ភ្នំពេញ៖ ពលរដ្ឋសហគមន៍ផ្លូវរថភ្លើងចំនួន ៨ ដែលមានគ្នាប្រមាណជា ១០០ នាក់ នៅព្រឹកថ្ងៃទី៧ មីនានេះ បានធ្វើការប្រមូលផ្តុំនៅខាងមុខក្រសួងសាធារណការ និងផដឹងជញ្ជូន ក្នុងគោលបំណងចង់ដឹងថា ក្រសួងនឹងអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿននៅពេលណា ហើយក្រសួងនឹងដោះស្រាយសំណងនៃផលប៉ះពាល់ដោយរបៀបណា រួមទាំងស្នើឱ្យក្រសួងបើកវេទិកាសាធារណៈផង។
ចំណែកក្រសួងក៏ព្រមទទួលយកសំណើរបស់ក្រុមប្រជាពលរដ្ឋ ដែលស្នើឱ្យក្រសួងបើកវេទិកាសាធារណៈផងដែរ។ លម្អិតព័ត៌មាន ដោយកញ្ញា ប៉ូ សាគុន ៖
បន្ទាប់ពីមានការពិភាក្សាគ្នាជិតមួយម៉ោង រវាងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងសហគមន៍ផ្លូវដែកចំនួន ១៥ នាក់រួចមក មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន ដែលជារដ្ឋលេខាធិការក្រសួងនេះ បានយល់ព្រមតាមសំណើរបស់សហគមន៍ទាំង ៨ ហើយ។
លោក លឹម ស៊ីដេនីន បញ្ជាក់នៅក្នុងកិច្ចពិភាក្សាថា ក្រសួងនឹងបើកឱ្យមានវេទិកាសាធារណៈ រៀងរាល់ពីសប្តាហ៍ម្តង ដើម្បីផ្តល់ដំណឹងដល់ប្រជាសហគមន៍ទាំង ៨ ដែលរស់នៅអមសងខាងផ្លូវដែក ឱ្យដឹងព័ត៌មានពីដំណើការនៃការអភិវឌ្ឍ និងផ្ដល់ឱកាសដល់ពលរដ្ឋបានប្រាប់ពីកង្វល់ ព្រមទាំងពីអ្វីដែលសហគមន៍ចង់បាន។
តំណាងសហគមន៍ភូមិ ១៧ លោក នូ សារិន ប្រាប់ពីគោលបំណងដែលសហគមន៍ទាំង ៨ មកក្រសួងសាធារណការនៅថ្ងៃនេះថា សហគមន៍ផ្លូវដែកទាំង ៨ មានគោលបំណង ចង់ដឹងថា តើក្រសួងនឹងអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿននៅពេលណា ហើយដោះស្រាយសំណងនៃផលប៉ះពាល់ដោយរបៀបណា។ លោកបន្តថា អ្វីដែលសំខាន់បំផុតនោះ គឺសហគមន៍ចង់ឱ្យក្រសួងបើកវេទិកាសាធារណៈ ជួបជាមួយប្រជាពលរដ្ឋដើម្បីរកដំណោះស្រាយមុនពេលអភិវឌ្ឍន៍។
ចំណែកតំណាងសហគមន៍មួយរូបទៀត អ្នកស្រី មាស ស្រីមុំ បានលើកឡើងនៅក្នុងកិច្ចពិភាក្សានេះថា អ្នកស្រីព្រួយបារម្មណ៍ខ្លាចពលរដ្ឋសហគមន៍ផ្លូវដែក មានវាសនាដូចសហគមន៍បឹងកក់ បុរីកីឡា និងដីក្រហម ទើបសហគមន៍ផ្លូវរថភ្លើងទាំងអស់មានការព្រួយបារម្មណ៍ខ្លាំង ហើយសុំឱ្យក្រសួងផ្ដល់ដំណឹងដល់ពួកគាត់ឱ្យបានលឿននិងជាក់លាក់។
បើតាមលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា លោកមិនទាន់ដឹងពីការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនត្រូវចាប់ផ្តើមពេលណាឱ្យប្រាកដនៅឡើយនោះទេ។ ដោយលោកលើកហេតុផលថា ក្រសួងនៅមិនទាន់ជ្រើសរើសក្រុមហ៊ុន ដែលនឹងត្រូវទទួលការសាងសងផ្លូវរថភ្លើងល្បឿនលឿនបាននៅឡើយទេ។
លោក លឹម ស៊ីដេនីន បានបញ្ជាក់ទៀតថា ក្រុមហ៊ុនដែលក្រសួងកំពុងពិចារណាក្នុងការផ្តល់សិទ្ធិឱ្យអភិវឌ្ឍមានបីក្រុមហ៊ុន។ ប៉ុន្តែក្រសួងមិនទាន់បញ្ជាក់ថា ក្រុមហ៊ុនណាមួយ ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍នេះនៅឡើយ។
សូមបញ្ញាក់ថា នេះជាលើកទី ៤ ហើយ ដែលសហគមន៍ទាំង ៨ រស់នៅតាមបណ្តោយផ្លូវរថភ្លើងធ្វើការតវ៉ានៅមុខក្រសួងសាធារណការ និងដឹកជញ្ជូននេះ។ សហគមន៍ទាំង ៨ នេះ រួមមាន៖ សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍រួមចិត្តតែមួយ សហគមន៍ទួលសង្កែបី សហគមន៍២ សហគមន៍ភូមិ១៧ សហគមន៍ភូមិ២៣ សហគមន៍ភូមិ១០៤ និងសហគមន៍ភូមិ១០៥៕