en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ឱ្យ​គ្រូពេទ្យ​ឯកទេស​ត្រូវ​ចូល​និវត្តន៍​នៅ​ប​ន្ក​ការងារ​តែ​ក្នុង​ក្រប​ខណ្ឌ​មុខងារ​នយោបាយ​

Share

ភ្នំពេញ៖ ក្នុង​ពិធី​បិទ​សន្និបាត​របស់​ក្រសួងសុខាភិបាល​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មីនា​ នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​សម្រេច​ ឱ្យ​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ ហើយ​ត្រូវ​ចូល​និវត្តន៍​អាច​នៅ​បន្តការងារ​វិជ្ជាជីវៈ​ តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​មុខងារ​នយោបាយ​។​

​តែ​បញ្ហា​នេះ​ អ្នក​តាមដាន​បញ្ហា​សង្គម​យល់​ថា​នេះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ​ ហើយ​ជា​ឱកាស​ធ្វើ​ប្រជា​ភិ​ថុ​ត​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

រូបភាពពីហ្វេសប៊ុកសម្ដេច
រូបភាពពីហ្វេសប៊ុកសម្ដេច

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ សម្រេច​ឱ្យ​មាន​ក្រម​ខណ្ឌ​មុខងារ​នយោបាយ​មួយ​សម្រាប់​ គ្រូពេទ្យ​ឯកទេស​ណា​ដែល​ចូល​និវត្តន៍​ គឺ​ប្រយោជន៍​ដើម្បី​បន្ត​វិជ្ជាជីវៈ​របស់​ គ្រូពេទ្យ​ទាំងនោះ​នៅ​ក្នុង​ស្ថាប័នរដ្ឋ​។​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​កម្ម​វី​ធី​សន្និបាត​ ការងារ​របស់​ក្រសួងសុខាភិបាល​ ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១០​ មីនា​ នេះ​។​

សម្ដេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ធនធានមនុស្ស​ គឺជា​ការ​ចាំបាច់​បំផុត​នៅ​ពេល​ ប្រទេស​មួយ​ត្រូវការ​ ដែល​បញ្ហា​នេះ​ចាំបាច់​ត្រូវ​បន្ត​ទុក​គ្រូពេទ្យ​ឯកទេស​ ដែល​ចូល​និវត្តន៍​ បន្ត​និរន្តរភាព​ការងារ​របស់​ពួក​គេ​ទៅ​តាម​ជំនាញ​។​ ប៉ុន្តែ​សម្ដេច​ណែនាំ​ឱ្យ​ក្រសួង​ សុខាភិបាល​រៀបចំ​គ្រូពេទ្យ​ទាំងនោះ​ ក្នុង​ក្រប​ខណ្ឌ​ ក្នុង​មុខងារ​នយោបាយ​ ហើយ​ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​តាម​មន្ទីរពេទ្យ​។​ ​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ពន្យល់​ថា​ ធ្វើ​ដូចនេះ​ កម្ពុជា​នឹង​មិន​ខ្វះ​គ្រូពេទ្យ​ឯកទេស​នោះ​ទេ​។​

នាយក​រដ្ឋមន្ត្រី​បញ្ជាក់​បន្ថែម​ថា​៖​ «​គ្រូពេទ្យ​ឯកទេស​ដែល​ចូល​និវត្តន៍​ តែងតាំង​ក្នុង​មុខងារ​នយោបាយ​ ប៉ុន្តែ​ឱ្យទៅ​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរពេទ្យ​។​ ដូច្នេះ​យើង​មិន​ខ្សោះ​ឈាម​ ប្រឹង​បណ្តុះបណ្តាល​មក​ ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​ចូល​និវត្តន៍​អស់​ ប្រឹង​បណ្តុះបណ្តាល​មក​ចូល​ក្រប​ខណ្ឌ​មិន​បាន​ដោយសារ​លក្ខខណ្ឌ​អាយុ​។​ អាហ្នឹង​ យើង​ជា​អ្នក​សរសេរ​តើ​ ហើយ​បើ​យើង​អ្នក​សរសេរ​យើង​អាច​កែ​វា​បាន​តើ​ កុំ​ខ្វល់​ពេក​ អាហ្នឹង​បាន​ថា​អន្ទង់​វែង​ឆ្នាំង​វែង​មែន​»​។​

ជាមួយ​គ្នា​នេះ​ដែរ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ប្រកាស​ទទួលយក​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ឱ្យ​ចូល​បម្រើ​ការងារ​ និង​ដាក់​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​ដោយ​ស្វ័យប្រវត្តិ​ នឹង​ទទួល​បាន​ប្រាក់ខែ​ចាប់ពី​ខែមេសា​ ឆ្នាំ​២០១៦​ នេះ​តទៅ​។​

ប៉ុន្តែ​ លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​ សម្ព័​ន​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ យល់​ថា​ដំណោះស្រាយ​នេះ​ គឺជា​របៀប​មួយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​ពី​គ្រូពេទ្យ​។​

លោក​បន្ថែម​ថា​  គួរតែ​មាន​លក្ខខណ្ឌ​ចាំបាច់​មួយ​ដែល​កំណត់​ថា​ ប្រការ​ណាខ្លះ​ដែល​អាច​តម្រូវ​ឱ្យ​ចូល​ក្រប​ខណ្ឌ​នយោបាយ​បាន​ ព្រោះថា​មាន​គ្រូពេទ្យ​ជំនាញ​ខ្លះ​ មាន​ភាព​សកម្ម​ និង​មួយ​ចំនួន​ទៀត​មិន​សកម្ម​។​ លោក​ថា​ ប្រសិនបើ​គ្រូពេទ្យ​ដែល​មាន​ប្រវត្តិ​ការងារ​មិនល្អ​  មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ គួរតែ​មិន​ចាំបាច់​បន្ត​នោះ​ទេ​។​

