ភ្នំពេញ៖ សហគមន៍ខណ្ឌជ្រោយចង្វារចំនួន ៦ ដែលមានគ្នាប្រមាណជាង ១០០ នាក់បាននាំគ្នាយកញត្តិមកដាក់ឱ្យស្ថាប័នកំពូលៗចំនួន ៣ ជួយអន្តរាគមន៍ និងបញ្ឈប់គម្រោងចេញអនុក្រឹត្យកាត់ដីប្រជាពលរដ្ឋចំនួន ៣ សង្កាត់នៅខណ្ឌជ្រោយចង្វារ ទុកជាកម្មសិទ្ធិរបស់សាលារាជធានីភ្នំពេញ ដើម្បីជួលឱ្យក្រុមហ៊ុន OCIC នៅពេលខាងមុខ។ ការដាក់ញត្តិនេះធ្វើទ្បើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅរដ្ឋសភាជាតិ ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ ៖
តំណាងប្រជាពលរដ្ឋ ៧៨ គ្រួសារ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គឺលោក ជា សុផាត បានប្រាប់វិទ្យុស្ត្រី FM 102 នៅពេលពួកគេ ដើរដាក់ញ្ញតិ្តនៅរដ្ឋសភានៅថ្ងៃទី១០ ខែមីនា នេះថា គោលបំណងសំខាន់តែមួយគត់ចង់ឱ្យស្ថាប័នរដ្ឋជួយបញ្ចប់ ចំណាត់ការរបស់សាលារាជធានីភ្នំពេញ។
លោក ជា សុផាត ៖ «គោលបំណងសំខាន់ពួកខ្ញុំមកនេះដើម្បីសុំអន្តរាគមន៍ពីសម្តេចពញាចក្រី ហេង សំរិន លោកទប់ស្កាត់ចំពោះការសាលាក្រុងមានគម្រោងនឹងព្រាងអនុក្រឹត្យមួយដើម្បីឱ្យសម្តេចនាយកហ្នឹង លោក ស៊ីញ៉េ ហើយយកដីពួកខ្ញុំហ្នឹងដាក់ជាសម្បត្តិរបស់សាលារាជធានីភ្នំពេញ ហើយបានជួលទៅឱ្យ OCIC វិញដូច្នេះព្រោះខ្ញុំមិនឯកភាព…»។
ចំណែកឯ តំណាងសហគមន៍ព្រែកលាប គឺ អ្នកស្រី អ៊ិត ណាវី បាន ថ្លែងថា គោលបំណងដែលអ្នកស្រីចូលរួមដាក់ញត្តិនៅថ្ងៃនេះ គឺដើម្បីឱ្យស្ថាប័នកំពួលៗជួយស្នើទៅសាលារាជធានីភ្នំពេញត្រូវធ្វើការស្រាយបំភ្លឺពីគម្រោងចេញសេចក្តីព្រាងអនុក្រឹតដែលស្នើសុំរាជរដ្ឋាភិបាលផ្តល់ដីទំហំ ២៨០ ហិកតា ក្នុងតំបន់ជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសែក និងសង្កាត់ព្រែកលាប ដែលពាក់ព័ន្ធដីលំនៅដ្ឋាន ដីចម្ការដំណាំផ្សេងៗ និងដីស្រែរបស់ពលរដ្ឋ។
អ្នកស្រី អ៊ិត ណាវី ៖ «ខាងពួកខ្ញុំមានចម្ងល់ដោយសារសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ គាត់បានធ្វើការប្រជុំជាមួយសាលារាជធានីភ្នំពេញហ្នឹងជាមួយនឹងក្រុមហ៊ុន OCIC ដើម្បីពង្រាងធ្វើអនុក្រឹត្យអំពីដីតំបន់ជ្រោយចង្វារនេះដាក់ជាសម្បត្តិរបស់សាលាក្រុងអញ្ចឹងពួកខ្ញុំឆ្ងល់ថាហេតុអីក៏គាត់យកដីពួកខ្ញុំទាំងអស់គ្នាទៅជាក់ជាសម្បត្តិរបស់សាលាក្រុង»។
ឆ្លើយតបនឹងការលើកទ្បើងខាងលើនេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ការតវ៉ានេះហាក់បីដូចជាពួកគាត់ចង់ធ្វើការរាំងស្ទះចំពោះ ការអភិវឌ្ឍន៍ជាតិ។
លោក ឡុង ឌីម៉ង់៖ «យើងបានដឹងថាគាត់ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការរាំងស្ទះទៅដល់ការអភិវឌ្ឍដែលរាជរដ្ឋាភិបាលបានសម្រេចរួចទៅហើយទេ ដូច្នេះខ្ញុំមិនមានជាយោបល់អីទេ ស្រេចទៅលើគាត់ដាក់ពាក្យចុះ…»។
សហគមន៍ទាំង ៦ នេះរួមមានសហគមន៍ ដើមគរខាងត្បូង សហគមន៍ ដើមគរខាងជើង សហគមន៍គៀនឃ្លាំង សហគមន៍ព្រែកតាសេក សហគមន៍ ៦ អា និងសហគមន៍ព្រែកលៀប។
ស្ថាប័នកំពូលៗទាំង ៣ នោះ ដែលសហគមន៍បានយកញ្ញត្តិទៅដាក់រួមមាន រដ្ឋសភាជាតិ ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ ដោយ ស្ថាប័នទាំង ៣ ខាងលើនេះបានទទួលយកញត្តិរបស់ពួកគេដោយបានសន្យាថានឹងជួយអន្តរាគមន៍ករណីនេះ៕