en     km
en     km

ក្រសួងសុខាភិបាល​ ហាម​មិន​ឱ្យ​មានការ​បើកចំហ​ការ​លក់​ផលិត​ថ្នាំជក់​ឬ​បារី​

Share

cover-Ministry-of-Health-bans-for-public-cigarette-sale
​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ មាន​ ១៣​ ជំពូក​ និង​ ៤៩​ មាត្រា​ ត្រូវ​បាន​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ទទួលស្គាល់​ដោយ​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​មុនី​ កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ដែល​ច្បាប់​នេះ​នៅ​ត្រង់​មាត្រា​មួយ​ចំនួន​មានការ​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​ ទាក់ទង​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បារី​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ក៏​ដោយ​។​

​ច្បាប់​នេះ​ មានការ​ដាក់ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ទៅ​លើ​ក្រុមហ៊ុន​ រួម​ទាំង​ហាម​ប្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល​បារី​គ្រប់​ទម្រង់​ដោយ​ផ្ទាល់​ និង​មិន​ផ្ទាល់​ផង​ដែរ​។​ ការ​លើក​ឡើង​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្រសួងសុខាភិបាល​ នា​ព្រឹក​ថ្ងៃ​០៧​ ខែ​មិ​នា​នេះ​។​ ចំណែក​សង្គម​ស៊ី​វិល​ចង់ឱ្យ​រដ្ឋាភិបាល​ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​បារី​ទាំងស្រុង​គ្រប់​ទំ​រង​តែ​ម្តង​។​
​លោក​ ធូ​ វិ​វៈ​ លម្អិត​ព័ត៌មាន​នេះ​ ៖

​ក្រសួងសុខាភិបាល​មាន​វិធានការ​ក្តៅ​ចំពោះ​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​ឬ​បារី​ដោយ​ មិន​ឱ្យ​មានការ​បើកចំហ​ការ​លក់​ផលិត​បារី​ជា​សារ​ធារ​ណៈ​ឡើយ​។​ ការ​ថ្លែង​ព្រមាន​របស់​មន្ត្រី​ក្រសួងសុខាភិបាល​ ធ្វើ​ឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​មួយ​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៧​ មិ​នា​នេះ​។​

​លោកស្រី​ វេជ្ជបណ្ឌិត​ ឈា​ ឆដាភា​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​ នៃ​ក្រសួងសុខាភិបាល​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​ថា​ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នេះ​ មាន​លក្ខណៈ​តឹងតែង​ជាង​មុន​ និង​ហាមឃាត់​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ទាំងស្រុង​។​ លោកស្រី​បន្ត​ថា​ ចាបពី​ពេល​នេះ​តទៅ​និង​ការ​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់​ដែល​ល្មើស​នឹង​ច្បាប់​នេះ​។​

អ្នកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
អ្នកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

អ្នកស្រី​ វេជ្ជបណ្ឌិត​ ឈា​ ឆដាភា​ និយាយ​ថា​៖​ «​កិច្ចប្រជុំ​ថ្ងៃនេះ​ ក្នុង​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ និង​អ្នក​សារព័ត៌មាន​ ឱ្យ​ដឹង​ពី​ទម្រង់​ប្រភេទ​ផ្សាយពាណិជ្ជកម្ម​ ហើយ​យើង​ធ្វើ​ដូច​ម្ត៉េ​ច​ចូលរួម​ទាំងអស់​ ដើម្បី​ទប់ស្កាត់​ការ​ផ្សាយពាណិជ្ជកម្ម​ ដូច​ពី​មុន​មាន​អនុក្រឹត្យ​ហើយ​ ហេតុ​អ្វី​នៅ​តែ​មានការ​ផ្សាយពាណិជ្ជកម្ម​បារី​ទៀត​ ដូច្នេះ​យើង​សង្ឃឹមថា​ កាត់​បន្ថយ​ឱ្យ​កាន់តែ​តិច​ទៅៗ​»​។​

​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ការ​ផ្សព្វផ្សាយ​លក់​ផ​លិ​ផល​ថ្នាំជក់​ មាន​ន័យ​ថា​ ធ្វើ​គមនាគមន៍​ពាណិជ្ជកម្ម​គ្រប់​រូបភាព​ អនុសាសន៍​ ឬ​សកម្មភាព​ដែល​មាន​គោលបំណង​អានុភាព​លើ​ ឬ​អាច​មាន​អានុភាព​លើ​ការ​ផ្សព្វផ្សាយ​លក់​ផ​លិ​ផល​ថ្នាំជក់​មួយ​ ឬ​ការ​ប្រើប្រាស់​ថ្នាំជក់​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ទាំងនេះ​ គេ​រាប់​ជា​ផ្នែក​មួយ​ដែល​ត្រូវ​ហាម​គាត់​ដែរ​។​

​មាត្រា​ ១១​ ចែង​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ ចែង​ថា​ទម្រង់​នៃ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​រួម​មាន​ រូបភាព​ ឬ​អក្សរ​ សំឡេង​តាម​វិទ្យុ​ ទូរទស្សន៍​ សារព័ត៌មាន​ ទស្សនាវដ្តី​ ស៊ី​ឌី​ វី​ស៊ី​ឌី​ ឌី​វី​ឌី​ ផ្ទាំង​រូបភាព​ ផ្ទាំង​ប៉ាណូ​ ផ្ទាំង​បដា​ ផ្ទាំងគំនូរ​ ឬ​បណ្ណ​ផ្សព្វផ្សាយ​ រូបភាព​ចល័ត​នៅ​លើ​ជញ្ជាំង​ រថយន្ត​ និង​យាន្ត​ជំនិះ​ ត្រូវ​បាន​ហាត​ឃាត់​។​

​ត្រង់​មាត្រា​ ១១​ នេះ​ ក៏​បាន​ហាមឃាត់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ ដល់​សាធារណជន​នៅ​តាម​ទីកន្លែង​សាធារណៈ​ ដូច​ជា​កម្មវិធី​ប្រគុំ​តន្ត្រី​ ឬ​កម្មវិធី​កីឡា​ និង​កម្មវិធី​ផ្សេងៗ​មួយ​ចំនួន​ទៀត​ រួម​ទាំង​កា​រលើ​កម្ពស់​ ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​ដល់​អតិថិជន​ដោយ​ផ្ទា​ស់​ ឬ​ប្រយោល​ តាម​រយៈ​ភ្នាក់ងារ​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​ក៏​ដោយ​។​
​ជុំវិញ​បញ្ហា​នេះ​ប្រធាន​អង្គការ​ចលនា​សុខភាព​កម្ពុជា​ លោក​ វេជ្ជបណ្ឌិត​ មុំ​ គង់​ បាន​លើក​ឡើង​នៅ​កិច្ចប្រជុំ​ នា​ព្រឹក​មិ​ញ​នេះ​ថា​ ទោះបីជា​រាជរដ្ឋាភិបាល​បាន​ចេញ​ក្រឹត្យ​តាំង​ឆ្នាំ​ ២០១១​ រហូត​ទល់​ពេល​នេះ​ គឺ​លោក​សង្កេត​ឃើញ​ថា​ នៅ​តែ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​យ៉ាង​ព្រោងព្រាត​ទូ​ទាំង​ប្រទេស​ផង​ដែរ​។​

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាសុខភាពកម្ពុជា
លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាសុខភាពកម្ពុជា

ប៉ុន្តែ​លោក​ សង្ឃឹមថា​ បន្ទាប់​ពី​មានច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នេះ​គឺ​ការ​ទប់ស្កាត់​ និង​ហាមឃាត់​ទាំង​ស្រុក​អាច​មាន​ប្រសិទ្ធភាព​។​ លោក​ វេជ្ជបណ្ឌិត​ មុំ​ គង់​ និយាយ​ថា​៖​ «​ថវិកា​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ អត់​បាន​ថយ​ចុះ​ទេ​ ប្រ​សិប​បើ​អត់​បាន​ហាមឃាត់​ទាំងស្រុង​ អ​ញ្ចឹ​ង​បានជា​កំណត់​នៅ​ក្នុង​គោល​ការ​ណែនាំ​សម្រាប់​អនុវត្តន៍​មាត្រា​ ១៣​ បាន​ចែង​ច្បាស់​ថា​ ហើយ​ចំណុច​នេះ​ប្រទេស​យើង​ក៏​ចូលរួម​អនុម័ត​ជាមួយ​សមាជិក​ប្រទេស​ជា​អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ផង​ដែរ​ ហើយ​ការ​ផ្សាយពាណិជ្ជកម្ម​ទាល់តែ​ទាំងស្រុង​ ទើប​មាន​ប្រសិទ្ធិ​ភាព​ បើ​ហាម​ខ្លះ​ ទុក​ខ្លះ​ អត់​មាន​ប្រសិទ្ធិ​ភាព​ទេ​ ពីព្រោះ​ថា​ក្រុមហ៊ុន​និង​ចំណាយ​លុយ​ពី​ផ្ទាល់​ មក​មិន​ផ្ទាល់​វិញ​ដដែល​»​។​

​ថ្មីៗ​នេះ​  គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​អនុក្រឹត្យ​ស្តី​ពី​ វិធានការ​ការ​ហាម​ជក់បារី​ ឬ​ការ​បង្ហុយផ្សែង​បារី​  និង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​នៅ​កន្លែង​សាធារណៈ​។​ បើ​តាម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ ចែង​ថា​ជន​ណា​ដែល​បាន​ជក់បារី​នៅ​កន្លែងធ្វើការ​ ឬ​នៅ​កន្លែង​សាធារណៈ​ និង​ត្រូវ​ទទួល​ពិន័យ​អន្តរកាល​ គឺ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​ ២​ ម៉ឺន​រៀល​។​ ចំណែក​ម្ចាស់​ហាង​ដែល​មិន​បាន​បិទ​ស្លាក​សញ្ញា​ គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​ ៥​ ម៉ឺន​រៀល​ផង​ដែរ​។​

​បច្ចុប្បន្ន​នេះ​ ក្នុង​ប្រទេស​ ៧៧​ នៅ​លើ​ពិភពលោក​ មាន​សារ​ព្រមាន​សុខភាព​ធំៗ​នៅ​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​។ ប្រជាពលរដ្ឋ​ ៦​ លាន​នាក់​ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ នៅ​លើ​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​មិន​ជក់បារី​ ៦​ សែន​នាក់​ ដែល​អ្នក​ទាំងនោះ​បាន​ស្រូប​ផ្សែង​បារី​ពី​គេ​។​ ដោយឡែក​ ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ ៣០​ នាក់​ក្នុង​មួយ​ថ្ងៃៗ​ បាន​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​ដែល​បង្ក​ដោយ​ការ​ជក់បារី​៕​

Share

Image
Image
Image