en     km
en     km

អង្គការ​លើក​ស្ទួយ​ស្ត្រី​ ចង់ឱ្យ​ស្ត្រី​ក្លាយជា​ថា្ន​ក់​ដឹកនាំ​ក្នុង​វិស័យ​នយោបាយ​

Share

ក្រុម​អង្គការ​លើក​ស្ទួយ​ស្ត្រី​ប្រារព្ធ​ទិវា​ ៨​ មិ​នា​ ទិវា​នារី​អន្តរជាតិ​លើក​ទី​ ១០៥​  ឆ្នាំ​នេះ​ ក្រោម​ប្រធានបទ​ “​ខ្ញុំ​បោះ​ឆ្នោត​ឱ្យ​ស្ដ្រី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ឆ្នាំ​២០១៧​ ដើម្បី​ការ​អភិវឌ្ឍ​ ប្រកបដោយ​ចីរភាព​”​។​ ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​នេះ​ ក្នុង​គោលបំណង​ជំរុញ​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​បោះ​ឆ្នោត​ឱ្យ​ស្ត្រី​ ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ឆ្នាំ​២០១៧​ និង​បង្កើន​ការ​យល​ដឹង​ពី​ភាព​ជា​ដឹកនាំ​របស់​ស្ត្រី​ជា​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ដើម្បី​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​សហគមន៍​ រួម​ត​ទាំង​រឹតចំណង​សាមគ្គីភាព​រវាង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី​។​

WMC-Logo-inside-the-textចម្រៀង​​មាន​ចំណងជើង​ថា​ «​ស្ត្រី​»​ ច្រៀង​ដោយ​យុវជន​ម្នាក់​ដែល​រៀបរាប់​ពី​ទឹកចិត្ត​ស្ត្រី​ជា​ម្តាយ​ខិតខំ​ព្យាយាម​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​តាំងពី​តូច​ក្រូចឆ្មារ​រហូត​ដល់​ធំ​ដឹងក្តី​។​ អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ បាន​រំឭក​ពី​ការ​តស៊ូ​របស់​ម្ដាយ​ដើម្បី​កូន​ ហើយ​ម្ដាយ​ចង់​ឃើញ​កូនស្រី​ធំ​ឡើង​ បាន​រៀន​ខ្ពង់ខ្ពស់​ មានការ​យល់​ដឹង​ និង​ធ្វើការ​មានមុខមាត់​ក្នុង​សង្គម​។​

ដើម្បី​លើកកម្ពស់​ស្ត្រី​ឱ្យ​ចាក​ផុត​ពី​ការ​រើសអើង​ក្នុង​សង្គម​  ហើយ​ទទួល​បាន​ចំណេះដឹង​ ខ្ពង់ខ្ពស់​  គឺ​ដូច​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ ក្រុម​អង្គការ​លើក​ស្ទួយ​ស្ត្រី​ប្រារព្ធ​ ទិវា​ ៨​ មិ​នា​ ជា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​ ១០៥​ ដោយ​មានការ​រៀបចំ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ស្តី​ពី​ ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​សហគមន៍​ និង​ផែនការ​សម្រាប់​យុទ្ធនាការ​បង្កើត​ចំនួន​ស្ត្រី​ក្នុង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​។​

ក្រៅពី​នេះ​ក្រុង​អង្គការ​ធ្វើការ​លើ​ការងារ​ស្ត្រី​ បាន​បង្ហាញ​អំពី​រូបថត​នៃ​ចលនា​ស្ត្រី​កម្ពុជា​នៅ​សតវត្សរ៍​ទី​២១​ និង​បង្ហាញ​វី​ឌី​អូ​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ស្ត្រី​ផង​ដែរ​។​ ក្រុម​អង្គការ​ធ្វើការ​ងារ​លើ​ស្ត្រី​បាន​លើក​ឡើង​ដូច​គ្នាៗ​ថា​ ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​តិចតួច​នៅឡើយ​ ហើយ​ពួក​គេ​ចង់​ឃើញ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការ​បោះ​ឆ្នោត​គាំ​ស្ត្រី​នៅ​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​នៅ​ឆ្នាំ​២១៧​។​ ពួក​គេ​យល់​ថា​ បញ្ហា​ស្ត្រី​ជា​ច្រើន​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ ក៏​ព្រោះតែ​ស្ត្រី​មិន​អាច​សម្រេច​ចិត្តបាន​ក្នុង​វិស័យ​នយោបាយ​។​

