អំពើហិង្សាក្នុងសង្គមរបស់មនុស្ស មានច្រើនបែបច្រើនទម្រង់។ ការរំលោភបំពានដ៏អាក្រក់ តែងកើតមានឡើង ទាំងនៅក្នុងសង្គម សហគមន៍ និងគ្រួសារ ប៉ុន្តែក្រោយហិង្សាកើតឡើង ច្រើនតែបិទបាំងទៅវិញ គឺដោយសារហេតុផលកិត្តិយស ជាពិសេសករណីកើតឡើងជាលក្ខណៈគ្រួសារ ដែលគេថាមិនគួរឱ្យអ្នកខាងក្រៅដឹងឡើយ។ ចំណែកអំពើហិង្សាកើតចេញពីបញ្ហាសេដ្ឋកិច្ច បានធ្វើឱ្យខូចផលប្រយោជន៍ដល់សហគមន៍ ដែលត្រូវបានថ្កោលទោសព្រោះវាធ្វើឱ្យមានអសន្តិសុខ។ អំពើហិង្សាក៏កើតចេញពីសង្គ្រាមផងដែរ។
ប៉ុន្តែអ្វី ជាដើមហេតុគឺគេត្រូវពិនិត្យមើលប្រវត្តិសាវតានៃអំពើហិង្សា ទាំងនេះថាតើកើតឡើងដោយរបៀបណាហើយ គេតម្រូវឱ្យមានការដោះស្រាយដោយការតស៊ូ អត់ធ្មត់សេចក្ដីក្លាហាន និងការយល់ដឹងកម្រិតខ្ពស់។
ស្ត្រីឆ្នើមទាំង ១៦ រូបដែលបានក្រោកឈរតស៊ូប្រឆាំងអំពើហិង្សា ពួកគេមកពីប្រទេសផ្សេងៗគ្នា គឺគេអាចរាប់ពីប្រទេសម៉ិកស៊ិកទៅមីយ៉ាន់ម៉ា, ស៊ូដង់ទៅស៊ូដង់ខាងត្បូង, អ៊ីរ៉ាក់ទៅអ៊ុយក្រែន។ ស្ត្រីឆ្នើមទាំងនេះកំពុងពិនិត្យមើលសញ្ញាណនៃហិង្សា ដែលមិនអាចជៀសផុត ឬគេថាជាអំពើអយុត្តិធម៌មួយគួរតែទទួលបានការអត់ឱន។
ខាងក្រោមនេះ គឺជាប្រវត្តិ និងស្នាដៃរបស់ស្ត្រីឆ្នើមទាំង ១៦ រូបនេះ ៖
១. លោកស្រី កាឌីចា អាល់ ចាប៊ីរី ណាអាម៉ា (Khadija Al-Jabiry Na’ama) ស្ត្រីឆ្នើមនៃប្រទេសអ៊ីរ៉ាក់
«ពេលដែលអ្នកផ្ដល់ឱកាសដល់ស្ត្រី… នោះស្ត្រីនឹងធ្វើរឿងដែលអស្ចារ្យ នឹកស្មានមិនដល់»។
លោកស្រី បានបណ្ដុះគ្រាប់ពូជសេរីភាព សន្តិភាព និងការបង្រួបបង្រួមក្នុងប្រទេសអ៊ីរ៉ាក់។ ក្រៅពីជាម្ចាស់កសិដ្ឋាន លោកស្រីមានហាងកែសម្ផស្សមួយ ដែលជាទីតាំងសម្រាប់ស្ត្រីមកជួបគ្នាដើម្បីពិភាក្សាពីបញ្ហាសន្តិសុខ ដែលកើតមានជារៀងរាល់ថ្ងៃលើស្ត្រី។ លោកស្រី និយាយថា៖ «វាមើលទៅដូចជាលំហមួយនៃសេរីភាព»។