លោក​ សន​ ជ័យ​ បាន​ពន្យល់​បន្ថែម​ថា​៖​ «​ពីព្រោះ​ថា​ ធនធានមនុស្ស​ដែល​អាច​ក្លាយជា​គ្រូពេទ្យ​ពិបាក​ក្នុង​ការ​បណ្តុះបណ្តាល​ឱ្យ​ក្លាយជា​អ្នក​អាជីព​បាន​ដែរ​ហ្នឹង​ ចំណុច​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ យើង​ចង់ឱ្យ​ការងារ​របស់​ពួក​គាត់​ហ្នឹង​ កា្ល​យ​ជា​ការងារ​ផ្នែក​ជំនួយ​បច្ចេកទេស​ សម្រាប់​បណ្តុះបណ្តាល​អ្នក​ជំនាន់​ក្រោយ​ ច្រើន​ជាង​ការ​ទទួល​បាន​តំណែង​ក្នុង​ការ​សម្រេចចិត្ត​ ធ្វើ​ម៉េច​ធានា​ថា​ រាល់​ការ​បំពេញការងារ​របស់​ពួក​គាត់​មិន​ប៉ះពាល់​ដល់​ក្មេង​ជំនាន់​ក្រោយ​»​។​

ចំណែក​ លោក​ ចាន់​ វិបុល​ អ្នក​ប្រឹក្សា​ផ្នែក​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​ យល់​ថា​នេះ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ​។​ លោក​មើលឃើញ​ថា​ កន្លង​មក​នៅ​ក្នុង​សង្គម​កម្ពុជា​ ព្រោះតែ​ការ​ចាត់​ទុក​មន្ត្រី​រដ្ឋ​ ជា​មន្ត្រី​នយោបាយ​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ ជួប​បញ្ហា​ប្រឈម​រហូត​ដល់​សព្វ​ថ្ងៃនេះ​។​ លោក​បន្ត​ថា​ សព្វ​ថ្ងៃនេះ​កម្ពុជា​ មិនមែន​ខ្វះ​ ធនធានមនុស្ស​ទេ​ ប៉ុន្តែ​ដោយសារ​ការ​គ្រប់គ្រង​ធនធានមនុស្ស​នៅ​មាន​កម្រិត​ខ្សោយ​។​

លោក​ ចាន់​ វិបុល​ មាន​ប្រសាសន៍​ទៀត​ថា​៖​ «​ទាក់ទង​នឹង​គាត់​ឈាន​ដល់​អាយុ​ចូល​និវត្តន៍​ហើយ​ ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​ ឬ​ក៏​អ្នក​ដែល​ទៅ​ស្នង​ការងារ​ហ្នឹង​មិន​ទាន់​មាន​សមត្ថភាព​ ខ្ញុំ​ថា​យើង​មាន​ជម្រើស​ យើង​មាន​ជម្រើស​មិនមែន​ថា​ក្នុង​លក្ខខណ្ឌ​ដាច់ខាត​ ត្រូវ​តែ​ដាក់​ឱ្យ​គាត់​ចូល​និវត្តន៍​ទេ​ ក៏​ប៉ុន្តែ​ខ្ញុំ​សង្កេត​ក្នុង​សង្គម​កម្ពុជា​ ខ្ញុំ​គិត​ថា​ មិនមែន​ខ្វះ​ធនធានមនុស្ស​ទេ​ ប៉ុន្តែ​ការ​គ្រប់​គ្រប់​ប្រព័ន្ធ​ធនធានមនុស្ស​នៅ​មាន​កម្រិត​ខ្សោយ​»​។​

ថ្លែង​កម្មវិធី​ កាលពី​ព្រឹក​មិ​ញ​នេះ​ដែរ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ទទូច​ឱ្យ​គ្រូពេទ្យ​ទាំងអស់​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​រិះគន់​ថា​ គ្មាន​ក្រមសីលធម៌​ ត្រូវ​បន្ទន់ឥរិយាបថ​ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​សម្តី​អាក្រក់​។​
លោក​បន្ត​ថា​៖​ «​ពិបាក​បំផុត​ គឺ​ពិបាក​ត្រង់​ថា​ យើង​អត់​មាន​ថ្នាំ​ អត់​មាន​ស្អីៗ​ យើង​វា​ពិបាក​ ចុះបើ​មាន​ថ្នាំ​ មានអី​ហើយ​ គ្រាន់តែ​កុំ​និយាយ​អាក្រក់​ទៅ​បាន​ទេ​ គ្រាន់តែ​ប៉ុណ្ណឹង​តើ​។

​របាយការណ៍​សង្ខេប​ស្តី​ពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល​ឆ្នាំ​២០១៥​ បានឱ្យ​ដឹង​ថា​ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ មន្ត្រី​ បុគ្គលិក​សុខាភិបាល​ដែល​កំពុង​បម្រើ​ការ​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ​មាន​ចំនួន​សរុប​ ២០,៩៥៤​ នាក់​ ក្នុង​នោះ​មាន​វេជ្ជបណ្ឌិត​ឯកទេស​ ២,៣៤៦​ នាក់​៕

Share

Image
Image
Image