពួក​គាត់​មិនមែន​កាត់ត​ទេ​ គាត់​ឱ្យ​សំឡេង​ដើម​ទី​១​ និង​សំឡេង​ទី​២​ ដែល​បាន​ចុះ​ផ្សាយ​កាលពី​ម្សិលមិញ​មក​ប្រៀបធៀប​គ្នា​ តាម​រយៈ​សំឡេង​ប្រេកង់​ ដែល​យើង​អាច​កំណាត់​បាន​ថា​ តាម​រយៈ​កម្មវិធី​ អា​ដប់​ …​ មើលទៅ​គឺ​សំឡេង​ហ្នឹង​គឺ​ដូច​គ្នា​ពិត​ ១០០%​ តាម​រយៈ​សំឡេង​ដែល​គាត់​ឆ្លើយឆ្លង​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ បាន​ហៅ​ទូរ​សព្ទ​ទៅ​ស្តីបន្ទោស​ថា​ហេតុ​អ្វី​បានជា​កើតរឿង​នេះ​ឡើង​…»​។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្មីៗ​នេះ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ សម្ដេច​ ថា​ លោក​សុខចិត្ត​លេង​អ៊ុ​ក​ដើម្បី​ប្រើ​បញ្ញា​ ហើយ​គិត​រឿង​ជាតិ​ គឺ​មិន​គិត​ពី​ល្បែងស៊ីសង​ ស្រី​ញី​អូន​បង​ ឱ្យ​មានរឿង​អាស្រូវ​ឡើយ​។​ តែ​បែប​នេះ​ក្ដី​គេ​មិនដឹង​ថា​ សម្ដេច​ចង់​សំដៅលើ​ជន​ណាមួយ​ ឬ​លោក​ កឹ​ម​ សុខា​ នោះ​ឡើយ​។​

​អ្នក​សង្កេតការណ៍​ មើលឃើញ​ថា​ ជា​ការ​បោះ​ជំហាន​ថ្មី​មួយ​នៃ​ការ​ប្រឌិត​រឿងរ៉ាវ​ស្នេហា​ ប្រែ​ទៅ​ជា​រឿង​នយោបាយ​ ដើម្បី​បំបាក់​គូប្រកួត​មុន​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨​ ហើយ​ថា​ការ​ចេញ​មុខ​បដិសេធ​របស់​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​ អាច​ធ្វើ​ឱ្យ​ស្ងប់ស្ងាត់​នយោបាយ​លាប​ព៌​ណ​គ្នា​នៅ​កម្ពុជា​៕​

Share

ព័ត៌មានទាក់ទង

Image