លោកស្រី Khadija បានបង្កើតឱ្យមានការជួបជុំនេះដើ់ម្បីពិនិត្យមើលសេចក្ដីត្រូវការ និងអ្វីជាអាទិភាពរបស់ស្ត្រី។ ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាក្រុង Baghdad រយៈពេលជាង ២ អាណត្តិ លោកស្រី បានតស៊ូគ្រប់បែបយ៉ាងដើម្បីសហគមន៍។ លោកស្រី បានធ្វើការងារ ដើម្បីសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធលូ ទឹកស្អាត និងសេវាកម្មជាមូលដ្ឋាន។
លោកស្រី បានផ្ដល់អនុសាសន៍ថា៖ «ប្រសិនបើរដ្ឋាភិបាលបរាជ័យក្នុងការផ្ដល់នូវតម្រូវការចាំបាច់ទាំងនេះ ពលរដ្ឋនឹងមានការចូរួមជួយអភិវឌ្ឍសហគមន៍របស់ពួកគេតិចតួច ហើយវាបែរជាបើកឱកាសដល់ជនជ្រុលនិយមទៅវិញ»។ ឯកទេសរបស់លោកស្រីនៅពេលនេះ គឺការនាំសាររវាងពលរដ្ឋ ទៅអ្នកសម្រេចចិត្តថ្នាក់ជាតិដូចជានាយករដ្ឋមន្ត្រី សភា និងរដ្ឋមន្ត្រី។
២. លោកស្រី អាប៉ុក អាយូល (Apuk Ayuel) ៖ Apuk ជាស្ត្រីឆ្នើមនៃប្រទេសស៊ូដង់
«ស្ត្រីម្នាក់ គឺគ្មានការរើសអើងជាតិសាសន៍ទេ»។
លោកស្រី និងគ្រួសារបានរត់គេចខ្លួនពីក្រុង Juba ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល ឆ្នាំ ១៩៩៦ ហើយបានទៅសុំសិទ្ធិជ្រកកោននៅអាមេរិក។ តែបែបនេះក្ដី លោកស្រីនិយាយថានឹងមិនបំភ្លេចស្រុកកំណើតរបស់ខ្លួនឡើយ។ លោកស្រី បានបង្ហាញរូបថតមួយសន្លឹកដែលបង្ហាញពីក្មេងៗកំពុងស្រេកឃ្លាន ស្ថិតក្នុងគ្រោះទុរ្ភិក្សនៃប្រទេសស៊ូដង់ខាងត្បូង ក្នុងឆ្នាំ ១៩៩៨។
លោកស្រី គិតថា៖ «នេះអាចជាព្រហ្មលិខិតនៃប្រទេសលោកស្រី»។ ក្រោយពីប្រទេសស៊ូដង់ខាងត្បូងទទួលបានឯករាជ្យក្នុងឆ្នាំ ២០១១។ លោកស្រី បានក្លាយជាអ្នកការទូតនៅក្នុងប្រទេសថ្មីគឺ ប្រទេសស៊ូដង់ខាងត្បូង និងអាមេរិក។ នៅពេលដែលសង្គ្រាមបានចាប់ផ្ដើមក្នុងខែធ្នូ ឆ្នាំ២០១៣ លោកស្រីបានក្លាយជាជនភៀសខ្លួនជាថ្មីម្ដងទៀត។ លោកស្រីបានក្លាយជាសមាជិកនៃអង្គការស្ត្រីនៅប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង។ លោកស្រី បានជួយរៀបចំឱ្យស្ត្រីមកពីប្រទេសទាំងពីរ ដាក់សម្ពាធលើរដ្ឋាភិបាល និងគណបក្ស ជំទាស់ឱ្យបញ្ឈប់នូវរាល់អំពើហិង្សា។ លោកស្រីបាន បង្កើតទ្រឺស្ដីមួយ៖ «ការពិត យើងជាស្ត្រី គឺមិនត្រូវទទួលយកការគំរាមកំហែង ថាជាទ្រព្យដ៏សំខាន់បំផុតរបស់យើងទេ»។
