en     km
en     km

អាជ្ញាធរ​ខណ្ឌមានជ័យ​រារាំង​ស្ត្រី​មិន​ឱ្យ​ជិះ​កង់​ អបអរសាទរ​ទិវា​នារី​អន្តរជាតិ​ ៨​ មីនា​ នៅ​ព្រឹក​ថ្ងៃនេះ​

Share

cover-cycling-on-8-March
ភ្នំពេញ៖  ​នៅ​ថ្ងៃ​ទី​០៨​ ខែមីនា​ នេះ​ គឺជា​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​ គ្រប់​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក​ តែងតែ​ប្រារព្ធ​ទិវា​នេះ​ជា​រៀង​រាល់​ឆ្នាំ​។​ ទន្ទឹម​នឹង​នេះ​ ប្រទេស​កម្ពុជា​ក៏​បាន​ចូលរួម​ប្រារព្ធ​ទិវា​នេះ​ផង​ដែរ​។​ ជាក់ស្តែង​នៅ​ព្រឹក​នេះ​ ប្រជា​សហគមន៍​រង​គ្រោះ​ដីធ្លី​ និង​សង្គម​ស៊ី​វិល​ ដែល​ភាគច្រើន​ជា​ស្ត្រី​ បាន​មូល​ផ្តុំ​គ្នា​នៅ​មុខក្រសួង​កិច្ចការ​នារី​ ប្រមាណ​ ៣០០​ នាក់​ ដើម្បី​ជិះ​កង់​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​៨​មីនា​ ។​ ប៉ុន្តែ​គម្រោង​ជិះ​កង់​របស់​ក្រុម​ស្ត្រី​ ត្រូវ​បរាជ័យ​ ដោយសារ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌមានជ័យ​រារាំង​មិន​ឱ្យ​ពួក​គេ​ជិះ​កង់​នោះ​ទេ​ ដោយ​លើក​ហេតុផល​ថា​ សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​។​

​ទន្ទឹម​នឹង​នេះ​ ក្រុម​ស្ត្រី​បាន​អះអាង​ថា​ ពួក​គេ​បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ពី​គម្រោងការ​ជិះ​កង់​ នៅ​ថ្ងៃ​ទី​៨​ មីនា​ នេះ​ ចាប់ពី​ក្រសួង​កិច្ចការ​នារី​ ឆ្ពោះទៅ​រដ្ឋសភា​រួច​ហើយ​ ប៉ុន្តែ​ពួក​គេ​បញ្ជាក់​ថា​ មិន​បាន​ស្នើ​សុំ​នោះ​ទេ​ គ្រាន់តែ​ជា​ការ​ជូនដំណឹង​ប៉ុណ្ណោះ​។​ ចំពោះ​ការ​រារាំង​នេះ​ អាជ្ញាធរ​បញ្ជាក់​ថា​ សាលាក្រុង​មិន​អនុញ្ញាត​ ដោយសារ​តែ​បារម្ភ​ពី​សន្តិសុខ​ស​ណ្នា​ប់​ធ្នាប់​ ជា​ពិសេស​បញ្ហា​កកស្ទះ​ចរាចរណ៍​។​

​សូម​បញ្ជាក់​ថា​ ការ​ជួបជុំ​ជិះ​កង់​របស់​ក្រុម​ស្ត្រី​នេះ​ គឺ​ដើម្បី​ហែរ​ក្បួន​ពី​ក្រសួង​កិច្ចការ​នារី​ ឆ្ពោះទៅ​មន្ទីរ​រដ្ឋសភា​ជាតិ​ ក្នុង​គោលបំណង​ដាក់​ញត្តិ​ផ្សព្វផ្សាយ​ជា​សាធារណ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា​៕

Share

Image
Image
Image