en     km
en     km

សម្ដេច​នាយក​រដ្ឋមន្ត្រី​ បង្ហាញ​មោទនភាព​ចំពោះ​ស្ថិរភាព​ប្រាក់បៀវត្ស​មន្ត្រីរាជការ​

Share

រូបភាពពីហ្វេសប៊ុកសម្ដេច
រូបភាពពីហ្វេសប៊ុកសម្ដេច

ភ្នំពេញ៖  ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គ្រូៗ​ វិទ្យាស្ថាន​ជាតិ​អប់រំ​ (NIE) នៅ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៩​ ខែ​មិ​នា​ នេះ​ ប្រមុខ​   រដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​ពី​មោទនភាព​របស់​រដ្ឋាភិបាល​ដែល​បាន​ធ្វើ​ឱ្យ​មាន​កំណើន​ប្រាក់បៀវត្ស​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ ដោយ​បាន​បើក​ជា​ទៀងទាត់​រាល់​ចុងខែ​និ​មួយៗ​ ដែល​លោក​ថា​ មិន​ដូច​ឆ្នាំ​កន្លង​មក​ ។​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​បញ្ហា​សង្គម​មើលឃើញ​ថា​ ប្រាក់បៀវត្ស​មន្ត្រីរាជការ​បច្ចុប្បន្ន​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ​នៅឡើយ​នោះ​ទេ​។​

​លោក​ ​កែវ​ ​សុ​ខា​ ​រាយ​ការណ៍​ពី​ព័ត៌​មាន​នេះ​ ៖

សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ប្រាក់បៀវត្ស​មន្ត្រីរាជការ​ និង​ កង​ប្រដាប់​អាវុធ​មានការ​កើន​ឡើងជា​លំដាប់​ ហើយ​បាន​បើក​ជា​ទៀងទាត់​ដែល​លោក​អះអាង​ថា​ មិន​ដូច​ឆ្នាំ​កន្លង​មក​។​

​ថ្លែង​ក្នុង​ពី​ធី​ចែក​សញ្ញាបត្រ​ដល់​គរុ​និស្សិត​នៅ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​មិ​ញ​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​អះអាង​ថា​ រដ្ឋាភិបាល​កំពុង​តែ​បង្កើន​ថវិកាជាតិ​ដើម្បី​ជំរុញ​គុណភាព​អប់រំ​ ហើយ​ទន្ទឹម​នឹង​នេះ​ គឺ​ការ​បង្កើន​ប្រាក់បៀវត្ស​ជូន​លោកគ្រូ​-​អ្នកគ្រូ​ នៅ​ឆ្នាំ​២០១៧​ យ៉ាង​ទាប​បំផុត​គឺ​ ៨០​ម៉ឺន​រៀល​ និង​នៅ​ឆ្នាំ​២០១៨​ នឹង​កើនឡើង​ដល់​ ១​ លាន​រៀល​។​ ជាមួយ​គ្នា​នេះ​សម្ដេច​បាន​បង្ហាញ​ពី​មោទនភាព​ ដែល​រដ្ឋាភិបាល​បាន​ បង្កើន​ប្រាក់បៀវត្ស​កើន​ជា​លំដាប់​ និង​បើក​ទៀងទាត់​ផង​។​

​ទន្ទឹម​នឹង​នេះ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែង​រិះគន់​ផង​ដែរ​ចំពោះ​ គណបក្សប្រឆាំង​ដែល​សន្យា​ជួយ​ឧបត្ថម្ភ​ប្រាក់​សង្គមកិច្ច​ ប្រភេទ​ខ្លះ​ដែល​សម្ដេច​ថា​មិន​សម​ស្រប​។​

​លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ ក៏​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ផង​ដែរ​។​ តែ​យ៉ាងណា​ លោក​ យ៉ង់​ គឹ​ម​អេ​ង​ ថា​ប្រាក់បៀវត្ស​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ដំឡើង​ជូន​មន្ត្រីរាជការ​ និង​កង​ប្រដាប់​អាវុធ​នា​ឆ្នាំ​បន្ទាប់​នេះ​ នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តំលៃ​ទំនិញ​នៅ​លើក​ទីផ្សារ​បច្ចុប្បន្ន​នេះ​ទេ​។​

​ចំណែក​អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ មាស​ នី​ មើលឃើញ​ថា​ រដ្ឋាភិបាល​ហាក់​មិន​ទាន់​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ ក្នុង​ការ​តំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ ព្រោះ​រដ្ឋាភិបាល​មិន​បាន​ប្រ​មើ​មើល​ពី​អតិផរណា​តម្លៃ​ទំនិញ​លើ​ទីផ្សារ​ជាមួយនឹង​ការ​ចាយវាយ​របស់​មន្ត្រីរាជការ​នោះ​ទេ​។​

លោក​ មាស​ នី
លោក​ មាស​ នី

​លោក​ មាស​ នី​ បន្ត​ថា​ រដ្ឋាភិបាល​គួរ​ជៀសវាង​ការ​ប្រកាស​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​តាមតែ​កម្លាំង​នយោបាយ​នោះ​ទេ​ ដោយ​ត្រូវ​ព្យាករណ៍​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ចរន្ត​ថវិកាជាតិ​ ជាមួយ​យុទ្ធសាស្ត្រ​មួយ​ដែល​ត្រឹមត្រូវ​។​

​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បង្កើន​ប្រាក់បៀវត្ស​មន្ត្រីរាជការ​កង​ប្រដាប់​អាវុធ​ជិត​ ២​ដង​ ដែល​កើន​ពី​ ៤០​ ម៉ឺន​រៀល​ទៅ​ ៦០​ ម៉ឺន​រៀល​ ឬ​ ៧០​ ម៉ឺន​រៀល​ ហើយ​សម្រាប់​កង​ប្រដាប់​អាវុធ​ គឺ​ថ្នាក់​វរៈសេនីយ៍​ទទួល​ប្រាក់​បៀ​ប​វត្ស​ជិត​ ១​លាន​រៀល​ និង​ ថ្នាក់​ឧត្តមសេនីយ​ ទទួល​បាន​ជាង​ ១​លាន​រៀល​បន្តិច​។​

​តែ​ជា​ការ​កត់សម្គាល់​ ការ​ដំឡើង​ប្រាក់បៀវត្ស​ មាន​ចំនួន​ច្រើន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្សកាន់អំណាច​យូរ​ឆ្នាំ​នេះ​ បាន​បាត់បង់​អាសនៈ​ជា​ច្រើន​ទៅ​គណបក្សប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ អាណត្តិ​ទី​ ៥​ ឆ្នាំ​២០១៣៕​

Share

Image
Image
Image