៣. លោកស្រី អ៊ីរីណា ប្រូណូវ៉ា កាលីសេតកា (Iryna Brunova Kalisetska) ស្ត្រីឆ្នើមនៃប្រទេសអ៊ុយក្រែន
«ការបង្រួបបង្រួម គឺជាដំណើរការដ៏វែងឆ្ងាយ និងលំបាក … មនុស្សយើងត្រូវតែស្ដាប់គ្នាទីវិញទៅមក»។
លោកស្រី មានប្រសាសន៍ថា៖ «ខ្ញុំមិនដែលរំពឹងថាបានក្លាយជាអ្នកមាននិក្ខេបទថ្នាក់បណ្ឌិតស្ដីពីការធ្វើចំណាកស្រុកដោយបង្ខំនោះទេ»។ ប៉ុន្តែក្រោយពីការនិយាយប្រឆាំងនឹងការបញ្ចូលជាឧបសម្ព័ន្ធនៃតំបន់ Cremea ដោយប្រទេសរុស្ស៊ី ជាកន្លែងកំណើតរបស់លោកស្រី។ លោកស្រីត្រូវតែរត់គេច ដើម្បីចៀសវាងការចាប់ខ្លួន។ រយៈពេលជាង ១៥ ឆ្នាំ ក្នុងនាមជាសាស្ត្រាចារ្យ និងជាអ្នកចិត្តវិទ្យា លោកស្រីបានបណ្ដុះបណ្ដាលមនុស្សឱ្យយល់ពីការធ្វើយ៉ាងណាដើម្បីចៀសវាងជម្លោះ និងដោះស្រាយភាពមិនយល់ពីគ្នា។
តែឥឡូវនេះ តំបន់ដែលលោកស្រីធ្លាប់បានបង្រៀនអំពីសន្តិភាព វាបានក្លាយទៅជា ពិភពនៃអំពើហិង្សា។ នៅពេលលោកស្រី ភៀសខ្លួនទៅនៅទីក្រុង Kyiv ។ លោកស្រីបានចាប់ផ្ដើមអប់រំ ការការពារកុំឱ្យមានជម្លោះកើតឡើង។ លោកស្រីនិយាយថា៖ «នៅក្នុងប្រទេសរបស់ខ្ញុំ ជាទូទៅប្រជាជនមិនចូលចិត្តនិយាយពីរឿងរងទុក្ខឱ្យគេដឹងទេ»។ តែលោកស្រី ជឿថា ការដែលយើងនិយាយ និងស្ដាប់ពីបញ្ហាទាំងហ្នឹង វាអាចជាការផ្លូវនាំរកទៅការបង្រួបបង្រួមក៏ថាបាន។
៤. លោកស្រី លីលី អាហ្គីឡា (Lilia Aguilar) ស្ត្រីឆ្នើមនៃប្រទេសម៉ិកស៊ិក
«ពួកយើង គឺជាផ្នែកពាក់កណ្ដាលផ្សេងទៀត ហើយយើងមានទស្សនវិស័យខុសគ្នា»។
លោកស្រី បានធំដឹងក្ដីឡើងជាមួយបងប្អូនប្រុសស្រីចំនួន ២០ នាក់ ហើយពួកគេភាគច្រើនមិនដូចលោកស្រីទេ។ ជាលទ្ធផលនៃសកម្មភាពនយោបាយតពីឪពុកម្ដាយ ដែលនាំឱ្យរដ្ឋាភិបាលតាមឃ្លាំមើលលោកស្រីជានិច្ច។ លោកស្រីត្រូវបានគេស្នើ បានផ្លាស់ទីលំនៅ ដែលលោកស្រីធ្លាប់នៅជាមួយក្មេង។ កាលពីអាយុ ២១ ឆ្នាំ ស្រីបានជាប់ឆ្នោតសភាមូលដ្ឋាននៅ រដ្ឋ Chilualua។
