បើទោះជាវិស័យសុខាភិបាល ត្រូវបានលើកស្ទួយឱ្យប្រសើរឡើង ហើយការបង្ការហានីភ័យហិរញ្ញវត្ថុ ដើម្បីយកប្រើប្រាស់សេវាថែទាំងសុខភាពត្រូវបានបង្កើនក្តី ប៉ុន្តែគុណភាពនៃការផ្តល់សេវាសុខាភិបាល ទៅដល់ប្រជាពលរដ្ឋនៅកម្ពុជា នៅតែជួបបញ្ហាប្រឈម។ នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង។
រដ្ឋមន្ត្រីរូបនេះ បានបន្តថា បញ្ហាចម្បងពីរ ដែលវិស័យសុខាភិបាលកម្ពុជាកំពុងជួបប្រទះនេះ ក្រសួងនឹងខិតខំបន្តដោះស្រាយ។ លោកថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធីសន្និបាតសុខាភិបាលលើកទី៣៧ នៅក្រសួងសុខាភិបាល នាថ្ងៃព្រឹកថ្ងៃ០៩ ខែមីនា ឆ្នាំ២០១៦នេះ។
បញ្ហាប្រឈមចម្បងពីរ ដែលលោក ម៉ម ប៊ុនហេង លើកឡើងថា ធ្វើឱ្យគុណភាពការផ្តល់សេវាសុខាភិបាលនៅមានកម្រិត ទី១ គុណភាពសេវាថែទាំសុខភាព ជាពិសេសសមត្ថភាពធ្វើរោគវិនិច្ឆ័យព្យាបាល និងថែទាំ មិនទាន់ឆ្លើយតបទៅនឹងសេចក្តីរំពឹងទុករបស់អ្នកជំងឺ និងអតិថិជននៅឡើយ ទាំងនៅសេវាសាធារណៈ និងឯកជន។ទី២ ការចំណាយប្រាក់ហោប៉ៅរបស់ប្រជាពលរដ្ឋ លើការថែទាំសុខភាពមានកម្រិត ខ្ពស់ភាគច្រើនលើសលប់ទៅលើការថែទាំសុខភាពក្នុងផ្នែកសុខាភិបាលឯកជន។
លោកថា ប្រការនេះ អាចធ្វើឱ្យប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបប្រឈមមុខ នឹងការធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែចំណាយលើការថែទាំសុខភាព។
លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា៖ «អ្វីដែលធ្ងន់ជាងគេ សំខាន់បំផុតពេទ្យរបស់យើង គឺការធ្វេសប្រហែល ក្នុងថែទាំសុខភាពប្រជាពលរដ្ឋយើង ជាកំហុសមួយធ្ងន់ធ្ងរ។ ក្រៅពីហ្នឹងកំហុសដោយអចេទនា យើងអាចអប់រំ បណ្តុះបណ្តាលបន្ថែម ប៉ុន្តែបើយើងកំហុសដោយចេទនាគឺជាការកំហុសឆ្គងមួយធ្ងន់ធ្ងរណាស់»។
លោកវេជ្ជបបណ្ឌិត ដុង អ៊ីលអាន់ តំណាងដៃគូអភិវឌ្ឍន៍សុខាភិបាល បានមានប្រសាន៍ថា តាំងនាមឱ្យដៃគូអភិវឌ្ឍន៍ លោកបានបង្ហាញជំហរប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបន្តធ្វើការជាមួយរដ្ឋាភិបាល ដើម្បីយកចិត្តទុកដាក់ដោយប្រសិទ្ធភាព ចំពោះភាពប្រឈមរបស់វិស័យសុខាភិបាល។
លោកបន្តថា៖ «ខណៈដែលយើងមានសមិទ្ធផលវិជ្ជមានជាច្រើន នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីទៅរកការគ្របដណ្តប់សុខភាពជាសកល រួមមានការធ្វើឱ្យប្រសើរឡើងនូវគុណភាពថែទាំព្យាបាល នៅក្នុងវិស័យសាធារណៈ និងឯកជន ក៏ដូចជាការគាំពារផ្នែកហិរញ្ញវត្ថុ។ យោងទៅតាមការរំពឹងទុកនូវការកាត់បន្ថយថវិកាជំនួយ នាពេលអនាគត ការចំណាយថវិកាជាតិទៅលើសុខភាពគួរតែកើនឡើង ដើម្បីកាត់បន្ថយការចំណាយលើថ្លៃសុខភាពដោយផ្ទាល់»។
តាមរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពវិស័យសុខាភិបាលឆ្នាំ២០១៥ បានឱ្យដឹងថា ថវិកាជាតិក្នុងវិស័យសុខាភិបាលបានកើនឡើងពី ៧៨១ ពាន់លានរៀល នៅឆ្នាំ២០១៤ ដល់៩៣២ ពាន់លានរៀល នៅឆ្នាំ២០១៥ ក្នុងនោះចំណាយនៅថ្នាក់រាជធានី ខេត្ត បានកើនឡើងពី ២៧៤ ពាន់លានរៀល ដល់ ៣២០ ពាន់លានរៀល។
របាយការណ៍នេះក៏បង្ហាញផងដែរថា គិតមកដល់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មន្ត្រី បុគ្គលិកសុខាភិបាលដែលកំពុងបម្រើក្នុងវិស័យសុខាភិបាលសាធារណៈមានចំនួនសរុបជិត ៣ម៉ឺននាក់។
រីឯការវិភាគលទ្ធផលសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាបានបង្ហាញថា គ្រូសារដែលបានចំណាយលើសុខភាពលើស ៤០% នៃការចំណាយសរុប របស់គ្រួសារបានថយចុះពី ៥.៦% នៃចំនួនគ្រួសារសរុបទូទាំងប្រទេសនៅឆ្នាំ២០០៧ មក ៤.៩% នៅឆ្នាំ២០១៤៕