រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តស្ត្រីទាំងអស់ឱ្យមានភាពក្លាហានក្នុងការតស៊ូមតិ និងជំរុញឱ្យស្ត្រីពង្រឹងសមត្ថភាពការងារបន្ថែមទៀត។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារនេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី១០៥ នៃទិវាស្ត្រីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ “វិនិយោគលើសមភាពយេនឌ័រ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព” នាព្រឹកថ្ងៃចន្ទនេះ នៅសាលក្រសួងការងារ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទូចឱ្យស្ត្រីទាំងអស់មានភាពក្លាហានក្នុងការតស៊ូមតិ និងលើកទឹកចិត្តស្ត្រីឱ្យបង្កើនសម្ថតភាពក្នុងវិស័យការងារ ដោយស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានលើកឡើងទៀតថា ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ បើមិនមានការចូលរួមយ៉ាងពេញទំហឹងពីស្ត្រីទេនោះ សង្គមយើងនឹងមិនទទួលបានការរីកចម្រើនដូចអ្វីដែលយើងចង់បាននោះឡើយ។
លោកបានបន្តថា គ្រប់ក្រសួងទាំងអស់ត្រូវមានការលើកទឹកចិត្តដល់ស្ត្រីដែលកំពុងបម្រើការងារនៅក្នុងជួរដ្ឋាភិបាល និងនៅស្ថាប័នផ្សេងៗទៀត ហើយសង្គមត្រូវតែផ្តល់តម្លៃឱ្យស្ត្រីទាំងអស់។ ជាងនេះទៀតនោះស្ត្រីខ្លួនឯងក៏ត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានការរីកចម្រើនផងដែរ។
«កត្តាសំខាន់ត្រូវលើកទឹកចិត្តពីអង្គភាពពីថ្នាក់ដឹកនាំពីស្ថាប័ន តែអី្វដែលជាកត្តាកំណត់ជោគជ័យ ឬមិនជោគជ័យគឺខ្លួនឯង ហើយខ្លួនឯងត្រូវតែពូកែ ត្រូវខ្លាំង ត្រូវតែក្លាហាន ត្រូវមានសមត្ថភាពពិតប្រាកដ អានេះជាសមភាពយេនឌ័ររបស់យើង នេះមែនឬមិនមែន»។
ដូចគ្នានោះដែរ អ្នកស្រី ទុង សុភាព អគ្គនាយរង នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានមានប្រសាសន៏ថា ក្រសួងបានបង្កើតក្រុមការងារយេនឌ័រ តាមវិទ្យាស្ថាន មជ្ឈណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីនិងខេត្ត រួចហើយ។
អ្នកស្រីបានបន្តថា ដើម្បីលើកកម្ពស់ក្នុងការចូលរួម ទាំងស្ត្រីទាំងបុរស ក្រសួងបានអនុវត្តផែនការយុទ្ធសាស្ត្រចំនួន ៣ ក្នុងការបញ្ជ្រាបយេនឌ័រ។ យុទ្ធសាស្ត្រទាំងនោះរួមមាន៖ ទី១ លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យការងារ និងទី៣ លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។
លើសពីនេះអ្នកស្រីថា លទ្ធផលដែលសម្រេចបានគិតមកដល់ឆ្នាំ២០១៥ បានបង្កើនឱកាសការងារសមស្រប និងការងារដែលមានប្រាក់កម្រៃទាំងក្នុង និងក្រៅស្រុកដល់ស្ត្រីនៅតាមជនបទ ឬតាមរយៈការផ្សព្វផ្សាយព័ត៌មាន ទីផ្សារការងារ សេវាពិគ្រោះយោបល់ តម្រង់់ទិសវិជ្ជាជីវៈដល់ស្ត្រីនៅលើទីផ្សាពលកម្ម និងផ្តល់កាលានុវត្តភាពដល់មន្ត្រីជានារីក្នុងក្រសួងនានានៅគ្រប់លំដាប់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទន្ទឹមគ្នានោះដែរ អ្នកស្រីបានប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងារឱ្យមានភាពរីកចម្រើនតទៅទៀត។ លោកស្រី៖ «ប្តេជ្ញាខិតខំរៀន សូត្របង្កើនសមត្ថភាពវិជ្ជាជីវៈ និងហ៊ានចូលរួមក្នុងសេចក្តីសម្រេច ប្តេជ្ញាខិតខំឱ្យអស់ពីកម្លាំងកាយ តស៊ូគ្រប់ឧបសគ្គប្រកបដោយទឹកចិត្តមោះមុត ភក្តីភាព និងសីលធម៌វិជ្ជាជីវៈខ្ពស់»៕