លោកស្រី រងការគំរាមកំហែងគឺដោយសារតែលោកស្រី ធ្វើយុទ្ធនាការដើម្បីបញ្ឈប់ការរាលដាលនៃការបាត់ខ្លួន និងសម្លាប់ស្ត្រីនៅក្នុងទីក្រុង Juárez។ លោកស្រី មានប្រសាសន៍ថា៖ «នេះ ជាមេរៀនទីមួយក្នុងគ្រោះថ្នាក់នៃភាពជាមេដឹកនាំ»។ ប៉ុន្តែលោកស្រី បានតស៊ូជម្នះ ហើយត្រូវបានជាប់ឆ្នោតនៅសភាជាតិនៅម៉ិកស៊ិក ក្នុងឆ្នាំ២០១២ ក្នុងតំណែងជាអ្នកដឹកនាំម្នាក់ពីបក្សប្រឆាំង។ ចាប់តាំងពីឆ្នាំ២០១៤ មក លោកស្រី គឺជាវីរជនម្នាក់ដែលមានសំឡេងលេចធ្លោនៅក្នុងការទាមទារឱ្យរដ្ឋាភិបាល ផ្ដល់យុត្តិធម៌ចំពោះសិស្សចំនួន ៤៣ នាក់ ដែលបានបាត់ខ្លួនដោយបង្ខំ ពេលដែលពួកគេអ្វើដំណើរទៅទីក្រុងម៉ិកស៊ិកូ។
៥. លោកស្រី ញូ រេបេកា ទីន (New Rebecca Htin) ស្ត្រីឆ្នើមនៃប្រទេសមីយ៉ាន់ម៉ា
«យើងបានរស់នៅក្នុងសង្គ្រាមអស់ពេលជាយូរមកហើយ – ឥឡូវយើងមានឱកាសបានឃើញនូវពន្លឺខ្លះៗហើយ»។
លោកស្រី រំឭកពីហេតុផលមួយចំនួនដែលលោកស្រី និងស្វាមីរបស់លោកស្រីបាន ឆ្លងកាត់។ ពួកគាត់ជាគ្រូពេទ្យ។ ពួកគាត់បានចាប់ផ្ដើមបើកគ្លីនិកចល័តមួយដើម្បីផ្ដល់សេវាថែទាំដល់ជនជាតិភាគដើមតិចនៅទីជនបទក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកស្រី មានប្រសាសន៍ថា៖ «ពួកយើងបានធំដឹងក្ដីឡើងនៅក្នុងទីក្រុង ដោយមិនបានដឹងថា សង្គ្រាម ជាអ្វីនោះទេ»។
លោកស្រី បានស្វែងយល់ថាប្រជាជននៅទីនោះគឺមានភាពភ័យខ្លាចចំពោះជីវិតរស់នៅ និងវិបុលភាពរបស់ពួកគេជារៀងរាល់ថ្ងៃ។ ដោយឆ្លងកាត់បទពិសោធទាំងនេះ លោកស្រី Rebecca ស្វែងរកឫសគល់នៃជម្លោះ។ លោកស្រី គាំទ្រការចរចាបទឈប់បាញ់គ្នារវាងរដ្ឋាភិបាល និងក្រុមកងទ័ពជនជាតិដើមភាគតិច។ លោកស្រី ទទូចថា៖ «ប្រជាធិបតេយ្យតែមួយមុខ នឹងមិនអាចដោះស្រាយរាល់បញ្ហាបានទេ គឺត្រូវតែផ្សាភ្ជាប់ការដោះស្រាយចំពោះការឈឺចាប់របស់ក្រុមជនជាតិដើមភាគតិចផងដែរ»។
៦. លោកស្រី ហ៊ូដា ស្ហាហ្វិក (Huda Shafig) ជាស្ត្រីឆ្នើមនៃប្រទេសស៊ូដង់
«ក្នុងនាមជាស្ត្រី យើងអាចធ្វើការឆ្លុះបញ្ចាំងពីតម្រូវការនៃសហគមន៍របស់យើង»។