អ្នក​ស្រី​ សឹម​ សុខុម​ ជា​មេឃុំ​ស្រុក​ព្រៃឈរ​មក​ពី​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហ​គម​របស់​អ្នកស្រី​ បាន​ផ្តល់​ទំនុកចិត្ត​បោះ​ឆ្នោត​គាំ​អ្នកស្រី​ឱ្យធ្វើ​ជា​មេឃុំ​ ក៏​ព្រោះតែ​អ្នកស្រី​សកម្ម​ក្នុង​កិច្ច​ការងារ​ និង​តែងតែ​ដោះស្រាយ​បញ្ហា​ស្ត្រី​ជា​ចម្បង​ ហើយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​មេដឹកនាំ​ក្នុង​កិច្ចការ​សង្គម​គឺ​ស្ត្រី​គ្រប់​រូប​ត្រូវ​មានការ​អត់ធ្មត់​ និង​មាន​សមត្ថភាព​។​

អ្នកស្រី​ សុខុម​ ចង់ឱ្យ​ស្ត្រី​មាន​ចំនួន​កាន់តែ​ច្រើន​ទៀត​ បាន​ធ្វើ​ជា​អ្នកដឹកនាំ​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ​គឺ​ ដើម្បី​ដោះស្រាយ​បញ្ហា​ស្ត្រី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ថែម​មួយ​កម្រិត​ទៀត​។​ អ្នក​ស្ត្រី​ សឹម​ សុខុម​ លើក​ឡើង​ថា​៖​ «​ខ្ញុំ​ចង់បាន​ឱ្យ​ស្ត្រី​គ្នា​យើង​ ដើម្បី​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ឃុំ​ និយាយ​រួម​ថ្នាក់ដឹកនាំ​ពី​តូច​រហូត​ដល់​ធំ​ ព្រោះ​ការងារ​ក្នុង​ការ​ដោះស្រាយ​ជូន​ស្ត្រី​បាន​រលូន​ ហើយ​ស្ត្រី​ខ្លះ​មិន​អាច​និយាយ​ជាមួយ​បុរស​បាន​ទេ​ អ​ញ្ចឹ​ង​មាន​តែ​ស្ត្រី​គ្នា​យើង​ ជួយ​ស្ត្រី​គ្នា​យើង​»​។​

ដូច​គ្នា​នេះ​ដែរ​ យុវតី​ ស្តើង​ ភា​រ៉ុ​ង​ ដែល​មក​ចូលរួម​វេទិកា​នេះ​ កញ្ញា​ ចង់​ឃើញ​យុវតី​វ័យក្មេង​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​កាន់តែ​ច្រើន​ឡើង​ ដោយ​កញ្ញា​មើលឃើញ​ថា​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ​មាន​ចំនួន​តិចតួច​នៅឡើយ​។​ កញ្ញា​ បន្ត​ថា​ ការ​រឹតត្បិត​សេរីភាព​ ក្នុង​កា​រប​ញេ្ច​ញ​មតិ​ និង​បញ្ហា​ផ្នត់គំនិត​គ្រួ​សារបាន​រារាំង​យុវតី​វ័យក្មេង​មិន​ហ៊ាន​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​។​

កញ្ញា​ ស្តើង​ ភា​រ៉ុ​ង​ និយាយ​ថា​៖​ «​ខ្ញុំ​គិត​ថា​បញ្ហា​ស្ត្រី​ដែល​ជួប​ប្រទះ​ច្រើន​ណាស់​ ហេតុ​អ្វី​បានជា​មិន​អាច​ដោះស្រាយ​បាន​ ព្រោះ​ដោយសារ​ស្ត្រី​អត់​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​សម្រេច​ ប្រសិនបើ​ស្ត្រី​មាន​សំឡេង​ស្ត្រី​ក្នុង​ការ​ចូលរួម​សម្រេចចិត្ត​ អ​ញ្ចឹ​ង​ស្ត្រី​អាច​នឹង​ដោះស្រាយ​បញ្ហា​ស្ត្រី​បាន​»​។​ កញ្ញា​បាន​លើក​ឡើង​ទៀត​ថា​ យុវតី​វ័យក្មេង​ត្រូវ​តែ​ពង្រឹង​ចំណេះដឹង​ ចំនាញ​ និង​សមត្ថភាព​ ដើម្បី​អាច​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ក្នុង​ដោះស្រាយ​បញ្ហា​ស្ត្រី​ខ្លួនឯង​ផ្ទាល់​។​

