សេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា នៅពេលឆាប់ៗនេះ ស្ថាប័ននេះនឹងជ្រើសរើសមន្ត្រីរបស់ខ្លួនបន្ថែមចំនួនជាង ៤ ០០០ សម្រាប់ឆ្នាំ ២០១៦ ដែលចំនួននរគបាល បច្ចុប្បន្នមានជាង ៥០ ០០០នាក់។ មេដឹកនាំអង្គការ និងអ្នកវិភាគសង្គមជាស្ត្រី បានយល់ឃើញប្រហាក់ប្រហែលគ្នាថា ការដែរទុកឱកាសឱ្យស្ដ្រីបានចូលរួមច្រើនក្នុងការងារសាធារណៈ គឺជាផ្នែកមួយនៃការលើកស្ទួយស្ដ្រីក្នុងជួរដ្ឋាភិបាល។ ព័ត៌មាននេះរាយការណ៍ដោយកញ្ញា ជុំ ជោគជាតា ៖
អង្គការសង្គមស៊ីវិល និងអ្នកវិភាគ ដែលធ្វើការពាក់ព័ន្ធនឹងការងារស្ដ្រី បានសាទរអគ្គស្នងការនគរបាលជាតិដែលផ្ដួចផ្ដើមឱ្យស្ដ្រីចូលបម្រើការងារនៅក្នុងស្ថាប័ននគរបាលមានចំនួនច្រើនដោយពួកគាត់យល់ឃើញថា ជាឱកាសមួយលើកកម្ពស់សិទ្ធិស្ត្រីក្នុងសង្គម និងមុខងារកងកម្លាំងប្រដាប់អាវុធ។
ប្រធានអង្គការលីការដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រី នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦ នេះថា ការប្រកាសជ្រើសរើសស្ដ្រីឱ្យចូលបំពេញការងារក្នុងជួរនគរបាលជាតិ គឺជារឿងល្អ ដែលលោកស្រីថា ជាគំនិតបើកចំហសិទ្ធិស្ត្រីក្នុងវិស័យ កងប្រដាប់អាវុធ និងនគរបាលយុត្តិធម៌។
លោកស្រី ពុង ឈីវហ្គេច ៖ «ចា៎! ខ្ញុំ ថាជាការល្អហើយ សង្គមស៊ីវិលយើងតែងតែខំលើកថា យើងចង់ឃើញនគរបាលឱ្យមាននគរបាលស្ដ្រីជាច្រើន ហេតុអ្វី? ព្រោះអីមានករណីច្រើន ដែលប៉ះពាល់អំពើហិង្សា ជាច្រើន ដែលមានការរំលោភសេពសន្ថវៈទៅលើស្ដ្រី និងកុមារី .…»។
លោក ស្រី ពុង ឈីវកេក បានលើកឡើងបែបនេះ ព្រោះលោកស្រីជឿថា នៅពេលដែលមាន អំពើហិង្សា ការរំលោភសេពសន្ថវៈ និងការជួញដូរ កើតឡើងទៅលើស្ដ្រី និងកុមារី គឺ នគរបាលជាស្ដ្រី ដែលជាអ្នកបំរើប្រយោជន៍ប្រជាពលរដ្ឋ អាចយល់ពីបញ្ហា និងសុខទុក្ខរបស់ពលរដ្ឋ និងស្ដ្រីបានល្អប្រសើរជាងនរគបាលជាបុរស។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ស្រី ជា វណ្ណាត អ្នកវិភាគបញ្ហាសង្គមលើកឡើងថាជាការគួរឱ្យសាទរ ដែលស្នងការនគរបាលជាតិប្រឹងប្រែងបញ្ចូលស្ដ្រីឱ្យកាន់តែខិតជិតគ្នា និងចំនួនបុរសនៅក្នុងវស័យរដ្ឋាភិបាលបែបនេះ។
តែជាមួយគ្នានេះលោកស្រី សំណូមពរឱ្យអគ្គស្នងការនគរបាលជាតិថា កម្លាំងនគរបាលស្ដ្រីដែលនគរបាលជាតិនឹងជ្រើសរើសឱ្យចូលបំពេញការងារនៅក្នុងអង្គភាពនីមួយៗ នៅអគ្គស្នងការនគរបាលជាតិខាងមុខនេះ គួរតែផ្ដោតលើគុណភាព សមត្ថភាព ច្រើនជាងបរិមាណ។
លោកស្រី ជា វណ្ណាត ៖ «សង្ឃឹមថានៅក្នុងការជ្រើសរើសនគរបាលចូលហ្នឹង សង្ឃឹមថា ជ្រើសរើសអ្នកណាដែលមានសមត្ថភាពគ្រប់គ្រាន់ ហើយមានឥរិយាបថ និងអត្តចរិត សមជាអ្នកបំរើប្រជាពលរដ្ឋ បានន័យថា តាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនតាំងខ្លួនជាអ្នកមកត្រួតត្រា មិនមែនជាអ្នកការពារ ទៅជាអ្នកនាំជាបញ្ហាឱ្យកើតមានឡើងទៅវិញ»។
គួរបញ្ជាក់ដែរថា បើតាមការឱ្យដឹងពីលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួនស្ដ្រីដែលបានធ្វើការនៅក្នុងអគ្គស្នងការនគរបាលជាតិ បច្ចុប្បន្នមានជាង៣០០០ នាក់ គឺស្មើជាង ៥% នៃចំនួនសរុប នគរបាលជាតិ ៥៦០០ នាក់៕