សហជីពមួយចំនួន មិនគាំទ្រប្រធានសហជីពមួយ ដែលមានមុខតំណែងច្រើន ដែលមានងារឯកឧត្តម ឬជាទីប្រឹក្សានិយោជក មន្ត្រីរាជការ ប៉ូលីស ទាហាន នៅក្នុងគ្រឹះស្ថានសហគ្រាសរោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។ ពួកគេយល់ថា ប្រធានសហជីពមានតំណែងច្រើនអាចនឹងប៉ះពាល់សិទ្ធិកម្មករ និងនិយោជិតយ៉ាងធ្ងន់ធ្ងរ។
ចំណែកមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចបានលើកឡើងថា ប្រធានសហជីពមួយ ដែលមានមុខតំណែងច្រើន មិនសំខាន់នោះទេ អ្វីដែលសំខាន់ គឺប្រធានសហជីពនោះអនុវត្តការងារត្រឹមត្រូវស្របច្បាប់។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសេចក្តីព្រាងច្បាប់ចុងក្រោយសហជីព នៅវិមានរដ្ឋសភា ព្រឹកថ្ងៃពុធនេះ។
លោក ធូ វិរៈ លម្អិតព័ត៌មាននេះ ៖
ក្រុមសហជីព និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ស្នើរដ្ឋសភាដាក់បញ្ជូលបញ្ហានេះក្នុងច្បាប់ស្តីពីសហជីព ដោយតម្រូវឱ្យប្រធានសហជីពមានមុខតំណែងតែមួយគត់។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានស្នើឱ្យគណៈកម្មការចំពោះកិច្ច និងរដ្ឋសភាបញ្ជូលបញ្ហាអំពីប្រធានសហជីពត្រូវតែមានមុខតំណែងតែមួយនៅក្នុងសេចក្តីព្រាងច្បាប់សហជីព ដោយមិនត្រូវជាប់ពាក់ព័ន្ធទៅនិង ងារជាឯកឧត្តម ជាទីប្រឹក្សានិយោជក មន្ត្រីរាជការ ប៉ូលីស ទាហាន នៅក្នុងគ្រឹះស្ថានសហគ្រាសរោងចក្រក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាឡើយ។
លោក ហ្វា សាលី មានប្រសាសន៍ថា៖ «មានតំណែងសំពោងសំពាយច្រើនណាស់ពីថ្នាក់ដឹកនាំសហម្ព័ន្ធសហជីពមួយចំនួន ក្នុងងាជាឯកឧត្តម ជាទីព្រឹក្សា អមក្រសួងនេះ ក្រសួងនោះ បញ្ហាទាំងអស់និងហើយបានន័យថា កំពុងដាក់សម្ពាធទៅលើនិយោជក់ បានន័យបំពានសិទ្ធិនិយោជក់»។ ទោះបីយ៉ាងណា លោក សាលី មិនបានបញ្ជាក់ថា ប្រធានសហជីពរូបណាខ្លះ ដែលមានតួនាទី ងារជាឯកឧត្តម ទីប្រឹក្សានិយោជក មន្ត្រីរាជការ ប៉ូលីស ទាហាននោះទេ។
ទាក់ទិនបញ្ហនេះ លោក សុន ឆ័យ អនុប្រធានគណៈកម្មការទី២ និងជា អនុប្រធានក្រុមការងារចំពោះកិច្ចនៃរដ្ឋសភានិយាយនៅក្នុងសិក្ខាសាលាព្រឹកមិញនេះដែរថា លោកមិនគាំទ្រចំពោះប្រធានសហជីពមានមុខតំណែងច្រើននៅក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជានោះទេ។ លោក សុន ឆ័យ និយាយថា៖ «ចំណុចជាទីប្រឹក្សារដ្ឋាភិបាល ជាតួនាទីក្នុងកងទ័ព ប៉ូលីស ជាការងារមិនត្រឹមត្រូវ»។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ លោក អ៊ិត សំហេង បានឆ្លើយតបថា បញ្ហានេះ ជាសិទ្ធិសេរីភាពក្នុងការបង្កើតសហជីពដែលក្នុងគោលបំណងបម្រើផលប្រយោជន៍ជូនកម្មករតែប៉ុណ្ណោះ។
លោក អ៊ិត សំហេង និយាយថា៖ «លក្ខខណ្ឌសហជីពអ្នកនោះឯងត្រូវបម្រើផលប្រយោជន៍កម្មករ លើកលែងតែថៅកែរោងចក្រដែលមិនអាចទៅបង្កើតសហជីពទេ ប៉ុន្តែក្រៅពីថៅកែរោងចក្រ អ្នកដែលធ្វើការទទួលបានប្រាក់ឈ្នួសអ្នកនោះអាចចូលរួមជាមួយសហជីពបានហើយ»។
ដូចគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណៈបក្សកាន់អំណាច លោក សុខ ឥសាន្ត បានលើកឡើងថា ប្រធានសហជីពមួយ ដែលមានមុខតំណែងច្រើនមិនសំខាន់នោះទេ អ្វីដែលសំខាន់ គឺប្រធានសហជីពនោះ អនុវត្តការងារត្រឹមត្រូវស្របច្បាប់។ លោក សុខ ឥសាន និយាយថា៖ «ធ្វើកុំឱ្យវិសមត្ថភាពការងារទោះបីតួនាទីអ្វីក៏ត្រូវចេះបែងចែពេលវេលា និងតួនាទីឱ្យបានត្រឹមត្រូវ»។
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិរយៈពេលមួយព្រឹកស្តីពី សេចក្តីព្រាងច្បាប់ចុងក្រោយសហជីព ដោយមានការបើកទូលាយទៅដល់សហជីពប្រមាណ ២២ រូប បានបញ្ចេញមតិយោបល់ សំណូមពរ ក្តីកង្វល់របស់សហជីព និងកម្មករ ទៅកាន់គណៈកម្មការចំពោះកិច្ចមកពីគណបក្សធំៗទាំងពីរ មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ និងរដ្ឋមន្ត្រីនៃក្រសួងការងារផងដែរ។
បើតាមគណៈកម្មការចំពោះកិច្ចនៃរដ្ឋសភាមកគណៈបក្សធំៗទាំងពីរ បានអះអាង សិក្ខាសាលានេះទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចំណែកនៅថ្ងៃទី១០ ខែមីនា ស្អែកនេះ នឹងមានការបង្ហាញរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចនឹងដាក់ជូនទៅកណៈកម្មាការទី៦ និងទី៨ ដើម្បីពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពចំនួន ១៧ ជំពូក និង ១០០ មាត្រា ដែលសហជីពមួយចំនួនបានលើកឡើងថា ច្បាប់នេះមានចរិតរឹតត្បិតសេរីភាពបញ្ចេញមតិកម្មករ និងសហជីពខ្លាំង និងបានស្នើឱ្យរដ្ឋសភាបង្ហាញសេចក្តីព្រាងច្បាប់ចុងក្រោយ និងទុកពេលវេលាឱ្យបានគ្រប់គ្រាន់ ដើម្បីធ្វើការផ្សព្វផ្សាយច្បាប់នេះ មុននឹងអនុម័តឱ្យប្រើប្រាស់៕