លោក ម៉ម សម្បត្តិ
លោក ម៉ម សម្បត្តិ

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍ​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ និង​ជា​អនុប្រធាន​ គណៈកម្មាធិការ​ដឹកនាំ​នៃ​ គ​.​ស​.​ន​ លោក​ ម៉​ម​ សម្បត្តិ​ បាន​លើក​ឡើង​ថា​ ស្ត្រី​មាន​ជាង​៥២%​ ជា​កម្លាំង​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ បាន​រាំងស្ទះ​ក្នុង​ការ​ក្លាយជា​អ្នកនយោបាយ​ ដោយសារ​ដំណើរការ​ឈរឈ្មោះ​ជា​បេក្ខភាព​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បេក្ខជន​ និង​លំដាប់​លេខ​រៀង​សម្រាប់​ឈរឈ្មោះ​។​

លោក​បន្ត​ថា​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ បញ្ហា​វប្បធម៌​បិតា​ធិ​ប​តេ​យ្យ​ វប្បធម៌​សង្គម​ និង​បន្ទុក​ការងារ​ផ្ទះ​ធ្លាក់​ទៅ​លើ​ស្ត្រី​ ក៏​បាន​រារាំង​ស្ត្រី​មិន​អាច​ក្លាយជា​អ្នកនយោបាយ​បាន​ផង​ដែរ​។​ ទោះបី​យ៉ាង​ក៏​ដោយ​លោក​ រំពឹង​ថា​  ការ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​ស្ត្រី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ នៅ​ឆ្នាំ​២០១៧​ ខាង​មុន​នេះ​ នឹង​មានការ​កើនឡើង​។​

លោក​ ម៉​ម​ សម្បត្តិ​ និយាយ​ថា​៖​ «​ចំណេះដឹង​ ឧបសគ្គ​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​បញ្ហា​ ដែល​ធ្វើ​ឱ្យ​បុរស​នៅ​តែ​ធ្វើ​ជា​អ្នកធ្វើការ​សម្រេចចិត្ត​ខ្ពស់​ និង​បញ្ហា​ស្ត្រី​មិន​ត្រូវ​បាន​យក​មក​ដោះស្រាយ​បាន​ពេញលេញ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​»​។

លោកស្រី​ ធី​ដា​ ឃឹះ​
លោកស្រី​ ធី​ដា​ ឃឹះ​

ចំណែក​នាយ​កា​ប្រតិបត្តិ​អង្គការ​សីល​ការ​ អ្នកស្រី​ ធីតា​ ឃឹះ​ មាន​ប្រសាសន៍​ថា​ បានជា​ក្រុម​អង្គការ​ធ្វើការ​លើ​ស្ត្រី​យក​ប្រធានបទ​នេះ​ គឺ​ដើម្បី​ជំរុញ​គណបក្ស​នយោបាយ​ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ទទួលយក​គោលដៅ​អភិវឌ្ឍ​ប្រកប​ចីរភាព​សម្រាប់​ឆ្នាំ​ ២០៣០​ ត្រូវ​បញ្ចូល​ស្ត្រី​ទៅ​ក្នុង​វិស័យ​នយោបាយ​ឱ្យ​បាន​ ៥០​ និង​ ៥០​ ដើម្បី​ឱ្យ​ស្ត្រី​ធ្វើ​សម្រេចចិត្ត​មាន​តុល្យភាព​ជាមួយ​បុរស​។​ អ្នកស្រី​និយាយ​ថា​៖​ «​ស្ត្រី​យកចិត្តទុកដាក់​ច្រើន​ទៅ​លើ​សង្គមកិច្ច​ទៅ​លើក​រឿង​កូនចៅ​ រឿង​អប់រំ​ ដែល​ចេញពី​ក្នុង​ចិត្ត​របស់​ស្ត្រី​សម្រាប់​ជួយ​ប្រទេស​ជាតិ​សង្គម​ និង​គ្រួសារ​»​។​

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ ថេ​ ឈុ​ន​ហាក់​ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សមភាព​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ នៃ​ក្រសួង​កិច្ចការ​នារី​ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​ និង​កំពុង​ឱ្យ​តម្លៃ​ទៅ​លើ​ស្ត្រី​នៅ​ក្នុង​វិស័យ​និ​យោ​បាយ​ រួម​ទាំង​សុខុមាលភាព​ស្ត្រី​ និង​សុវត្ថិភាព​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គេ​ផង​ដែរ​។​

