ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងបង្កើនប្រាក់បៀវត្សជូនភរិយា និងកូនៗរបស់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅឆ្នាំ២០១៧ ខាងមុខនេះ។ ការប្រកាស ដំឡើងប្រាក់ បៀវត្សជូនភរិយារួមទាំងកូនៗរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីពលរដ្ឋមួយចំនួនឱ្យគិតគូរពីបញ្ហានេះ ដើម្បីបង្កើនជីវភាពមន្ត្រីរាជការ និងកាត់បន្ថយអំពើពុករលួយក្នុងស្ថាប័នរដ្ឋ។
នៅក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨ មីនា ខួប ១០៥ ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីលោកបានទទួលសំណូមពរពីក្មេងស្រីម្នាក់នៅលើទំព័រហ្វេសប៊ុករបស់លោកភ្លាម សម្តេចក៏បានទាក់ទងទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រីមុខងារសាធារណៈ ដើម្បីពិភាក្សា ទៅលើបញ្ហានេះ។
សម្តេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំចង់និយាយបញ្ហាមួយដែលយប់មិញ មានការចូលផ្ដល់មតិរបស់ប្រហែលជាក្មួយស្រីម្នាក់ (ខ្ញុំមិនបានមើល Profile នោះទេ) ទាក់ទិននឹងបញ្ហាបៀវត្សរបស់ភរិយាមន្ដ្រីរាជការ ខ្ញុំចាប់អារម្មណ៍ ហើយអរគុណណាស់ ជាមួយហ្នឹងការផ្ដល់មតិនេះ ហើយខ្ញុំក៏បានឆ្លើយតបជាមួយហ្នឹងការចូលទៅក្នុងនោះដែរ…»។