en     km
en     km

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ព្រម​ទទួល​សំណើ​របស់​ សហគមន៍​ផ្លូវដែក​ទាំង​ ៨

Share

cover-raitway-community
ភ្នំពេញ៖ ​ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ចំនួន​ ៨​ ដែល​មាន​គ្នា​ប្រមាណ​ជា​ ១០០​ នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ មីនា​នេះ​ បាន​ធ្វើការ​ប្រមូលផ្តុំ​នៅ​ខាង​មុខក្រសួង​សាធារណការ​ និង​ផ​ដឹង​ជញ្ជូន​ ក្នុង​គោលបំណង​ចង់​ដឹង​ថា​ ក្រសួង​នឹង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​ពេល​ណា​ ហើយ​ក្រសួង​នឹង​ដោះស្រាយ​សំណង​នៃ​ផល​ប៉ះពាល់​ដោយ​របៀប​ណា​ រួម​ទាំង​ស្នើ​ឱ្យ​ក្រសួង​បើក​វេទិកាសាធារណៈ​ផង​។​

​ចំណែក​ក្រសួង​ក៏​ព្រម​ទទួលយក​សំណើ​របស់​ក្រុម​ប្រជាពលរដ្ឋ​ ដែល​ស្នើ​ឱ្យ​ក្រសួង​បើក​វេទិកាសាធារណៈ​ផង​ដែរ​។​ លម្អិត​ព័ត៌មាន​ ដោយ​កញ្ញា​ ប៉ូ​ សា​គុន​ ៖

​បន្ទាប់​ពី​មានការ​ពិភាក្សា​គ្នា​ជិត​មួយ​ម៉ោង​ រវាង​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ជាមួយ​តំណាង​សហគមន៍​ផ្លូវដែក​ចំនួន​ ១៥​ នាក់​រួច​មក​ មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ លឹ​ម​ ស៊ី​ដេ​នី​ន​ ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​នេះ​ បាន​យល់ព្រម​តាម​សំណើ​របស់​សហគមន៍​ទាំង​ ៨​ ហើយ​។​

​លោក​ លឹ​ម​ ស៊ី​ដេ​នី​ន​ បញ្ជាក់​នៅ​ក្នុង​កិច្ច​ពិភាក្សា​ថា​ ក្រសួង​នឹង​បើក​ឱ្យ​មាន​វេទិកាសាធារណៈ​ រៀង​រាល់​ពី​ស​ប្តា​ហ៍ម្ត​ង​ ដើម្បី​ផ្តល់​ដំណឹង​ដល់​ប្រជា​សហគមន៍​ទាំង​ ៨​ ដែល​រស់នៅ​អម​សងខាង​ផ្លូវដែក​ ឱ្យ​ដឹង​ព័ត៌មាន​ពី​ដំណើ​ការ​នៃ​ការ​អភិវឌ្ឍ​ និង​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​បាន​ប្រាប់​ពី​កង្វល់​ ព្រមទាំង​ពី​អ្វី​ដែល​សហគមន៍​ចង់បាន​។​

តំណាង​សហគមន៍​ភូមិ​ ១៧​ លោក​ នូ​ សា​រិ​ន​ ប្រាប់​ពី​គោលបំណង​ដែល​សហគមន៍​ទាំង​ ៨​ មក​ក្រសួង​សាធារណការ​នៅ​ថ្ងៃនេះ​ថា​ សហគមន៍​ផ្លូវដែក​ទាំង​ ៨​ មាន​គោលបំណង​ ចង់​ដឹង​ថា​ តើ​ក្រសួង​នឹង​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​ពេល​ណា​ ហើយ​ដោះស្រាយ​សំណង​នៃ​ផល​ប៉ះពាល់​ដោយ​របៀប​ណា​។​ លោក​បន្ត​ថា​ អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​សហគមន៍​ចង់ឱ្យ​ក្រសួង​បើក​វេទិកាសាធារណៈ​ ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​រក​ដំណោះស្រាយ​មុន​ពេល​អភិវឌ្ឍន៍​។​

​ចំណែក​តំណាង​សហគមន៍​មួយ​រូប​ទៀត​ អ្នកស្រី​ មាស​ ស្រី​មុំ​ បាន​លើក​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ថា​ អ្នកស្រី​ព្រួយ​បារ​ម្ម​ណ៍​ខ្លាច​ពលរដ្ឋ​សហគមន៍​ផ្លូវដែក​ មាន​វាសនា​ដូច​សហគមន៍​បឹង​កក់​ បុរី​កីឡា​ និង​ដីក្រហម​  ទើប​សហគមន៍​ផ្លូវ​រថភ្លើង​ទាំងអស់​មានការ​ព្រួយ​បារ​ម្ម​ណ៍​ខ្លាំង​ ហើយ​សុំ​ឱ្យ​ក្រសួង​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់​ឱ្យ​បាន​លឿន​និង​ជាក់លាក់​។​

​បើ​តាម​លោក​ លឹ​ម​ ស៊ី​ដេ​នី​ន​ រដ្ឋលេខាធិការ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​លើក​ឡើង​ថា​ លោក​មិន​ទាន់​ដឹង​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ត្រូវ​ចាប់ផ្តើម​ពេល​ណា​ឱ្យ​ប្រាកដ​នៅឡើយ​នោះ​ទេ​។​  ដោយ​លោក​លើក​ហេតុផល​ថា​ ក្រសួង​នៅ​មិន​ទាន់​ជ្រើសរើស​ក្រុមហ៊ុន​ ដែល​នឹង​ត្រូវ​ទទួល​ការ​សាងសង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​បាន​នៅឡើយ​ទេ​។​

​លោក​ លឹ​ម​ ស៊ី​ដេ​នី​ន​ បាន​បញ្ជាក់​ទៀត​ថា​ ក្រុមហ៊ុន​ដែល​ក្រសួង​កំពុង​ពិចារណា​ក្នុង​ការ​ផ្តល់​សិទ្ធិ​ឱ្យ​អភិវឌ្ឍ​មាន​បី​ក្រុមហ៊ុន​។​ ប៉ុន្តែ​ក្រសួង​មិន​ទាន់​បញ្ជាក់​ថា​ ក្រុមហ៊ុន​ណាមួយ​ ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នេះ​នៅឡើយ​។​

​សូម​បញ្ញា​ក់ថា​  នេះ​ជា​លើក​ទី​ ៤​ ហើយ​ ដែល​សហគមន៍​ទាំង​ ៨​ រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ធ្វើការ​តវ៉ា​នៅ​មុខក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នេះ​។​ សហគមន៍​ទាំង​ ៨​ នេះ​ រួម​មាន​៖​ សហគមន៍​អភិវឌ្ឍន៍​ថ្មី​ សហគមន៍​រួមចិត្ត​តែ​មួយ​ សហគមន៍​ទួល​សង្កែ​បី​ សហគមន៍​២​  សហគមន៍​ភូមិ​១៧​ សហគមន៍​ភូមិ​២៣​  សហគមន៍​ភូមិ​១០៤​ និង​សហគមន៍​ភូមិ​១០៥៕

Share

Image
Image
Image