អាមេរិក៖ បេក្ខជនប្រកួតតំណែងជាបេក្ខភាពប្រធានាធិបតីអាមេរិក លោក Donald Trump បានឈ្នះឆ្នោតចំនួន ០៣ រដ្ឋថែមទៀត គឺនៅរដ្ឋ Michigan, Mississippi និងរដ្ឋ Hawaii ធ្វើឱ្យបេក្ខជនរូបនេះកាន់តែខិតជិតនឹងការតែងតាំងជាផ្លូវការពីគណបក្សសាធារណរដ្ឋ។
នៅក្នុងការបោះឆ្នោតជម្រុះបេក្ខជនប្រធានាធិបតីនោះដែរ បេក្ខជនគណបក្សប្រជាធិបតេយ្យ លោក Bernie Sanders បានទទួលជ័យជម្នះគួរជាទីភ្ញាក់ផ្អើលនៅរដ្ឋ Michigan ប៉ុន្ដែលោកទទួលបានសំឡេងឆ្នោតចាញ់លោកស្រី Hilary Clinton នៅរដ្ឋ Mississippi។ បេក្ខជនម្នាក់ទៀតដែលល្បីឈ្មោះដែរ គឺបេក្ខជន Ted Cruz មកពីគណបក្សសាធារណរដ្ឋបានឈ្នះឆ្នោតតែរដ្ឋមួយគត់នៅដំណាក់កាលចុងក្រោយនេះ គឺនៅរដ្ឋ Idaho។
សហរដ្ឋអាមេរិកនឹងបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ ប៉ុន្ដែវាធ្វើឱ្យរន្ធត់នោះ គឺព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ Florida លោក Marco Rubio បានធ្លាក់ដល់លំដាប់ទីបួន ។ បេក្ខជនសាធារណរដ្ឋ Donald Trump ដែលជាមហាសេដ្ឋីមិនមានបទពិសោធន៍អំពីកិច្ចការរដ្ឋនោះទេតែគាត់បាន នាំមុខនៅក្នុងរដ្ឋ Florida ដ៏ធំនេះ ។
លោក Trump និយាយថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលប្រជាជននៅរដ្ឋនេះបានចេញបោះ ឆ្នោតគាំទ្រខ្ញុំឱ្យខ្ញុំទទួលបានជ័យជម្នះធំបំផុតនៅក្នុងជីវិតនយោបាយរបស់ខ្ញុំ»។
ជ័យជម្នះរបស់បេក្ខជនរូបនេះ នាំឱ្យយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង អាចនឹងត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាបេក្ខជនប្រធានាធិបតីឆាប់ៗនេះ៕
ប្រភព៖ BBC