ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូៗ វិទ្យាស្ថានជាតិអប់រំ (NIE) នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិនា នេះ ប្រមុខ រដ្ឋាភិបាលកម្ពុជា បានថ្លែងពីមោទនភាពរបស់រដ្ឋាភិបាលដែលបានធ្វើឱ្យមានកំណើនប្រាក់បៀវត្សមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដោយបានបើកជាទៀងទាត់រាល់ចុងខែនិមួយៗ ដែលលោកថា មិនដូចឆ្នាំកន្លងមក ។ ប៉ុន្តែអង្គការសង្គមស៊ីវិល និងអ្នកវិភាគបញ្ហាសង្គមមើលឃើញថា ប្រាក់បៀវត្សមន្ត្រីរាជការបច្ចុប្បន្ននៅមិនទាន់ឆ្លើយតបនឹងតម្លៃទំនិញលើទីផ្សារនៅឡើយនោះទេ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ ៖
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ប្រាក់បៀវត្សមន្ត្រីរាជការ និង កងប្រដាប់អាវុធមានការកើនឡើងជាលំដាប់ ហើយបានបើកជាទៀងទាត់ដែលលោកអះអាងថា មិនដូចឆ្នាំកន្លងមក។
ថ្លែងក្នុងពីធីចែកសញ្ញាបត្រដល់គរុនិស្សិតនៅរាជធានីភ្នំពេញ នៅព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលកំពុងតែបង្កើនថវិកាជាតិដើម្បីជំរុញគុណភាពអប់រំ ហើយទន្ទឹមនឹងនេះ គឺការបង្កើនប្រាក់បៀវត្សជូនលោកគ្រូ-អ្នកគ្រូ នៅឆ្នាំ២០១៧ យ៉ាងទាបបំផុតគឺ ៨០ម៉ឺនរៀល និងនៅឆ្នាំ២០១៨ នឹងកើនឡើងដល់ ១ លានរៀល។ ជាមួយគ្នានេះសម្ដេចបានបង្ហាញពីមោទនភាព ដែលរដ្ឋាភិបាលបាន បង្កើនប្រាក់បៀវត្សកើនជាលំដាប់ និងបើកទៀងទាត់ផង។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងរិះគន់ផងដែរចំពោះ គណបក្សប្រឆាំងដែលសន្យាជួយឧបត្ថម្ភប្រាក់សង្គមកិច្ច ប្រភេទខ្លះដែលសម្ដេចថាមិនសមស្រប។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក៏យល់ស្របចំពោះការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលផងដែរ។ តែយ៉ាងណា លោក យ៉ង់ គឹមអេង ថាប្រាក់បៀវត្សដែលរដ្ឋាភិបាលគ្រោងនឹងដំឡើងជូនមន្ត្រីរាជការ និងកងប្រដាប់អាវុធនាឆ្នាំបន្ទាប់នេះ នៅមិនទាន់ឆ្លើយតបនឹងតំលៃទំនិញនៅលើកទីផ្សារបច្ចុប្បន្ននេះទេ។
ចំណែកអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី មើលឃើញថា រដ្ឋាភិបាលហាក់មិនទាន់មានយុទ្ធសាស្ត្រត្រឹមត្រូវ ក្នុងការតំឡើងប្រាក់ខែមន្ត្រីរាជការ ព្រោះរដ្ឋាភិបាលមិនបានប្រមើមើលពីអតិផរណាតម្លៃទំនិញលើទីផ្សារជាមួយនឹងការចាយវាយរបស់មន្ត្រីរាជការនោះទេ។
លោក មាស នី បន្តថា រដ្ឋាភិបាលគួរជៀសវាងការប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីរាជការតាមតែកម្លាំងនយោបាយនោះទេ ដោយត្រូវព្យាករណ៍ឱ្យបានត្រឹមត្រូវពីចរន្តថវិកាជាតិ ជាមួយយុទ្ធសាស្ត្រមួយដែលត្រឹមត្រូវ។
រយៈពេលចុងក្រោយនេះ គេសង្កេតឃើញរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើនប្រាក់បៀវត្សមន្ត្រីរាជការកងប្រដាប់អាវុធជិត ២ដង ដែលកើនពី ៤០ ម៉ឺនរៀលទៅ ៦០ ម៉ឺនរៀល ឬ ៧០ ម៉ឺនរៀល ហើយសម្រាប់កងប្រដាប់អាវុធ គឺថ្នាក់វរៈសេនីយ៍ទទួលប្រាក់បៀបវត្សជិត ១លានរៀល និង ថ្នាក់ឧត្តមសេនីយ ទទួលបានជាង ១លានរៀលបន្តិច។
តែជាការកត់សម្គាល់ ការដំឡើងប្រាក់បៀវត្ស មានចំនួនច្រើននេះ ធ្វើឡើងបន្ទាប់ពីគណបក្សកាន់អំណាចយូរឆ្នាំនេះ បានបាត់បង់អាសនៈជាច្រើនទៅគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតសភា អាណត្តិទី ៥ ឆ្នាំ២០១៣៕