ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមីនា នេះ គឺជាថ្ងៃទិវានារីអន្តរជាតិ គ្រប់ប្រទេសនៅទូទាំងពិភពលោក តែងតែប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជាក៏បានចូលរួមប្រារព្ធទិវានេះផងដែរ។ ជាក់ស្តែងនៅព្រឹកនេះ ប្រជាសហគមន៍រងគ្រោះដីធ្លី និងសង្គមស៊ីវិល ដែលភាគច្រើនជាស្ត្រី បានមូលផ្តុំគ្នានៅមុខក្រសួងកិច្ចការនារី ប្រមាណ ៣០០ នាក់ ដើម្បីជិះកង់អបអរសាទរទិវានារីអន្តរជាតិ៨មីនា ។ ប៉ុន្តែគម្រោងជិះកង់របស់ក្រុមស្ត្រី ត្រូវបរាជ័យ ដោយសារអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យរារាំងមិនឱ្យពួកគេជិះកង់នោះទេ ដោយលើកហេតុផលថា សាលារាជធានីភ្នំពេញមិនអនុញ្ញាត។
ទន្ទឹមនឹងនេះ ក្រុមស្ត្រីបានអះអាងថា ពួកគេបានជូនដំណឹងទៅសាលារាជធានីភ្នំពេញពីគម្រោងការជិះកង់ នៅថ្ងៃទី៨ មីនា នេះ ចាប់ពីក្រសួងកិច្ចការនារី ឆ្ពោះទៅរដ្ឋសភារួចហើយ ប៉ុន្តែពួកគេបញ្ជាក់ថា មិនបានស្នើសុំនោះទេ គ្រាន់តែជាការជូនដំណឹងប៉ុណ្ណោះ។ ចំពោះការរារាំងនេះ អាជ្ញាធរបញ្ជាក់ថា សាលាក្រុងមិនអនុញ្ញាត ដោយសារតែបារម្ភពីសន្តិសុខសណ្នាប់ធ្នាប់ ជាពិសេសបញ្ហាកកស្ទះចរាចរណ៍។
សូមបញ្ជាក់ថា ការជួបជុំជិះកង់របស់ក្រុមស្ត្រីនេះ គឺដើម្បីហែរក្បួនពីក្រសួងកិច្ចការនារី ឆ្ពោះទៅមន្ទីររដ្ឋសភាជាតិ ក្នុងគោលបំណងដាក់ញត្តិផ្សព្វផ្សាយជាសាធារណដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនៅកម្ពុជា៕