លោកស្រី បានធំដឹងក្ដីនៅក្នុងទីក្រុង ហើយបានចូលរៀននៅសាលាឯកជន និងមានរបស់ប្រើប្រាស់ទាំងអស់ដែលនាងត្រូវការ គឺមិនដូចស្ត្រីជាច្រើនផ្សេងទៀតនៅក្នុងប្រទេសកំណើត ស៊ូដង់របស់លោកស្រីឡើយ។ ពេលលោកស្រីចាប់ផ្ដើមចូលវ័យចាស់បន្តិច លោកស្រី យល់ឃើញថាអំពើហិង្សា និងវិសមភាពនៅក្នុងតំបន់ជនបទ គឺមានឥទ្ធិពលដល់សង្គមទាំងមូល។ លោកស្រីនិយាយថា៖ «បើទោះជាខ្ញុំមិនបានរស់នៅក្នុងតំបន់ដែលមានជម្លោះ ក៏វានៅតែជះឥទ្ធិពលមកដល់ខ្ញុំដែរ»។ លោកស្រីបន្តថា៖» ប្រសិនបើផ្នែកណាមួយនៃរាងកាយរបស់អ្នកកំពុងឈឺចាប់ នោះអ្នកនឹងឈឺចាប់ឬរងទុក្ខដែរ»។
ក្នុងឆ្នាំ២០០៩ លោកស្រីបានសហការបង្កើត អង្គការយុវជនមួយដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សនៅទូទាំងប្រទេស។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនាមជាផ្នែកមួយនៃក្រុម Taskforce ដែលធ្វើការលើកកម្ពស់ស្ត្រីក្នុងប្រទេសស៊ូដង់ និងប្រទេសស៊ូដង់ខាងត្បូង លោកស្រី បានផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាលអំពីរបៀបនៃការសន្ទនាថ្នាក់ជាតិ ដោយលោកស្រី ជំរុញ ឱ្យស្ត្រីមានកាន់កាប់អសនៈសភាពី១០ ទៅជាង ២០០ អាសនៈ (២៩% នៃអាសនៈសរុប)។
៧. លោកស្រី អូលហ្កា បូហ្គូម៉ូឡេតស៍ (Olga Bogomolets) ស្ត្រីឆ្នើមនៃប្រទេសអ៊ុយក្រែន
«កុំរង់ចាំឱ្យព្រះជួយ ធ្វើការផ្លាស់ប្ដូរប្រទេសរបស់អ្នក តែអ្នកគួរតែធ្វើជាព្រះវិញ»។
លោកស្រី បានធំដឹងក្ដីនៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន (Ukraine) គឺគ្រានោះ ប្រទេសស្ថិតនៅជាផ្នែកមួយនៃសហភាពសូវៀត (USSR)។ លោកស្រី និយាយថា៖ «មានព្រះតែមួយប៉ុណ្ណោះ ហើយឈ្មោះរបស់ទ្រង់គឺ ឡេនីន»។ ប៉ុន្តែលោកស្រីបានជម្នះទ្រឹស្ដីនេះ ហើយក្លាយជាវេជ្ជបណ្ឌិត ជាអ្នកចម្រៀងប្រជាប្រិយ និងចុងក្រោយក្លាយជាមេដឹកនាំនយោបាយជាតិមួយរូប។
លោកស្រីបានរំឮកអំពីឆាកជីវិតរបស់លោកស្រីដែលនាំឱ្យមានការផ្លាស់ប្ដូរ៖ «ខ្ញុំស្ថិតនៅក្នុងភូមិមួយ ហើយខ្ញុំក៏បានទទួលការហៅទូរស័ព្ទមួយពីអ្នកកាសែតម្នាក់ ដែលគាត់បាននិយាយថាមានមនុស្សចំនួន ១ លាននាក់នៅលើដងផ្លូវ»។ ពេលនោះហើយ ដែលលោកស្រីប្រញាប់ទៅកាន់ដងផ្លូវនោះ។ វាគឺជាការធ្វើបដិវត្តន៍ Maidan ហើយលោកស្រីបានចំណាយពេលប្រមាណ ៣ ខែ ធ្វើការងារសម្របសម្រួលខាងផ្នែកវេជ្ជសាស្ត្រជួយអ្នកតវ៉ាដែលរងរបួស។