The-Chhunhak (by Thou Vireak)លោក​ ថេ​ ឈុ​ន​ហាក់​ មាន​ប្រសាសន៍​ថា​៖​ «​ក្នុង​នាម​ជា​ខ្ញុំ​ជា​បុរស​ ខ្ញុំ​និយាយ​ជា​ផ្ទាល់ខ្លួន​ ខ្ញុំ​អាច​និយាយ​បាន​ថា​បុរស​កម្ពុជា​សំណាង​ជា​បុរស​ផ្សេង​ទៀត​ ទោះបីជា​ស្ត្រី​ គាត់​ចូលរួម​ក្នុង​វិស័យ​នយោបាយ​ ក្នុង​វិស័យ​ប្រាក់​ចំណូល​ផ្សេងៗ​ក៏​ដោយ​ តែ​ខ្ញុំ​មិន​ជឿ​ថា​ស្ត្រី​ទាំងអស់​ ឬ​ក៏​ស្ត្រី​ភាគច្រើន​ឱ្យ​បុរស​ចែករំលែក​ការងារ​ផ្ទះ​ស្មើគ្នា​ជាមួយ​គាត់​ដែរ​ ប៉ុន្តែ​បុរស​ត្រូវ​តែ​ចែក​សំណាង​រំលែក​ទៅ​ឱ្យ​ស្ត្រី​ ទៅ​ឱ្យ​សមាជិក​យើង​វិញ​ មាន​ន័យ​អ​ញ្ចឹ​ង​បាទ​»​។​

ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​ ប្រារ​ព្វ​ទិវា​សិទ្ធិ​នារី​ ៨​ មីនា​ នៅ​ឆ្នាំ​នេះ​ ប្រមុខ​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ បាន​ដាក់ចុះ​ដំណោះស្រាយ​ ៥​ ចំណុច​ ដែល​ជា​គ​ន្លឺះ​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​គោលនយោបាយ​សម្រាប់​ស្ត្រី​កម្ពុជា​។​

សម្ដេច​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ដូចនេះ​ថា​៖​ សំឡេង​ សម្ដេច ​ហ៊ុន ​សែន​។

តែ​បែប​នេះ​ក្ដី​ គេ​សង្កេត​ឃើញ​ស្ត្រី​ខ្មែរ​ភាគច្រើន​ចេញ​មុខ​ ដើម្បី​ការពារ​អត្ថប្រយោជន៍​សហគមន៍​របស់​ពួក​គេ​កាន់តែ​មាន​ចំនួន​កើនឡើង​ ហើយ​ជា​ពិសេស​ស្ត្រី​ទាំងនោះ​តវ៉ា​ឱ្យ​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ​ ករណី​របស់​ពួក​គេ​ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​អ្នកមាន​អំណាច​ និង​លុយកាក់​។​ ក្រៅពី​នេះ​ គេ​សង្កេត​ឃើញ​ស្ត្រី​ខ្មែរ​ទាំង​វ័យ​ជំទង់​ និង​វ័យ​ចំណាស់​ ក៍បាន​ក្លាយជា​សម​កម្ម​ជន​យ៉ាង​សកម្ម​ និង​អ្នកខ្លះ​ជា​តំណាង​របស់​សហគមន៍​ទៀត​ផង​។​ ប៉ុន្តែ​ នៅ​តែ​មាន​ចំនួន​តិច​ជាង​បុរស​ បើ​និយាយ​ពី​តំណាង​នៅ​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​។​

​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ប​ច្ចុ​ប្ប​នេះ​មាន​ចំនួន​ស្ត្រី​តែ​ជាង​ ២​ ពាន់​នាក់​ ស្មើនឹង​ ១៧.៧៨%​ នៅ​ក្នុង​ចំណោម​ស្ត្រី​ជាង​ ១១៤00​ នាក់​ កាលពី​ឆ្នាំ​ ២០១៤​ ហើយ​ស្ត្រី​មាន​ចំនួន​តិច​តូច​ក្នុង​មុខ​តំណែង​ជា​មេឃុំ​ ចៅសង្កាត់​មាន​ចំនួន​ ៥.៨១%​ ស្ត្រី​ជា​ជំ​នប់​ទី​១​ មាន​ចំនួន​ ១១.៥៧%​ និង​ជំ​នប់​ទី​២​ មាន​ ១០.០៤%​។​ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​របស់​ គណៈកម្មាធិការ​លើក​ស្ទួយ​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង