ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ មាន ១៣ ជំពូក និង ៤៩ មាត្រា ត្រូវបានឡាយព្រះហស្ថលេខាទទួលស្គាល់ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ដែលច្បាប់នេះនៅត្រង់មាត្រាមួយចំនួនមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើក្រុមហ៊ុនផលិតផលថ្នាំជក់ ទាក់ទងទៅនឹងការផ្សព្វផ្សាយពាណិជ្ជកម្មបារីដោយផ្ទាល់ និងដោយប្រយោលក៏ដោយ។
ច្បាប់នេះ មានការដាក់ទោសទណ្ឌធ្ងន់ធ្ងរទៅលើក្រុមហ៊ុន រួមទាំងហាមប្រាប់ការផ្សព្វផ្សាយផលិតផលបារីគ្រប់ទម្រង់ដោយផ្ទាល់ និងមិនផ្ទាល់ផងដែរ។ ការលើកឡើងនេះ នៅក្នុងកិច្ចប្រជុំមួយនៅក្រសួងសុខាភិបាល នាព្រឹកថ្ងៃ០៧ ខែមិនានេះ។ ចំណែកសង្គមស៊ីវិលចង់ឱ្យរដ្ឋាភិបាលហាមឃាត់ការផ្សាយពាណិជ្ជកម្មបារីទាំងស្រុងគ្រប់ទំរងតែម្តង។
លោក ធូ វិវៈ លម្អិតព័ត៌មាននេះ ៖
ក្រសួងសុខាភិបាលមានវិធានការក្តៅចំពោះក្រុមហ៊ុនផលិតផលថ្នាំជក់ឬបារីដោយ មិនឱ្យមានការបើកចំហការលក់ផលិតបារីជាសារធារណៈឡើយ។ ការថ្លែងព្រមានរបស់មន្ត្រីក្រសួងសុខាភិបាល ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយមួយ កាលពីព្រឹកថ្ងៃចន្ទទី៧ មិនានេះ។
លោកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នៃក្រសួងសុខាភិបាលមានប្រសាសន៍ប្រាប់អ្នកកាសែតថា ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នេះ មានលក្ខណៈតឹងតែងជាងមុន និងហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ទាំងស្រុង។ លោកស្រីបន្តថា ចាបពីពេលនេះតទៅនិងការផាកពិន័យយ៉ាងធ្ងន់ធ្ងរចំពោះក្រុមហ៊ុនថ្នាំជក់ទាំងអស់ដែលល្មើសនឹងច្បាប់នេះ។
អ្នកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា និយាយថា៖ «កិច្ចប្រជុំថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងទៅអាជ្ញាធរពាក់ព័ន្ធ និងអ្នកសារព័ត៌មាន ឱ្យដឹងពីទម្រង់ប្រភេទផ្សាយពាណិជ្ជកម្ម ហើយយើងធ្វើដូចម្ត៉េចចូលរួមទាំងអស់ ដើម្បីទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម ដូចពីមុនមានអនុក្រឹត្យហើយ ហេតុអ្វីនៅតែមានការផ្សាយពាណិជ្ជកម្មបារីទៀត ដូច្នេះយើងសង្ឃឹមថា កាត់បន្ថយឱ្យកាន់តែតិចទៅៗ»។
ការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ផលិផលថ្នាំជក់ មានន័យថា ធ្វើគមនាគមន៍ពាណិជ្ជកម្មគ្រប់រូបភាព អនុសាសន៍ ឬសកម្មភាពដែលមានគោលបំណងអានុភាពលើ ឬអាចមានអានុភាពលើការផ្សព្វផ្សាយលក់ផលិផលថ្នាំជក់មួយ ឬការប្រើប្រាស់ថ្នាំជក់ដោយផ្ទាល់ និងដោយប្រយោលទាំងនេះ គេរាប់ជាផ្នែកមួយដែលត្រូវហាមគាត់ដែរ។
មាត្រា ១១ ចែងនៃច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ចែងថាទម្រង់នៃការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់រួមមាន រូបភាព ឬអក្សរ សំឡេងតាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្តី ស៊ីឌី វីស៊ីឌី ឌីវីឌី ផ្ទាំងរូបភាព ផ្ទាំងប៉ាណូ ផ្ទាំងបដា ផ្ទាំងគំនូរ ឬបណ្ណផ្សព្វផ្សាយ រូបភាពចល័តនៅលើជញ្ជាំង រថយន្ត និងយាន្តជំនិះ ត្រូវបានហាតឃាត់។
ត្រង់មាត្រា ១១ នេះ ក៏បានហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ដល់សាធារណជននៅតាមទីកន្លែងសាធារណៈ ដូចជាកម្មវិធីប្រគុំតន្ត្រី ឬកម្មវិធីកីឡា និងកម្មវិធីផ្សេងៗមួយចំនួនទៀត រួមទាំងការលើកម្ពស់ ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ដល់អតិថិជនដោយផ្ទាស់ ឬប្រយោល តាមរយៈភ្នាក់ងារក្រុមហ៊ុនផលិតថ្នាំជក់ក៏ដោយ។
ជុំវិញបញ្ហានេះប្រធានអង្គការចលនាសុខភាពកម្ពុជា លោក វេជ្ជបណ្ឌិត មុំ គង់ បានលើកឡើងនៅកិច្ចប្រជុំ នាព្រឹកមិញនេះថា ទោះបីជារាជរដ្ឋាភិបាលបានចេញក្រឹត្យតាំងឆ្នាំ ២០១១ រហូតទល់ពេលនេះ គឺលោកសង្កេតឃើញថា នៅតែមានការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់យ៉ាងព្រោងព្រាតទូទាំងប្រទេសផងដែរ។
ប៉ុន្តែលោក សង្ឃឹមថា បន្ទាប់ពីមានច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នេះគឺការទប់ស្កាត់ និងហាមឃាត់ទាំងស្រុកអាចមានប្រសិទ្ធភាព។ លោក វេជ្ជបណ្ឌិត មុំ គង់ និយាយថា៖ «ថវិកាសម្រាប់ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន អត់បានថយចុះទេ ប្រសិបបើអត់បានហាមឃាត់ទាំងស្រុង អញ្ចឹងបានជាកំណត់នៅក្នុងគោលការណែនាំសម្រាប់អនុវត្តន៍មាត្រា ១៣ បានចែងច្បាស់ថា ហើយចំណុចនេះប្រទេសយើងក៏ចូលរួមអនុម័តជាមួយសមាជិកប្រទេសជាអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ផងដែរ ហើយការផ្សាយពាណិជ្ជកម្មទាល់តែទាំងស្រុង ទើបមានប្រសិទ្ធិភាព បើហាមខ្លះ ទុកខ្លះ អត់មានប្រសិទ្ធិភាពទេ ពីព្រោះថាក្រុមហ៊ុននិងចំណាយលុយពីផ្ទាល់ មកមិនផ្ទាល់វិញដដែល»។
ថ្មីៗនេះ គណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តអនុក្រឹត្យស្តីពី វិធានការការហាមជក់បារី ឬការបង្ហុយផ្សែងបារី និងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬនៅកន្លែងសាធារណៈ។ បើតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ចែងថាជនណាដែលបានជក់បារីនៅកន្លែងធ្វើការ ឬនៅកន្លែងសាធារណៈ និងត្រូវទទួលពិន័យអន្តរកាល គឺផាកពិន័យជាប្រាក់ចំនួន ២ ម៉ឺនរៀល។ ចំណែកម្ចាស់ហាងដែលមិនបានបិទស្លាកសញ្ញា គឺត្រូវពិន័យជាប្រាក់ចំនួន ៥ ម៉ឺនរៀលផងដែរ។
បច្ចុប្បន្ននេះ ក្នុងប្រទេស ៧៧ នៅលើពិភពលោក មានសារព្រមានសុខភាពធំៗនៅលើកញ្ចប់ផលិតផលថ្នាំជក់។ ប្រជាពលរដ្ឋ ៦ លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ នៅលើពិភពលោក ក្នុងនោះមានអ្នកមិនជក់បារី ៦ សែននាក់ ដែលអ្នកទាំងនោះបានស្រូបផ្សែងបារីពីគេ។ ដោយឡែក ប្រទេសកម្ពុជា ប្រជាពលរដ្ឋ ៣០ នាក់ក្នុងមួយថ្ងៃៗ បានស្លាប់បណ្តាលមកពីជំងឺដែលបង្កដោយការជក់បារី៕