លោកស្រីរំឮកថាក្មេងជំទង់ដែលពិការដៃវ័យ ១៦ ឆ្នាំម្នាក់ បានស្លាប់រង្វង់ដៃលោកស្រីគឺ បន្ទាប់ពី ៣ ថ្ងៃក្រោយ ក្នុងការបះបោរមួយនៅខែកុម្ភៈ ឆ្នាំ២០១៣។ បទពិសោធនេះបានរុញច្រានលោកស្រីឱ្យតស៊ូធ្វើជាប្រធានាធិបតី។ លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមិនគួរធ្វើជាគ្រូពេទ្យទៀតទេ នៅក្នុងប្រទេសដែលមានប្រជាជនទទួលរងការបាញ់សម្លាប់នៅលើដងផ្លូវព្រោះខ្ញុំគ្មានឱកាសដើម្បីជួយជីវិតពួកគាត់ឡើយ»។មួយឆ្នាំក្រោយមកលោកស្រី ជាប់ឆ្នោតនៅជាអ្នកតំណាងរាស្ត្រ ហើយលោកស្រីបានប្រើមុខតំណែងនេះ ដើម្បីការធ្វើកំណែទម្រង់ប្រទេស។ លោកស្រីបានបង្កើតទ្រឹស្ដី៖ «វាពិបាកមែន តែនេះជាឱកាសមួយ និជាជម្រើសមួយក្នុងការផ្លាស់ប្ដូរប្រទេសរបស់អ្នក»។
៨. លោកស្រី ស៊ីលវីយ៉ា អាគីឡឺរ៉ា (Sylvia Aguilera) ជាស្ត្រីឆ្នើមនៃប្រទេសម៉ិកស៊ិក
«អំពើហិង្សា គឺជាអាការៈនៃវិសមភាពដ៏ធ្ងន់ធ្ងរ នៅក្នុងសង្គមរបស់យើង»។
លោកស្រីនិយាយថា៖ «ក្នុងពេលជាង ៨ ឆ្នាំចុងក្រោយនេះ ប្រជាជនរាប់ពាន់នាក់ បានបាត់ខ្លួន»។ លោកស្រីថាខណៈនេះលោកស្រី កំពុងធ្វើការជាមួយគ្រួសារជនរងគ្រោះ ដើម្បីកែប្រែការឈឺ របស់ពួកគេទៅជាការផ្លាស់ប្ដូរដែលមានរចនាសម្ព័ន្ធ។ លោកស្រីលើកឡើង ការចែករំលែកបទពិសោធរបស់ពួកគេ គឺអំពីរបៀបស្វែងរកអ្នកជាទីស្រឡាញ់ម្នាក់ ដែលមិនត្រឹមតែសម្របសម្រួលចំពោះបុគ្គលម្នាក់ៗដែលរងគ្រោះនោះទេ។
លោកស្រី បានទទូចថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្នាក់លើចំពោះកិច្ចការមួយចំនួន គឺត្រូវធ្វើឱ្យប្រាកដថាច្បាប់ដែលតាក់តែងថ្មី ត្រូវបញ្ចប់នូវការបាត់ខ្លួន ដែលនេះជាការគោរពដល់ជនរងគ្រោះ។ លោកស្រីនិយាយថា៖ «វានឹងមិននាំអ្នកដែលបានបាត់ខ្លួននោះមកវិញទេ តែបើយើងរកឃើញថាមានអ្នកបាត់ខ្លួនម្នាក់ គឺពិតជាប្រសើរជាងយើងរកពួកគេមិនឃើញ»៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ inclusivesecurity.org